ក្រុមមនុស្សដែលមើលឃើញតែអាក្រក់បានទស្សន៍ទាយថានឹងមានការចែកផ្លូវគ្នាដ៏ឆាប់មួយ ព្រោះបើនិយាយពីរូបរាង ពួកគេគឺជាមនុស្សនៅពិភពផ្សេងគ្នា ។ តារាចម្រៀង និង ពិធីករទូរទស្សន៍ នាង លី យ៉ូរី ត្រូវគេនិយាយថាជាតារាស្រីស៊ិចស៊ីបំផុតរបស់ K-pop ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និង ស្បែកដ៏រលើបរលោងរបស់នាង ។
ចំណែកឯដៃគូរបស់នាងឯណោះវិញគឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងសម្លេងស្រទន់មាន "ភ្នែកតូច និង ច្រមុះតោ" ដែលមានឈ្មោះថា លី សាង ស៊ុន ។ នៅពេលដែលដំណឹងមួយបានបែកធ្លាយកាលពីឆ្នាំមុនថាអ្នកទាំងពីរបានទាក់ទងគ្នានោះ ក្រុមអ្នកលេងអ៊ីនធឺណេតបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហាមួយនេះ ដោយនាំគ្នានិយាយថា "ស្រីល្អឆើត ប៉ះជាមួយប្រុសមុខអាក្រក់" ។
រឿងបែបនេះគឺជៀសមិនផុតឡើយ ពោលគឺពួកគេបាននាំគ្នាប្រៀបធៀបបុរសរូបនេះជាមួយនឹងតារាល្បីៗជាច្រើនដែលនាងលីធ្លាប់បានទាក់ទងពីមុនដូចជា លោករ៉េន និង លោក លី សឹជីន ។ ប៉ុន្តែមួយឆ្នាំក្រោយមក តារាចម្រៀងស្រស់ឆើតឆាយរូបនេះបានធ្វើឲ្យក្រុមអ្នករិះគន់មានស្ងាត់មាត់ជ្រៀប ដោយនាងបានធ្វើដំណើរទៅកោះ Palau នៅមហាសមុទ្រប៉ាស៊ីហ្វិចកាលពីបីសប្តាហ៍មុន និង នៅតែលង់ស្រឡាញ់យ៉ាងខ្លាំងជាមួយប្រុសអាក្រក់របស់នាងដដែល ។
នាងលី អាយុ ៣០ ឆ្នាំ បានប្រាប់កាសែត The New Paper នៅក្នុងកិច្ចសម្ភាសន៍មួយនៅក្នុងអ៊ីមែលថា "យើងស្រឡាញ់គ្នាទៅវិញទៅមក នេះមិនមែនដើម្បីភាពរីករាយនោះទេ ។ ខ្ញុំរីករាយនឹងខណៈពេលបច្ចុប្បន្នជាងផែនការនៅពេលខាងមុខដែលយើងមើលមិនឃើញ ។ ប៉ុន្តែជាថ្មីម្តងទៀត ប្រសិនបើគាត់សុំខ្ញុំរៀបការ ខ្ញុំមិនចូលចិត្តអាពាហ៍ពិពាហ៍ហ៊ឺហារ ឬ ចង់បានចិញ្ចៀនពេជ្រនោះទេ ។ អ្វីដែលខ្ញុំចង់បានគឺថាទទួលបាននូវការស្នើសុំរៀបការដ៏អស្ចារ្យពិតប្រាកដមួយដែលខ្ញុំអាចទទួលយកបានប៉ុណ្ណោះ" ។
យោងតាមព័ត៌មានសិល្បៈកូរ៉េ Allkpop លោកលីអាយុ ៣៨ ឆ្នាំបានបង្ហាញខ្លួនលើកដំបូងជាសមាជិកក្រុមចម្រៀងរ៉ុក Roller Coaster កាលពីឆ្នាំ ១៩៩៩ ។ លោក និង នាងលីទាំងពីរនាក់គឺជាសកម្មជនការពារសិទ្ធិសត្វ និង ជាផ្នែកមួយនៃក្រុមអ្នកគាំទ្រសិទ្ធិសត្វរបស់កូរ៉េ ។
កាលពីខែកក្កដាឆ្នាំមុន អាល់ប៊ុមចម្រៀងទោលបែបសប្បុរសធម៌របស់នាងយ៉ូរីឈ្មោះថា Remember ដើម្បីជួយដល់សត្វដែលគេបោះបង់ចោលនោះត្រូវបានផលិតឡើងដោយលោក លី សាង ស៊ុន ។
បើទោះបីជានាងលីនៅតែមិនសូវនិយាយស្តីអ្វីពាក់ព័ន្ធនឹងមិត្តប្រុសរបស់នាងក៏ដោយ ក៏នាងមិនបានលាក់លៀមអ្វីនោះដែរនៅពេលដែលនាងនិយាយពីរបៀបដែលពន្លកស្នេហ៍របស់នាងចាប់ផ្តើមលូតលាស់ ។ នាងបានលាតត្រដាងឲ្យដឹងថា "យើងកាន់តែជិតស្និទ្ធជាមួយគ្នានៅពេលដែល សាង ស៊ុន បានទាក់ទងខ្ញុំឲ្យចូលរួមជួយចិញ្ចឹមសត្វឆ្កែមួយក្បាលដែលគេបោះបង់ចោល ។ ហើយយើងកាន់តែជិតស្និទ្ធថែមទៀតនៅពេលដែលគាត់ជួយចេញបទចម្រៀងឲ្យខ្ញុំ...ព្រោះគាត់ក៏កំពុងតែចិញ្ចឹមឆ្កែខ្ចាត់ព្រាត់មួយក្បាលដែរ យើងថែទាំឆ្កែខ្ចាត់ព្រាត់នេះជាមួយគ្នាហើយវាក៏បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ" ៕
Play Now
នាង លី យ៉ូរី នៅតែលង់ស្នេហ៍ជាមួយ "ប្រុសមុខអាក្រក់" របស់នាង
Play Now