ភ្នំពេញ៖ ការភ្លាត់ខ្លួនស្លៀកពាក់សិចស៊ីជ្រុលដូចតារាអឺរ៉ុប បានបណ្តាលឲ្យតារាចម្រៀង និងសម្តែងដើមទ្រូងខ្នាតអន្តរជាតិ ឆៃ លីដាឡែន ទទួលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន រហូតធ្វើឲ្យនាងបាត់ឱកាសក្នុងការឡើងច្រៀងលើឆាកតន្ត្រីទូរទស្សន៍ និងធ្វើឱ្យគេសន្និដ្ឋានថា នាងអាចធ្លាក់ចុះកេរ្តិ៍ឈ្មោះទៀតផង។ ប៉ុន្តែ ឥឡូវនេះ តារាសិចស៊ីសម្បូរសាច់ដើមទ្រូងរូបនេះប្រាប់ថា នាងនឹងប្តូរស្ទីលសម្តែងហើយ ដោយងាកមកស្លៀកពាក់បែបបុរាណវិញ នៅពេលចេញទៅសម្តែងនៅជប៉ុនខាងមុខនេះ។
ក្នុងដំណើរចេញច្រៀងរាំរែករកប្រាក់ នៅលើទឹកដីអាមេរិក កាលពី ចុងឆ្នាំ២០១១ ឆៃ លីដាឡែន បានបញ្ចេញភាពសិចស៊ីជ្រុល ដែលធ្វើឲ្យនាងទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជន។ រហូតមកដល់ពេលនេះ នាងមិនទាន់មានឱកាសឡើងលើឆាកតន្ត្រីទូរទស្សន៍នៅឡើយទេ។ បើទោះបីនាងគ្មានសកម្មភាពក្នុងស្រុក តែនាងមានទីផ្សារកក្រើក ទៅឯបរទេស។ ជាក់ស្តែង នៅថ្ងៃទី០៧ សីហា ខាងមុខ នេះ នាងនឹងចេញទៅសម្តែងនៅប្រទេសជប៉ុនចំនួន៣សប្តាហ៍ ជាមួយលោក រតនៈ វិសិដ្ឋ និងតារាមួយចំនួនទៀត។
ជួបសម្ភាសជាមួយគេហទំព័រ “ថ្មី” ឆៃ លីដាឡែន បានបង្ហាញពីគោលជំហរថា “នាងខ្ញុំអត់ភ័យខ្លាចធ្លាក់កូដនោះទេ បើទោះបីជាពេលនេះ ខ្ញុំនៅមិនទាន់អាចលេចមុខតាមឆាកតន្ត្រីណាមួយក្តី។ នាងបន្តថា “ការពិត ក៏មានស្ថានីយទូរទស្សន៍២ អញ្ជើញខ្ញុំឱ្យឡើងច្រៀង និងសម្ភាសន៍ដែរ គឺប៉ុស្តិ៍លេខ១១ និងប៉ុស្តិ៍លេខ៥ ប៉ុន្តែ ក្រោយពេលខ្ញុំត្រឡប់មកពីសម្តែងនៅអូស្ត្រាលីវិញ ខ្ញុំមានជំងឺផ្តាសាយធំ និងរលាកបំពង់ក ដូច្នេះ ខ្ញុំត្រូវពន្យារពេលឡើងប៉ុស្តិ៍ មួយរយៈទៀតសិន។ ម្យ៉ាង ក៏ចង់ឱ្យរឿងហ្នឹងស្ងប់ស្ងាត់បន្តិចទៀតដែរ ទើបបង្ហាញមុខជាថ្មី។
តារាដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ បញ្ជាក់ថា នាងទៅជប៉ុន លើកនេះ បានហាត់សមបទចម្រៀងសម័យពីដើម និងត្រៀមសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ជាច្រើនកំប្លេ ពោលគឺមិនហ៊ានស្លៀកពាក់សិចស៊ី រហូតមានការរិះគន់ ជាលើកទី២ នោះទេ ដ្បិតអីកំហុសអចេតនា នៅលើទឹកដីអាមេរិក ជាមេរៀនជីវិត ដែលនាងមិនអាចបំភ្លេចបាន។
ឆៃ លីដាឡែន នៅបាននិយាយថា បើទស្សនិកជន នៅតែគាំទ្រ និងផ្តល់កម្លាំងចិត្ត នាងនៅតែប្រឡូកក្នុងវិស័យសិល្បៈ ដើម្បីបង្កើនភាពសប្បាយរីករាយដល់ទស្សនិកជន ហើយម្យ៉ាងទៀត សិល្បៈ គឺជាត្រួយជីវិតរបស់នាង ទើបមិនចង់ឃ្លាតឆ្ងាយមួយជំហានណាឡើយ៕