ភ្នំពេញ៖ លោក គង់ សុធារិទ្ធ ដែលជាតារាចម្រៀងធ្លាប់បានសាងប្រជាប្រិយភាព កាលពីប៉ុន្មានឆ្នាំមុន ដោយចាប់ដៃគូជាមួយតារាចម្រៀង កែវ ច័ន្ទសម្ផស្ស ទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈបទ “តាមបង” ។ ប៉ុន្មានឆ្នាំមកនេះ គេមិនឃើញវត្តមានតារារូបនេះបង្ហាញខ្លួននៅតាមការប្រគំតន្ត្រី ឬឡើងច្រៀងនៅតាមបណ្តាស្ថានីយទូរទស្សន៍ណាមួយឡើយ។ ជួបសម្ភាសជាមួយ “ThmeyThmey” លោកបានប្រាប់ថា ដោយសារជាប់រវល់ការងារក្នុងស្ថាប័នរដ្ឋ ដូច្នេះក៏មិនបានបង្ហាញមុខក្នុងវិស័យសិល្បៈឡើយ។
អតីតជ័យលាភីចម្រៀងសម័យលេខមួយ ក្នុងកម្មវិធីពន្លកតារា លោក គង់ សុធារិទ្ធ ដែលមហាជនជាច្រើនបានស្គាល់ទឹកដមសំឡេងរបស់លោកយូរឆ្នាំមកហើយ តាមរយៈបទ “ស្ទឹងស្នេហ៍កម្សត់” , “ផ្ដើមពីលេខសូន្យ ” ជាដើម.. ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យក្នុងពេលដែលលោកនៅជាតារាចម្រៀងប្រចាំផលិតកម្ម នាគមាស និងផលិតកម្មឆ្លងដែន។ គេនៅចាំបានថា លោក គង់ សុធារិទ្ធ ល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន ដោយសារបានចាប់ដៃគូជាមួយតារាចម្រៀង កែវ ច័ន្ទសម្ផស្ស តាមរយៈបទ“តាមបង។
រហូតមកដល់ពេលនេះ គង់ សុធារិទ្ធ ហាក់ដូចជាមិនមានបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បៈ ឬក្នុងការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ណាមួយឡើយ។ ជួបសម្ភាសជាមួយ “ThmeyThmey” លោកបានប្រាប់ថា ដោយសារជាប់រវល់ការងារក្នុងស្ថាប័នរដ្ឋ ដូច្នេះក៏មិនបានបង្ហាញមុខនៅតាមបណ្តាការប្រគំតន្ត្រីណាមួយទេ “ការពិតទៅ ខ្ញុំគឺជាមន្ត្រីក្នុងស្ថាប័នរដ្ឋ បម្រើការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានតួនាទីជាអនុប្រធានការិយាល័យសហប្រតិបត្តិការវប្បធម៌អន្តរជាតិ នៃនាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ដែលខ្ញុំចូលបំរើការងារនេះ ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ” ។
កន្លងមក គង់ សុធារិទ្ធ ក៏ធ្លាប់បានចេញបេសកកម្មជាផ្លូវការក្នុងនាមជាអ្នកនាំសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញក្នុងពិធីធំៗក្នុងឆាកអន្តរជាតិ តាមបណ្ដាប្រទេសមួយចំនួនដូចជា ឡាវ ថៃ ប្រ៊ុយណេ ឥណ្ឌូណេស៊ី និងចេញទៅសម្តែងតាមរយៈការធានាពីម្ចាស់ឧបត្ថម្ភកម្មវិធីទៅក្រៅប្រទេសផងដែរ ដូចជា ប្រទេសអូស្ត្រាលី និង ប្រទេសញ៉ូហ្សើឡែន។ លោកបានប្រាប់ទៀតថា នៅអំឡុងខែសីហា ឆ្នាំ២០១២ ខាងមុខនេះ លោកមានគម្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរយៈពេល១ខែផងដែរ។ បើទោះជាឆ្នាំនេះ មានវ័យ៣១ឆ្នាំហើយក៏ដោយ គង់ សុធារិទ្ធ នៅតែនិយាយថា មិនទាន់គិតគូរកភរិយានៅឡើយទេ ចង់ពង្រឹងការងារឲ្យមានលំនឹងសម្រាប់ខ្លួនឯងសិន ចាំពីរបីឆ្នាំទៀតរកប្រពន្ធ ក៏មិនជាយូរប៉ុន្មានដែរ៕


Source : thmeythmey