ភ្នំពេញ: គ្រាន់តែរឿងចូលបន្ទប់ទឹកសោះ អ្នកចម្រៀងស្រីដែលមានឈ្មោះបោះសម្លេងដែរនោះ បានឈ្លោះប្រកែកគ្នា និងបានទូរស័ព្ទ ហៅគ្នាមកជួយអន្តរាគមន៍ បានដកកាំភ្លើងភ្ជង់ ឲ្យភាគីម្ខាងទៀត លត់ជង្គង់សុំទោស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចការ៉ាស់សាំងកាល់តិច (ស្តុបពេទ្យចិន) តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សាក្សីបានឲ្យដឹងថា ដំបូងឡើយ មានពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឌុបចូលចាក់សាំង នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដោយប្តីឈ្មោះនី ឌីយ៉ាវុធ និងប្រពន្ធឈ្មោះ ឆាម សុផាន់ណារ័ត្ន ហើយបានទៅចូលបន្ទប់ទឹកបត់ជើងតូច ខណៈនោះក៏បានទាស់សម្តីគ្នាបន្តិចបន្តួចជាមួយស្ត្រីម្នាក់ ដែលជាតារាចម្រៀងនោះ។
ភាគីពីរនាក់ប្តីប្រពន្ធបានចោទទៅខាងតារាចម្រៀងនោះថា បានទូរស័ព្ទងហៅគ្នាមកជួយអន្តរាគមន៍ និងបានដកកាំភ្លើងភ្ជង់ពួកគេ ឲ្យលត់ជង្គង់សុំទោសទៀតផង។ ក្រោយពីដកកាំភ្លើងគម្រាមហើយ បុរសម្នាក់នោះបានឡើងជិះរថយន្តរត់គេចខ្លួនវិញបាត់ ដោយបន្សល់ទុកតែស្រីស្នេហ៍របស់ខ្លួន នៅកន្លែងកើតហេតុ និងកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ជាមួយនិងប្តីប្រពន្ធពីរនាក់ខាងលើ។
ស្ត្រីដែលមានទំនាស់ពាក្យសម្តីខាងលើ ត្រូវបានគេស្គាល់ឈ្មោះ គឺ កញ្ញា ឈិន សុធារី ជិះរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-1026 គឺជាអ្នកសិល្បៈមួយរូបផងដែរ ដែលភាគីម្ខាងចោទថា បានហៅបក្ខពួកយកកាំភ្លើងមកភ្ជង់៕
ទស្សនាវីដេអូនៅកន្លែងកើតហេតុ
ប្រភព CEN