ជាធម្មតា ការពពោះរបស់ស្ត្រីមានកំណត់គ្រប់ខែក្នុងរយៈពេល ៤០សប្តាហ៍ តែក្នុងនោះ អាចលើសខ្វះបន្តិចបន្តួចពី ៣៨-៤២ សប្តាហ៍។ ដូច្នេះការសម្រាលកូនមុនកំណត់ គឺមុនពេលគ្រប់អាយុ ៣៨ សប្តាហ៍ ដែលជាទូទៅ ទារកសម្រាលក្នុងស្ថានភាពបែបនេះ មានកាយសម្បទាមិនសូវល្អ ដូចទារកកើតគ្រប់ខែទូទៅឡើយ។
គេសង្កេតឃើញទៀតថា ទារកកើតមិនគ្រប់ខែ ភាគច្រើនអវៈយវៈខ្លះសំខាន់ៗ សម្រាប់ទ្រទ្រង់អាយុជីវិត ដូចជាបេះដូង សួត ថ្លើម ជាដើម។ ក្នុងចំណោមអវយវៈដែលមានសារសំខាន់ ពុំមានអវយវៈណាមួយសំខាន់ជាងសួតឡើយ ព្រោះជាចំណែកមួយជួយដល់ការដកដង្ហើម។
ទារកដែលសម្រាលមុនពេលកំណត់ ច្រើនមានបញ្ហាសួត ព្រោះក្រោយពេលសម្រាលមកហើយ ដកដង្ហើមមិនស្រួល ព្រោះថង់ខ្យល់នៅក្នុងសួតផតប៉ោងៗ ក៏ព្រោះមានទឹករំអិលចេញមករំខាន ដោយសារគេឆាប់ប្រសូតចេញមកពីក្នុងពោះម្តាយពេក។
ពីមុនគ្រូពេទ្យប្រុងប្រយ័ត្ន រឿងសួតទារកកើតមិនកំណត់បំផុត ប៉ុន្តែភាពរីកចំរើនផ្នែកវេជ្ជសាស្ត្រជួយកាត់បន្ថយបញ្ហាសួតទារកកើតមុនពេលកំណត់ និងអាចជួយរក្សាអាយុជីវិតរបស់ពួកគេ។
ក្រៅពីប្រុងប្រយ័ត្នរឿងសួតហើយនោះ ក៏ត្រុវប្រយ័ត្នរឿងបញ្ហាបេះដូង ថ្លើម ក្រលៀន ពោះវៀន រួមទាំងការឆ្លងមេរោគរលាកទៀតផង ព្រោះប្រព័ន្ធការពារមេរោគ ក្នុងរាងកាយរបស់គេទន់ខ្សោយបំផុត។ ចំណែកមូលហេតុដែលធ្វើឲ្យទារកកើតមុនកំណត់នោះមានដូចជាí
១-សុខភាពម្តាយ: ប្រសិនបើម្តាយមានសុខភាពល្អ គ្មានរោគប្រចាំកាយ និងគ្មានអ្វីមកភ្ងោចឲ្យទារកកើតមុនកំណត់ នោះទារកនឹងកើតគ្រប់កំណត់ ក៏ប៉ុន្តែបើម្តាយមានរោគប្រចាំ ជាពិសេសរោគដែលពាក់ព័ន្ធនឹងការពពោះដូចជា រោគបេះដូង លើសឈាម ផ្ទៃពោះមានជាតិពុល ខ្វះឈាម រោគក្រលៀន ទឹកនោមផ្អែម និងរោគដទៃទៀត សុទ្ធតែជាដើមហេតុមុនកំណត់។
ដូចនេះមុនពេលរក្សាទុកផ្ទៃ គួរត្រៀមខ្លួន ត្រៀមសុខភាពទាំងចិត្តទាំងកាយឲ្យបានល្អ ដើម្បីឲ្យផ្ទៃពោះមានសុខភាពរឹងមាំ ប្រសូតតាមពេលកំណត់។
២-សុខភាពស្បូន: រួមទាំងមាត់ស្បូនផងដែរ ប្រសិនបើស្បូនមិនរឹងមាំ ដូចជាមានដុំសាច់ដុះ ឬមាត់ស្បូនមិនរឹងមាំ ក៏អាចជាដើមហេតុសម្រាលមុនពេលកំណត់បានដូចគ្នា។
៣-ឆ្លងមេរោគរលាកនៅក្នុងរន្ធភេទ: ករណីខ្លះធ្វើឲ្យសាច់ថង់ទឹកភ្លោះ ស្អុយរលួយ ហើយបែកធ្លាយ។
៤-ទារកបង្កហេតុដោយខ្លួនឯង: ដូចជាករណីទារក មានសភាពមិនប្រក្រតីជាដើម។
៥-ប្រសិនបើម្តាយបណ្តែតបណ្តោយឲ្យសុខភាពមាត់ធ្មេញមិនបានល្អ ក៏អាចជាមូលហេតុសម្រាលកូនមុនកំណត់ដែរ។ ដោយសារមូលហេតុនេះហើយ ទើបគ្រូពេទ្យណែនាំឲ្យស្ត្រីមានផ្ទៃពោះឧស្សាហ៍ទៅទន្តពេទ្យ កោសជាតិកំបោរ ខាត់ ធ្មេញ ថែទាំសាច់អញ្ចាញ ជាដើម៕