ភ្នំពេញៈ តារាចម្រៀង សុខ-ពិសី បានសម្ងំរស់នៅយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ដោយមិនរវល់ ខ្វល់នឹងការចុះផ្សាយរបស់សារព័ត៌មានណាមួយឡើយ តែក្រោយពីភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «សុខ ពិសី កំពុងមានផ្ទៃពោះ៤ខែ?» ស្រាប់តែតារារូបនេះចេញមុខមកបកស្រាយនៅលើបណ្តាញហ្វេសប៊ុកតាម រយៈវីដេអូឃ្លីប ដោយនាងបានបដិសេធថា នាងមិនមានផ្ទៃពោះដូចការលើកឡើងនោះឡើយ។
ប៉ុន្តែទោះបីជា មាន ការបកស្រាយបែបនោះក្តី ក៏ប្រិយមិត្តទស្សនិកជនមិនទាន់ជឿជាក់១០០ភាគរយនៅឡើយ ដោយហេតុថា វីដេអូឃ្លីបរបស់សុខ ពិសី បានបង្ហាញយ៉ាងច្បាស់ថា ពោះរបស់នាងមានលក្ខណៈធំចម្លែកជាងសព្វដង ដែលធម្មតាពោះរបស់នាងតូចស្វិតនោះ។
ក្នុងឈុតរ៉ូបពណ៌ត្រួយ ចេក ខ្ចីបែបអ្នកមានផ្ទៃពោះ សុខ ពិសី បាននិយាយនៅក្នុងវីដេអូខ្លីបដែលអះអាងកំពុងស្ថិតនៅប្រទេស សិង្ហបុរីថា៖«ជម្រាបសួរបងៗសារព័ត៌មាន ក៏ដូចជាទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្ររូបនាងខ្ញុំ សុខ ពិសី ... ថ្ងៃនេះខ្ញុំចង់បង្ហាញពីការពិត ខ្ញុំអត់ចង់ឲ្យទស្សនិកជន ក៏ដូចជាបងៗសារព័ត៌មានមួយចំនួន មានការយល់ច្រឡំមកលើរូបនាងខ្ញុំទេ... តាមពិតទៅខ្ញុំបានទទួលដំណឹងថា មានសារព័ត៌មានក្នុងស្រុកមួយ គាត់បានចុះថា នាងខ្ញុំមានផ្ទៃពោះ...»។
ដោយលើកដៃទាំងពីរ អង្អែលក្បាលពោះ សុខ ពិសី បានសង្កត់ធ្ងន់ថា៖«... គឺនាងខ្ញុំចង់បញ្ជាក់ថា នាងខ្ញុំអត់មានផ្ទៃពោះអីទេ...ដូចឃើញហើយ»។
តារាចម្រៀងរបស់ ផលិតកម្មសាន់ដេរូបនេះបានបន្តថា៖«នាងខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលឮព័ត៌មាននេះ ហើយសូមជម្រាបឲ្យច្បាស់ៗថា នាងខ្ញុំពុំមានផ្ទៃពោះដូចជាការយល់ច្រឡំនោះទេ ហើយសង្ឃឹមថាចាប់ពីពេលនេះតទៅ បងប្អូនសារព័ត៌មាន ក៏ដូចជាទស្សនិកជនដែលគាំទ្រខ្ញុំទាំងអស់ ឈប់ភាន់ច្រឡំ ព្រោះថា...អឺ..នេះគឺជារឿងមួយប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះនាងខ្ញុំខ្លាំងណាស់។ បើសិនជានាងខ្ញុំ បានធ្លាប់ធ្វើអ្វីខុស ចំពោះទស្សនិកជន ឬប៉ះពាល់ដល់ទស្សនិកជន គឺមិនជាបញ្ហាទេ តែនាងខ្ញុំពុំធ្លាប់ អ៊ីចឹង នាងខ្ញុំអត់អាចនៅស្ងៀមបានទេ នាងខ្ញុំត្រូវតែចេញមុខមកបកស្រាយ។ ជាពិសេសខ្ញុំមិនចង់ឲ្យបងប្អូន មានការយល់ច្រឡំ...»។
ក្នុង ទឹក មុខមិនសប្បាយចិត្ត តារាចម្រៀងដែលអះអាងថាខ្លួនកំពុងស្ថិតនៅប្រទេសសិង្ហបុរី ដើម្បីរៀនវិជ្ជាកែសម្ផស្សរូបនេះបាននិយាយថា៖«នាងខ្ញុំមិនមាន ផ្ទៃពោះ ជាពិសេសក៏មិនបានមានអ្នកណាចិញ្ចឹម ផ្គត់ផ្គង់ ឬមួយក៏គូកំណាន់ដែរ គឺអត់ទាន់មានគូស្នេហ៍អីទេ...អ៊ីចឹងសង្ឃឹមថា ទស្សនិកជនឈប់យល់ច្រឡំ...ហើយខ្ញុំមកប្រទេសសាំងហ្គាពួរនេះ គឺនាងខ្ញុំមករៀនជំនាញ សម្រាប់អនាគតរបស់ខ្ញុំ ...មិនមែនខ្ញុំចោលការងារសិល្បៈទេ ខ្ញុំនៅតែបន្តអ៊ីចឹង...ប៉ុន្តែខ្ញុំចង់មានជំនាញមួយសម្រាប់អនា គត..។ ម្យ៉ាងទៀត គឺនាងខ្ញុំគិតថា សិល្បៈមិនអាចស្ថិតស្ថេរទេ...សិល្បៈគឺជាការងារមួយដែលនាងខ្ញុំ ស្រឡាញ់ ខ្ញុំមិនបោះបង់ចោលទេ នាងខ្ញុំនៅតែបន្ត គ្រាន់ថានាងខ្ញុំចង់មានមុខជំនាញផង និងបម្រើអារម្មណ៍ទស្សនិកជនផង ...»។
ជាចុងក្រោយ សុខ ពិសី បាននិយាយថា៖«អ៊ីចឹង សង្ឃឹមថា ចាប់ពីពេលនេះតទៅ ពុកម៉ែ បងប្អូន និងអ្នកគាំទ្រទាំងអស់ ពិសេសមិត្តៗយុវវ័យដែលគាំទ្រនាងខ្ញុំ នៅក្នុងហ្វេសប៊ុក ដែលជា Fun Club របស់នាងខ្ញុំផ្ទាល់ ត្រូវតែជឿជាក់លើរូបនាងខ្ញុំ ហើយចាប់ពីបានឃើញវីដេអូឃ្លីបនេះហើយ អ្នកទាំងអស់គ្នានឹងជឿជាក់ និងឈប់សង្ស័យ ជាពិសេសឈប់យល់ច្រឡំព័ត៌មាន....ផ្ដេសផ្ដាសនេះតទៅទៀត...អរគុណ...»។
មតិយោបល់ទស្សនិកជន
បន្ទាប់ពីមានការផ្សព្វផ្សាយថា សុខ ពិសី មានផ្ទៃពោះ៤ខែ នាងក៏ចេញមុខមកបកស្រាយភ្លាមៗនោះដែរ ប៉ុន្តែទំនងការបកស្រាយរបស់នាងកាន់តែធ្វើឲ្យទស្សនិកជនមាន មន្ទិលខ្លាំងទៅវិញ នៅពេលគ្រប់គ្នាបានឃើញវីដេអូឃ្លីបនាងបង្ហាញថា ពោះរបស់នាងមានលក្ខណៈធំប្លែកខុសពីធម្មតាដូចអ្នកមានផ្ទៃពោះ នោះ។
នៅពេលបានឃើញវីដេអូនោះ ទស្សនិកជនមួយចំនួនបានបញ្ចេញយោបល់ថា នោះគ្រាន់តែជាការបកស្រាយដើម្បីបិទបាំងរឿងពិតតែប៉ុណ្ណោះ។ ភ្នំពេញ ប៉ុស្តិ៍ សូមលើកយកការចូលរួមមតិយោបល់មួយចំនួនរបស់ទស្សនិកជននៅលើ ប្រព័ន្ធវិបសាយមួយចំនួនមកបង្ហាញដូចខាងក្រោម បន្ទាប់ពីឃើញវីដេអូបកស្រាយរបស់ សុខ ពិសី។
១. ប៉ុន្តែមើលទៅទំហំពោះដូចជាធំតើ ប្រហែលជាស្លៀករ៉ូបបិទបាំងហើយ។
២. អត់ឆ្ងល់ទេ ហេតុអីនាងស្លៀករ៉ូប? ហេតុអីគេថតនាងតែពាក់កណ្តាល? តារាខ្មែរយ៉ាប់ណាស់យកសិល្បៈជាកម្មសិទ្ធិ។ មិនដែលល្បីសុខៗទៅរៀនកែសម្ផស្ស?
៣. រឿងមានផ្ទៃពោះអាចមិនជឿបាន តែរឿងគ្មានអ្នកឧបត្ថម្ភដូចជាពិបាកនឹងជឿណាស់ចំពោះតារាស្រុកខ្មែរ។
៤. ចេញមុខមកបកស្រាយហើយ រឹតតែធ្វើឲ្យសង្ស័យ ព្រោះមើលទៅឃើញពោះរាងធំ ម៉េចទេ??? សុំទោស ពិសី តាមពិតខ្ញុំចូលចិត្តនាង តែគ្រាន់តែសុំ comment តាមអ្វីដែលបានមើលឃើញ។
៥. រូបកាលពីមុនហើយនិងវីដេអូនេះខុសគ្នាដាច់!ពិបាកជឿដែរតារា សម័យនេះ! ៤ខែ ពោះមិនសូវធំអីប៉ុន្មាន...ពាក់រ៉ូបរលុងបន្ដិចមើលអត់ដឹងបាត់ ! កុហកអ្នកណាបាន កុហកចំអ្នកមានផ្ទៃពោះដែរ ដូចពិបាកតិចហើយ។
៦. ខ្ញុំក៏ដូចជាមិនចង់ជឿដែរថា នាងមិនមានផ្ទៃពោះនោះព្រោះ នាងព្យាយាមពាក់រ៉ូបបិទបាំង ហើយពោះធំជាងធម្មតាទៀតផង ។ ម្យ៉ាងវិញទៀតបើចង់បកស្រាយថា អត់មានផ្ទៃពោះហេតុអីចាំបាច់ពាក់រ៉ូបធ្វើអីទៅ? ម៉េចមិនស្លៀកខោ ឬអាវយឺតដូចកាលពីមុនទៅ? ដល់ពេលអ៊ីចឹងដូចចង់ឆ្ងល់ដែរ ។
៧. កុំចេះតែថា សុខ ពិសី ជិតមកវិញហើយ ពេលគាត់សម្រាលកូនរួច គាត់មកវិញហើយណា៕ សេត គឹមសឿន (ភ្នំពេញប៉ុស្តិ៍)