Play Now

នាង ឃ្មឹប ដល់​ថ្នាក់​ធ្វើ​សន្តិសុខ?

ភ្នំពេញ ៖ នាង ​រ៉េន សុធារី ហៅ​ឃ្មឹប ​អតីត​ភរិយា​នាយ ​ហុងដា​ បាន​និយាយ​ប្រាប់ Sabay ទាំង​អួល​ដើម​ក​ថា បច្ចុប្បន្ន​កុំ​តែ​បាន​​ការងារ​ជា​សន្តិសុខ ម្ល៉េះ​មិន​ដឹង​ថា ​ទៅ​ពឹង​ពាក់​​អ្វី​ឡើយ ខណៈ​​ដែល​ការងារ​សិល្បៈ​​មិន​មាន ​អ្វី​ជា​ដុំ​កំភួន​នោះ។

ក្នុង​ជំនួប​ជា​មួយ Sabay ក្នុង​ពេល​ថត​កម្មវិធី​ឲ្យ​ទូរទស្សន៍​ជាតិ​កន្លង​មក ឃ្មឹប បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការងារ​សិល្បៈ​របស់​នាង​មិន​សូវ​ជា​កាក់​កប​ឡើយ  ពោល​គឺ​បាន​ចេញ​សម្ដែង​តែ​ក្នុង​ពិធី​កាត់​សក់​តាម​រោងការ​តែ​ប៉ុណ្ណោះ តាម​រយៈ​នាយ​ឃ្លោក ដែល​ច្រើន​ចេញ​ទៅ​សម្តែង​តាម​ខេត្ត​នានា។

ទោះ​យ៉ាង​នេះ​ក្តី ឃ្មឹប បាន​បញ្ជាក់​ថា ចំណូល​ដែល​បាន​ពី​ការ​ចេញ​ទៅ​កាត់​សក់​ជា​មួយ​នាយ​​​ឃ្លោក​នោះ មិន​អាច​ផ្គត់ផ្គង់​គ្រួសារ​គ្រប់​គ្រាន់​នោះ​ឡើយ ព្រោះ​ក្រុម​គ្រួសារ​របស់​នាង​មាន​សមាជិក​​ច្រើន ហើយ​ម្យ៉ាង​ផ្ទះ​ក៏​ជួល​គេ​ទៀត។ ដូច្នេះ​នាង ថា បច្ចុប្បន្ន​កុំ​តែ​បាន​ការងារ​ជា​សន្តិសុខ ដែល​យាម​ប្រចាំ​ការ​នៅ​រដ្ឋសភា កុំអី​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ឡើយ។

ឃ្មឹប​ បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ជា​សន្តិសុខ​យាម​នៅ​រដ្ឋសភា ​​​គឺ​​ធ្វើ​តាំង​ពី​​មិន​ទាន់​ក្លាយ​​ជា​ប្ដី​ប្រពន្ធ ជា​មួយ​នាយ​ហុងដា​មក​ម៉េ្លះ។ នាង ប្រាប់​ថា ទោះបី​ការងារ​នេះ ទទួល​បាន​ប្រាក់​​ខែ​តិច​មិន​អាចរ៉ាប់​រង​ការ​ចំណាយ​ក៏​ពិត​មែន ប៉ុន្តែ​​​មិន​អាច​បោះ​បង់​​ចោល​នោះ​ទេ​ ព្រោះ​នេះ​ជា​ការងារ​ក្រប​ខណ្ឌ​​រាជការ​មួយ និង​ជា​ឆ្នាំង​បាយ​របស់​នាង​បន្ទាប់​ពី​ការងារ​សិល្បៈ។

​​តារា​កំប្លែង​រូប​នេះ​​ ​ប្រាប់​បន្តថា បច្ចុប្បន្ន​នាង​រវល់​ខ្លាំង​ណាស់​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​ម្ដាយ ក្នុង​នោះ​ជា​រៀងរាល់​ព្រឹក​ ​ត្រូវ​​ទៅ​យាម​នៅ​រដ្ឋសភា ហើយ​ប្រសិន​បើ​មាន​កម្មវិធី​ត្រូវ​ទៅ​សម្ដែង​សិល្បៈ​ជា​មួយ​នាយ​ឃ្លោក​ឬ អ្នក​សិល្បៈ​ផ្សេង​ទៀត គឺ​​ត្រូវ​សុំច្បាប់។ ចំណែក​នៅ​ពេល​យប់​វិញ នាង​ត្រូវ​ទៅ​ច្រៀង​នៅ​ភោជនីយដ្ឋាន “ស្ទឹង​មាស” ជិត​វត្ត​ព្រែក​លៀប ។

ឃ្មឹប បារម្ភ​ថា  ការ​ងារ​សិល្បៈ​​ ប្រហែល​ជា​មិន​អាច​​វិល​ទៅ​រក​សភាព​ដើម​វិញ​បាន​ឡើយ ខណៈ​ការ​សម្ដែង​​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស្ងាត់​ដូច​ជា​ចោរលួច​សេះ​នោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នាង បញ្ជាក់​ថា នឹង​មិន​បោះ​បង់​ចោល​ដូច​គ្នា​នឹង​ការងារ​សន្តិសុខ។ ដូច្នេះ​ហើយ  ទើប​បច្ចុប្បន្ន​នាង​​កំពុង​តែ​ចាប់​​យក​ជំនាញ​​ច្រៀង​ភ្លេង​ការ ដោយ​ការ​មើល​ឃើញ​ថា អាជីព​មួយ​នេះ​អាច​រក​ប្រាក់​បាន សម្រាប់​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​មុខ។

នាង ​រ៉េន សុធារី ហៅ​ ឃ្មឹប បាន​លែង​លះ​គ្នា​ជា​មួយ​នាយ​ហុងដា ជិត៣ឆ្នាំ​មក​ហើយ បន្ទាប់​ពី​រៀប​ការ​ជា​មួយ​គ្នា​ជិត១០ឆ្នាំ ។ ចំណង​ស្នេហ៍​របស់​នាង និង​នាយ​ហុងដា ទទួល​បាន​កូន៣ នាក់។ បច្ចុប្បន្ន​នាយ ហុងដា បាន​រៀប​ការ​ប្រពន្ធ​ថ្មី​រួច​ហើយ ថែម​ទាំង​ទទួល​បាន​កូន ១​នាក់​ទៀត ចំណែក​នាង​ឃ្មឹប​​វិញ នៅ​មិន​ទាន់​មាន​ស្វាមី​ថ្មី​ឡើយ។ នាង​បាន​និយាយ​ថា អត់​ទាន់​គិត​​ទេ​ព្រោះ​​​ខ្លាច​ជួប​ស្នេហ៍​មិន​សំ​ប្រកបដូច​មុន​ទៀត៕


ប្រភព៖ គេហទំព័រសារព័ត៌មាន សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now