ភ្នំពេញ: ជាងពីរឆ្នាំប៉ុណ្ណោះដែលនាយពែរមី ប្រឡូកក្នុងវិស័យសិល្បៈ តែនាយដណ្ដើមបានការគាំទ្រពីទូរទស្សនិកជនទូទាំងប្រទេស។ ទន្ទឹមនឹងភាពល្បីហក់ឡើងលឿននោះ ក៏លេចឮនូវការរិះគន់ខ្លះៗពីមិត្តភក្ដិនិងមហាជនថានាយពែរមីចាប់ផ្តើមដំឡើងឫក។

ក្រោយក្លាយជាតារាកំប្លែងស្ថានីយទូរទស្សន៍ CTN នាយត្រូវគេជ្រើសរើសធ្វើជាប្រធានក្រុមកំប្លែង តែការដឹកនាំសម្ដែងនិងនិពន្ធជាស្នាដៃលោកសុវណ្ណឫទ្ធី ហៅវិចទ័រ ធ្វើឲ្យមានឈ្មោះបោះសំឡេង ល្បីឆាប់រហ័ស និងរកចំណូលបានច្រើនពីអាជីពជាអ្នកកំប្លែង។
តាមព័ត៌មានរបស់ទស្សនាវដ្ដីក្នុងស្រុកមួយនិយាយថា ទន្ទឹមនឹងកេរ្ដិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក៏មានលេចឮពាក្យខ្សិបខ្សៀវរិះគន់ពីអតីតមិត្តភក្ដិនិងទស្សនិកជនមួយចំនួនថា នាយពែរមីឥឡូវមិនដូចពីមុនទេ។ នាយពែរមីឥឡូវល្បី លែងស្គាល់មិត្តភក្ដិ ហើយហាក់វាយឫក...។
ទាក់ទិននឹងការរិះគន់នេះ នាយពែរមី បានប្រាប់ទស្សនាវដ្តីថា " ដំបូងខ្ញុំសូមទោសដល់ទស្សនិកជន ក៏ដូចជាមិត្តភក្ដិខ្ញុំទាំងអស់ផងដែរ! តាមពិតខ្ញុំពែរមី មិនមានការវាយឫកឆ្មើងឆ្មៃអ្វីនោះទេ ព្រោះកាលពីមុនគឺខ្ញុំទំនេរច្រើន...។នៅពេលខ្ញុំក្លាយជាអ្នកកំប្លែងនិងជាបុក្គលិក CTN ទើបខ្ញុំលែងមានពេលជួបជាមួយមិត្តដូចមុនៗទៀត... ឲ្យខ្ញុំសូមទោសផង!"...។
នាយពែរមី មានឈ្មោះដើម ចែម ចាន់តារា ក្លាយជាអ្នកកំប្លែងក្រោយប្រឡងជាប់ឆ្នាំ២០០៩-២០១០ នៅស្ថានីយទូរទស្សន៍ CTN ៕
Source : cen