ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសថៃសន្យាថា ទោះបីជាតុលាការក្រុងឡាអេ មានការសម្រេចចិត្តបែបណាក៏ដោយទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងត្រូវបានពង្រឹង បន្ទាប់ពីប្រទេសទាំងពីរបានចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ លោកក៏បានអះអាងថា ថៃនឹងព្រមទទួលយកការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ។
លោក ស៊ូរ៉ាពង្ស ត្រូវបានកាសែតបាងកកប៉ុស្តិ៍របស់ថៃ ដកស្រង់សម្តីដែលបាននិយាយថា លោកគ្រោងនឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស នៅពីរបីខែខាងមុខ ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។
ចំណែកសេចក្តីរាយការណ៍ពីកាសែតដឺណេសិនរបស់ថៃវិញ បាននិយាយថា លោកស្រីយីង ឡាក់ នាយករដ្ឋមន្ត្រីថៃ និងសម្តេចហ៊ុន សែន បានព្រមព្រៀងគ្នា ថានឹងគោរពតាមការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ មិនថាការសម្រេចចិត្តនោះ បែបណាឡើយ។ នេះជាការអះអាងរបស់លោកស៊ូរ៉ាពង្ស។
ក្រៅពីនេះលោកក៏បាននិយាយថា ការអភិវឌ្ឍន៍រួម គឺជាដំណោះស្រាយល្អបំផុតសម្រាប់ប្រទេសទាំងពីរ៕
ដកស្រង់ពីគេហទំព័រ ស៊ីអីអិន