ក្រុងកូឡុំប៊ីៈ តើខុសទេគ្រាន់តែស្រែកអបអរកូន ទទួលសញ្ញាបត្រក៏ត្រូវប៉ូលិសវ៉ៃខ្នោះ ដែរនោះ? ស្រ្តីជាម្តាយរស់នៅតំបន់សៅខារ៉ូលីណាម្នាក់និយាយថា គាត់ខ្មាសគេខ្លាំងណាស់ពេលត្រូវគេចាប់ខ្លួនដោយសារតែគាត់ បាន ស្រែកអបអរសាទរឮៗដល់កូនស្រី នៅថ្ងៃទទួលសញ្ញាបត្រ បញ្ចប់ការសិក្សានៅវិទ្យាល័យ កាលពីសប្តាហ៍មុននៅតំបន់ហ្លរ៉ង់។ តែប៉ូលិសនៅទីនោះ និយាយថា នាង សានណុន កូពែរ បានស្រែកឮៗបង្កឲ្យខូចសណ្តាប់ធ្នាប់នៅឱកាសនោះ។ ជាពិសេស នាងបានស្រែកខ្លាំង នៅពេលកូនស្រីខ្លួន នាងគ្រីស្ទីន ឡេសា កូពែរ ដើរទៅទទួលសញ្ញាបត្រលើវេទិកា កាលពីថ្ងៃទី២ ខែមិថុនានោះ។ សានណុន កូពែរ ត្រូវចាប់ឃុំខ្លួនប៉ុន្មានម៉ោងនៅមណ្ឌលកែប្រែហ្លរ៉ង់ខោនធី ឌីធិនសិន លុះត្រាតែមានប្រាក់ធានាចំនួន២២៥ ដុល្លារទើបអាចរួចខ្លួន៕
- ប្រភព ភ្នំពេញប៉ុស្តិ៍