Play Now

“តេអស់ស្ទះ” និង “តេបះសក់” គ្មាន​​ទៀត​​ទេ​​ចា​ប់​​ពី​​ថ្ងៃ​​​នេះ​​​ទៅ

ភ្នំពេញ ៖ មិន​មាន​ទៀត​ទេ​សម្រាប់​​សេវាកម្ម​ “តេអស់ស្ទះ” និង “តេបះសក់” ដែល​សុទ្ធ​តែ​ជា​សេវា​កាត់​ថ្លៃ​ទាប ឬ​ខល​ឥត​គិត​ថ្លៃ ត្រូវ​បាន​ក្រុមហ៊ុន ​Smart ប្រកាស​បិទ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​២៩ មេសា នេះ​តទៅ។

សេចក្ដី​ប្រកាស​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្ដាញ​ទូរស​ព្ទ​ទាំង​អស់ (Mobile Operator) ទទួល​បាន​​ប្រកាស​ពី​អន្តរ​ក្រសួង​លេខ ២៣២ រវាង​​​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍ និង ក្រសួង​សេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ ដោយ​ប្រាប់​ដល់​​ក្រុមហ៊ុន​​ទូរសព្ទ​ទាំង​អស់​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ផ្ដល់​សេវាកម្ម​និយាយ​ឥត​គិត​ថ្លៃ (Call Bonus) ឬ​ខល​ហ្វ្រី​​ទៀត​ទេ។

ក្នុង​សេចក្ដី​ប្រកាស​ដដែល​នោះ​ បាន​សង្កត់​ធ្ងន់​ថា ​នេះ​ជា​ផលវិបាក​មួយ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អត្រា​តម្លៃ និង​ផ្ដល់​សេវាកម្មថ្មី ចាប់​ពី​ថ្ងៃ​ទី​២៩ មេសា ២០១៣ នេះ​តទៅ។

ទន្ទឹម​នឹង​​ការ​បិទ​ឈប់​ឲ្យ​ដំណើរការ​ការ​យក​តម្លៃ និង​ឃោសនា​ពាណិជ្ជកម្ម​ទាប​ហួស​កំណត់​នេះ​ដែរ ក្រុមហ៊ុន​ Smart បាន​ចេញ​អត្រា​គិត​ថ្លៃ​សម្រាប់​ជា​ព័ត៌មាន​ដល់​អតិថិជន​ជ្រាប និង​ឆ្លើយ​តប​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង គឺ​ចុះ​ថ្លៃ​ ១០% ឬ​គិត​ថ្លៃ ៤.៥សេន ក្នុង​មួយ​នាទី​លើក​លែង​តែ​ឆ្លាត៦។

ប្រកាស​បន្ទាប់​ពី​កាត់​ផ្ដាច់​ជីវិត​សេវា​ខល​ឥត​គិត​ថ្លៃ​របស់​ខ្លួន សង្កេត​ឃើញ​ថា ការ​បន្ថែម ត្រូវ​បាន​បង្វិល​ និង​ពង្រីក​ទំហំ​MB សម្រាប់​ការ​ប្រើប្រាស់​អ៊ីនធឺណិត និង ផ្ញើ​សារ​ក្នុង​ប្រព័ន្ធ​សម្រាប់​ការ​បញ្ចូល​ទឹកប្រាក់​ម្ដងៗ។

ទន្ទឹម​នេះ​ដែរ លោក រីយ៉ា ប្រធាន​ផ្នែក Call Center របស់​Beeline ​ ក៏​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន​​កម្មវិធី​ដូរលុយ និង​កម្មវិធី​ដែល​ផ្ដល់​នាទី​និយាយ​ដោយ​មិន​គិត​ថ្លៃ​ សម្រាប់​អតិថិជន​ទាំង​អស់ គឺ​លែង​មាន​ទៀត​ហើយ។

លោក​បាន​សង្កត់​ធ្ងន់​បន្ថែម​ថា មិន​មែន​មាន​តែ Beeline ទេ ដែល​បញ្ឈប់​កម្មវិធី Call​ Free ប៉ុន្តែ​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ដ៏​ដូច​គ្នា​ដែរ។

ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្ដាញ​ទូរសព្ទ (Mobile Operators) មាន​ចំនួន ៦ ខណៈ​អ្នក​ប្រើប្រាស់​ទូរសព្ទ​សរុប ជិត ២០លាន​គ្រឿង (ចល័ត និង​អចល័ត)។

យល់​យ៉ាង​ណា​ចំពោះ​​ការ​បាត់​បង់​វត្តមាន​ខល​ហ្វ្រី​នេះ?

 សេចក្ដីប្រកាស​របស់ ​Smart ក្រោយ​ទទួល​បាន​ ប្រកាស ២៣២ ពី​​រដ្ឋាភិបាល​​​កម្ពុជា​
បញ្ជី​ឈ្មោះ ​Mobile Operators នៅកម្ពុជា

ប្រភព៖ គេហទំព័រសារព័ត៌មាន សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now