រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អក ហើយមានទេពកោសល្យក្នុងការតែងនិពន្ធទំនុកច្រៀងដោយខ្លួនឯងហេង ពិទូ កាលពីពេលថ្មីៗនេះមានការនិយាយតៗគ្នាថា លោកចាកចេញពីផលិតកម្ម Bigman ឈានចូលផលិតកម្មសាន់ដេ ។
លោកហេង ពិទូ ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា «ខ្ញុំចាកចេញពីផលិតកម្ម Bigman ដោយសារតែខ្ញុំផុតកិច្ចសន្យា ហើយពេលនេះខ្ញុំមិនទាន់សម្រេចទៅផលិតកម្មណានៅឡើយទេ ព្រោះខ្ញុំចង់ទុកពេលសម្រេចចិត្តឱ្យបានច្បាស់លាស់សិន ។ ណាមួយខ្ញុំក៏មិនចង់ឱ្យមានព័ត៌មាននិយាយថា ម្តងខ្ញុំចូលផលិតកម្មនេះ ម្តងផលិតកម្មនោះទាំងមិនច្បាស់លាស់នោះទេ ។ សម្រាប់បច្ចុប្បន្ននេះមានផលិតកម្មជាច្រើនបានទាក់ទងមកខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្តនៅឡើយទេ ទុកពេលលម្ហែកាយ និងជួយការងារម្តាយខ្ញុំសិន ម៉្យាងខ្ញុំក៏ចង់ឱ្យរឿងខ្ញុំស្ងប់ស្ងាត់មួយរយៈសិនដែរ» ។
ថ្វីដ្បិតតែលោកហេង ពិទូ និយាយថាមិនទាន់សម្រេចចិត្តចូលផលិតកម្មណាមួយនៅឡើយក្តី តែនោះគ្រាន់តែជាការលាក់បាំងមិនឱ្យគេដឹងប៉ុណ្ណោះ ដោយសារតែលោកមិនចង់ឱ្យព័ត៌មានសុសសាយ ទុករហូតដល់ពេលចេញអាល់ប៉ុមអាចនឹងមានការចាប់អារម្មណ៍តែម្តង ។ គេគិតថាលោកហេង ពិទូ បានជ្រើសរើសផលិតកម្មរួចហើយ នោះគឺផលិតកម្មសាន់ដេ គ្រាន់តែមិនចង់ឱ្យគេដឹងប៉ុណ្ណោះ ។
ទាក់ទិនទៅនឹងការចូលផលិតកម្មសាន់ដេរបស់តារាចម្រៀងសម្លេងស្អករូបនេះ អ្នកគ្រប់គ្រងទូទៅនៅផលិតកម្មសាន់ដេលោកឡាយ សុខចំរើន ប្រាប់ឱ្យដឹងថា លោកមិនហ៊ានប្រាប់នៅឡើយទេចំពោះរឿងនេះ ព្រោះពេលនេះលោកនៅតាមខេត្ត ហើយប្រហែលជា១០ថ្ងៃទៀតទើបលោកអាចផ្តល់ព័ត៌មាននេះបាន ។ បើទោះបីជាអ្នកគ្រប់គ្រង និងសាមីខ្លួនអះអាងយ៉ាងនេះក្ដី តែគេដឹងថា លោកហេង ពិទូ កំពុងថតបទចម្រៀងថ្មី និងត្រៀមចេញអាល់ប៊ុមដំបូងក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក ហេង ពិទូ បានឈានចាប់អាជីពជាអ្នកចម្រៀងជិត១០ឆ្នាំមកហើយ ។ លោកជាអតីតសមាជិកល្បីម្នាក់ក្នុងក្រុម MKS កាលពីឆ្នាំ២០០៥-២០០៦ ។ បន្ទាប់មកលោកច្រៀងឱ្យផលិតកម្ម Bigman បានរយៈពេលជិតពីរឆ្នាំទើបចាកចេញ ។ ចំពោះបទចម្រៀងដែលល្បីក្នុងផលិតកម្ម Bigman គឺបទ«នៅបារម្ភសង្សារក្មេង» បទ«ស្រឡាញ់គ្នាឱ្យស្លាប់ចុះ» បទ«តួច្រណែន» និងបទ«សុំពេលថែសង្សារថ្មី» ជាដើម ៕
- ប្រភព កោះសន្តិភាព
Play Now
ហេង ពិទូ ចូលផលិតកម្មសាន់ដេ ប៉ុន្តែព្យាយាមលាក់បាំង
6/25/2012 07:56:00 AM
កំសាន្ត, តារា, ថ្មីៗប្រចាំថ្ងៃ
Play Now