Play Now

យុវតី​គេថា​សង្សារ សុខ វីរះ ចេញ​មុខ​បញ្ជាក់​ការ​​ស្លាប់

ក្រុង​ព្រះសីហនុៈ ក្រោយ​ពេល​ដែល ហ្វ្រេស៊ីប៊យ​ចំណាត់​ថ្នាក់​លេខ​៤​ប្រចាំ​ឆ្នាំ​២០១២ សុខ វីរៈ ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ ជ្រោយ​ចង្វារ​ភ្លាម​នោះ រូប​ថត​យុវតី​វ័យ​ក្មេង​ម្នាក់​ ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបថត សុខ វីរៈ ដោយ​គេ​បាន​អះ​អាង​ថា យុវ​តី​រូប​នោះ​ជា​សង្សារ​របស់​ សុខ វីរៈ ហើយ​ក៏​ជា​អ្នក​ដែល​ធ្វើ​ឲ្យ សុខ វីរៈ​ ខូច​ចិត្ត​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ដែរ​។ នៅ​ពេល​នេះ ក្មេង​ស្រី​វ័យ​ក្មេង​ស្រស់​សោភា​រូប​នេះ បាន​ចេញ​មុខ​បកស្រាយ​ជុំវិញ​ការ​ស្លាប់​របស់ សុខ វីរៈ ។

យុវតី​ដែល​គេ​បង្ហោះ​រូប​ភ្ជាប់​ជាមួយ សុខ វីរៈ រូប​នេះ​មាន​ឈ្មោះ​ថា ម៉ៃ សុភក្រ្តា ជា​ក្មេង​កំព្រា​ម្តាយ​តាំង​ពី​អាយុ​៣​ឆ្នាំ រស់​នៅ​ជាមួយ​នឹង​ឪពុក​ឈ្មោះ ម៉ៃ អូន ជា​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ។ ​នៅ​ពេល​នេះ នាង​បាន​ធំ​ដឹង​ក្តី​មាន​អាយុ​១៤​ឆ្នាំ សព្វ​ថ្ងៃ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​ក្រុង រស់​នៅ​សង្កាត់​២ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់ ហ្វ្រេស៊ីប៊យ សុខ វីរៈ យុវតី​រស់​នៅ​មាត់​សមុទ្រ ម៉ៃ សុភក្រ្តា បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​មនុស្ស​ស្ទើរ​គ្រប់​គ្នា​នៅ​​ខេត្ត ​ព្រះសីហនុ​បាន​ចោទ​សួរ​មក​កាន់​រូប​នាង​អំពី​រឿង​នេះ​ ហើយ​នាង​កាន់​តែ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​រូប​ថត​របស់​នាង​ត្រូវ​បាន​ ចុះ​ផ្សាយ​លើ​ទំព័រ​សារ​ព័ត៌មាន​ដោយ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​សង្សារ​ របស់ សុខ វីរៈ ។

យុវតី​មិន​ទាន់​គ្រប់​អាយុ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​ក៏​ជា​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដែរ តែ​នាង​ពិត​ជា​មិន​ធ្លាប់​ស្គាល់ សុខ វីរៈ ពី​មុន​មក​ទេ សូម្បី​តែ​នៅ​ក្នុង​ហ្វេសប៊ុក​ក៏​ សុខ វីរៈ និង​នាង​មិន​ដែល​ស្គាល់ និង​ធ្លាប់​លេង​ហ្វេសប៊ុក​ជាមួយ​គ្នា​ដែរ​។ ហេតុ​អ្វី​រូបថត​របស់​នាង​ត្រូវ​បាន​គេ​កាត់​ត​ភ្ជាប់​ជា​ មួយ​សុខ វីរៈ ? ម៉ៃ សុភក្ត្រា បាន​ឲ្យ​ដឹង​ថា នាង​មិន​ដឹង​រឿង​នេះ​ទេ ដោយ​នាង​បាន​បញ្ជាក់​ថា រូបថត​របស់​នាង​នោះ​ពិត​ជា​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​មែន តែ​មិន​ដឹង​អ្នក​ណា​ជា​អ្នក​កាត់​ត​ជាមួយ​ ហ្វ្រេស៊ី​ប៊យ​ដែល​ស្លាប់​នោះ​ទេ​។
នាង​បាន​និយាយ​ថា៖​«​ខ្ញុំ​លេង​ហ្វេសប៊ុក​មែន តែ​ខ្ញុំ​អត់​ដែល​ស្គាល់​គេ​ម្នាក់​នោះ​ទេ។ រូប​ថត​នោះ​ជា​រូប​របស់​ខ្ញុំ មិត្ត​ភក្តិ​ខ្ញុំ​គេ​បាន​​អេឌីត​( Edit) ឲ្យ​ខ្ញុំ ខ្ញុំ​បង្ហោះ​លេង តែ​មិន​ដឹង​ហេតុ​អី​បាន​ជា​មាន​គេ​យក​ទៅ​កាត់​តភ្ជាប់​ជាមួយ​គេ​ម្នាក់​នោះ​ ទេ​»។

ដោយ​សារ​តែ​ខ្លួន​នៅ​ក្មេង​វ័យ​ទើប​១៤​ឆ្នាំ និង​រង​ផល​ប៉ះ​ពាល់​អារម្មណ៍​ពី​ការ​ដេញ​ដោល​របស់​មិត្ត​ភក្តិ និង​អ្នក​ស្រុក​អ្នក​ភូមិ​ផង​ជុំវិញ​រឿង​ដែល​ខ្លួន​មិន​បាន​ធ្វើ យុវតី​រូប​នេះ​បាន​សម្តែង​នូវ​អារម្មណ៍​ខឹង​សម្បា និង​ខ្មាស​អៀន​ចំពោះ​អ្នក​ផង​គ្នា​។
នាង​បញ្ជាក់​ថា៖​«​ពេល​ឃើញ​អ៊ីចឹង​ ខ្ញុំ​ខឹង​ណាស់ ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​មិន​មែន​ជា​សង្សារ​របស់​វា[សុខ វីរៈ​]​ទេ​»។
ជាមួយ​គ្នា​នោះ លោក ម៉ៃ អូន ដែល​មាន​តួនាទី​ជា​មន្ត្រី​កំពង់ផែ​ស្វ័យ​ក្រុង​ព្រះសីហនុ និង​ជា​ឪពុក​បង្កើត ម៉ៃ សុភក្ត្រា បាន​ឲ្យ​ដឹង​ថា លោក​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​រូប​កូន​ស្រី​របស់​លោក​នៅ ​លើ​ទំព័រ​សារព័ត៌មាន​ទាំង​វិបសាយ ទស្សនា​វដ្តី និង​កាសែត​បែប​នេះ​ ខណៈ​ដែល​កូន​ស្រី​របស់​លោក​មិន​បាន​ដឹង​សូម្បី​បន្តិច​ និង​កំពុង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។
លោក​និយាយ​ថា៖​ «​កូន​ខ្ញុំ​អត់​ដែល​ស្គាល់​ម្នាក់​នោះ​ទេ នាង​នៅ​តែ​ខេត្ត​ព្រះសីហនុ​រហូត​ហ្នឹង រូប​នោះ​កូន​ខ្ញុំ​ប្រាប់​ថា ប្រហែល​ជា​គេ​យក​ពី​អ៊ីនធឺណិត​ទៅ​កាត់​ត​។ ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់ ហើយ​អ្នក​ភូមិ​ទាំង​អស់​គេ​ក៏​ភ្ញាក់​ផ្អើល​ដែរ​»។
លោក​បញ្ជាក់​ជា​ថ្មី​ថា៖​ «​ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ និយាយ​រួម​គឺ​មិន​ដែល​ពាក់​ព័ន្ធ​នឹង​គេ​តែ​ម្តង»។
ជាមួយ​នឹង​ការ​ភាន់​ច្រឡំ​នោះ ម៉ៃ សុភក្ត្រា និង​ឪពុក​ បាន​និយាយ​ថា អ្នក​ទាំង​ពីរ​សង្ឃឹម​ថា ភាព​ភាន់​ច្រឡំ​នេះ​នឹង​ត្រូវ​បាន​ទស្សនិកជន​បាន​ជ្រាប​ច្បាស់​នៅ​ពេល​នេះ ​ទាំង​អស់​គ្នា៕
- ប្រភព ភ្នំពេញប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now