ការប្រកួតដ៏ចម្លែកនេះអាចមិនយុត្តិធម៌ និងធ្វើឲ្យពួកគេចាញ់ ប៉ុន្តែមានអ្នកស្ម័គ្រចិត្តលេងមិនខ្វះនោះទេដែលមានបំណងចូលរួមក្នុងការប្រកួតប្រជែងដ៏ចម្លែករបស់សួនសត្វមួយ ដើម្បីលេងល្បែងទាញព្រ័ត្រជាមួយខ្លា ។

ក្រុមអ្នកទស្សនាមកកាន់សួនសត្វ Busch Gardens ក្នុងតំបន់ឆកសមុទ្រ Tampa Bay ក្នុងរដ្ឋហ្លរីដាត្រូវបានផ្តល់ឱកាសឲ្យលេងជាមួយសត្វដ៏គួរឲ្យភ័យខ្លាចបំផុតក្នុងពិភពលោកមួយចំនួន ។ ក្នុងការប្រកួតនិមួយៗ ក្រុមអ្នកស្ម័គ្រចិត្តកាន់ខ្សែមួយនៅក្នុងដៃរបស់ពួកគេ ហើយសត្វខ្លាមួយក្បាលបានទាញខ្សែនោះពីពួកគេជាមួយនឹងមាត់របស់វា ។
ការប្រកួតនេះគឺគេហៅថា "ល្បែងទាញព្រ័ត្រ" ហើយវីដេអូជាច្រើនដែលបង្ហាញនូវរូបភាពនៃក្រុមអ្នកស្ម័គ្រចិត្តសាកល្បងលេងជាមួយសត្វខ្លាត្រូវបានគេបង្ហោះនៅលើវេបសាយ YouTube ។ សូម្បីតែក្មេងៗក៏បានចូលរួមលេងល្បែងដ៏គួរឲ្យភ័យខ្លាចនេះដែរ ដែលតម្រូវឲ្យទាញខ្សែតាមប្រឡោះមួយនៅក្នុងទ្រុងខ្លា ។

វីដេអូមួយបានបង្ហាញនូវអ្នកបើកបររថយន្តប្រណាំងឲ្យក្រុម NASCAR គឺលោក Matt Kenseth ដែលឈ្នះការប្រកួតក្នុងកម្មវិធី Daytona 500 ក្នុងឆ្នាំ ២០០៩ កំពុងតែខំប្រឹងទាញខ្សែ ។ ការប្រកួតប្រជែងមួយនេះត្រូវបានដំណើរការអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់វាមិនបានបង្ហាញពីសញ្ញានៃថមថយនោះទេ ។

កាលពីដើមសប្តាហ៍នេះ បុគ្គលិកនៅសួនសត្វ Busch Gardens បានបង្ហោះការអញ្ជើញមួយនៅលើទំព័រ Facebook របស់សួនសត្វដែលមានអ្នកចុចលើពាក្យ Like ជាង ១៥០០ នាក់ ។ ល្បែងទាញព្រ័ត្រជាមួយខ្លាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងតំបន់ Jungala របស់សួនសត្វជាកន្លែងដែលពូជខ្លា Bengal ប្រាំពីរក្បាលត្រូវបានរក្សាទុក ។ សត្វដែលទាក់ទាញចំណាប់អារម្មណ៍នៅសួនសត្វនេះរួមមានដូចជា ខ្លារខិន, ឆ្កែព្រៃ, ស្វាម៉ាដាហ្គាសកា, សំពោច, ក្ងោក និង ដំរី ៕
source : cen