រាជធានីភ្នំពេញ ៖ តារាកំប្លែង និងអ្នកចម្រៀងអាយ៉ៃ អ្នកស្រី នេត ផល្លី ហៅយាយខ្លី បានអវត្តមានប្រមាណ៤សប្តាហ៍កន្លងមក ហើយនៅក្នុងការបង្ហាញមុខជាអ្នកកំប្លែងនៅក្រុមនាយកុយ បន្ទាប់ពីអ្នកស្រីបានធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។
តារាកំប្លែងដែលមានវ័យ៦២ឆ្នាំរូបនេះ បានអះអាងប្រាប់កោះសន្តិភាពនៅក្នុងជំនួបផ្ទាល់នៅថ្ងៃទី៧ មីនា ២០១៣ថា អ្នកស្រីបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ អស់រយៈពេល៣ថ្ងៃមកហើយ បន្ទាប់ពីអ្នកស្រីទើបតែត្រឡប់មកពីពិនិត្យជំងឺនៅប្រទេសវៀតណាម ដោយសារជំងឺពុកឆ្អឹង ទឹកនោមផ្អែម លើសឈាម និងជំងឺជាច្រើនមុខទៀត ។
អ្នកស្រីបន្តថា អ្នកស្រីបានសម្រាកព្យាលបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសវៀតណាមបានមួយសប្តាហ៍ តែអាការជំងឺមិនបានធូរស្បើយឡើយ ទើបអ្នកស្រីសម្រេចចិត្តវិលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកខ្មែរវិញ។ ចាប់តាំងពីមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតអ្នកស្រីបានធូរស្បើយបន្តិច តែក្រុមគ្រូពេទ្យនៅតែឲ្យអ្នកស្រីបន្តសម្រាកព្យាបាលបន្ថែមទៀតដើម្បីតាមដានជំងឺ។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនេះ គឺខាងមន្ទីរពេទ្យមិនបានយកកម្រៃអ្វីឡើយ ទាំងថ្នាំព្យាបាល និងការស្នាក់នៅ ដោយសារប្រធានមន្ទីរពេទ្យមានការសន្តោសប្រណីដល់អ្នកស្រីដែលជាអ្នកសិល្បៈជើងចាស់ និងមានជីវភាពក្រខ្សត់ ៕