អ្នកផងតែងពោលថា “ល្បែងស្នេហា គេលេងបានតែ២នាក់ប៉ុណ្ណោះ ហើយបើ មានអ្នកទី៣ចូលមកជ្រៀតជ្រែកក្លាយទៅជា ស្នេហាត្រីកោណនោះប្រាកដជាជួបវិបត្តិត្រូវ មានម្នាក់ហូរទឹកភ្នែកជាក់ជាពុំខាន” ហើយ វាក៏ជាដើមចមនៃអំពើហិង្សា កើតមានជាការ តាមព្យាបាទគ្នាផងដែរ ។ ប៉ុន្តែចំពោះបុរស ម្នាក់នេះពិតជាគួរឱ្យច្រណែនមែន មានស្នេហា ត្រីកោណដែរ បែរជាផ្អែមត្រជាក់ដូចទឹកឃ្មុំ ខែចេត្រ ហើយថែមទាំងរួមរស់ក្រោមដំបូល តែមួយជាមួយគ្នាទៀតផង ។អង្គុយក្រោមផ្ទះប្រកបដោយទឹកមុខ ស្រស់ស្រាយញញឹមញញែមអមដោយភរិយា ទាំងពីរ លោក ជុំ ប៉ូរ៉េត វ័យ៤១ឆ្នាំ ជាកសិករ រស់នៅភូមិពេជ្រសង្វា ឃុំព្រៃកប្បាស ស្រុក ព្រៃកប្បាស ខេត្តតាកែវ បានរៀបរាប់ថា ខ្ញុំមាន ស្រុកកំណើតនៅទីនេះតែម្តង ហើយក៏ជាក្មេង កំព្រាឪពុកម្តាយបងប្អូនស្លាប់ចោលអស់តាំងពី របបប៉ុលពតមកម្ល៉េះ ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ខ្ញុំរស់នៅកម្សត់លំបាកវេទនាជាមួយ មីងមាពីមួយទៅមួយ ។ ជាកូនកំព្រាមិនខុសអំពី ពាក្យចាស់ថា “ម្តាយគេមិនដូចម្តាយខ្លួនជេរ ទៅហៅមក”នោះទេ គឺទោះបីជាខ្ញុំខំប្រឹងធ្វើការ យ៉ាងណាក៏មិនត្រូវចិត្តគេដែរ ។ ក្រោយមក ដោយលំបាកពេក ខ្ញុំក៏ទៅសុំស្នាក់អាស្រ័យជ្រក កោនក្នុងទីវត្តអារាមវិញ ។ ស្នាក់នៅរៀនសូត្រ ក្រោមការទំនុកបម្រុងពីព្រះសង្ឃរហូតអាយុ បាន១៧ឆ្នាំ ដោយនឹកចង់សងគុណពុកម៉ែ បងប្អូន ដែលបានចែកឋានទៅហើយនោះ ខ្ញុំក៏បាន សម្រេចចិត្តសាងផ្នួសជាសង្ឃ ។
ងាកសម្លឹងមុខភរិយាដែលអង្គុយអមសងខាង បុរសមានសំណាងរូបនេះបានរ៉ាយរ៉ាប់បន្តថា ដោយសារតែពូកែទេសនា និងសូត្រមន្តគឺល្បី ឈ្មោះមិនចាញ់នេនទុំនាសម័យស្តេចរាមាជើង ព្រៃនោះក៏មានញាតិញោមស្រឡាញ់រាប់អាន ព្រមទាំងមានញោមធម៌ បងធម៌មិនតិចដែរទេ ។ កាលណោះខ្ញុំបានរាប់អានជាមួយបងធម៌ស្រី ម្នាក់ឈ្មោះ ជៀម ស៊ីម(ប្រពន្ធដើម) សព្វថ្ងៃវ័យ ៥១ឆ្នាំ ។ ការរាប់អានយូរៗទៅក៏បានធ្លាក់ក្នុង រណ្តៅស្នេហ៍ដកចិត្តលែងរួច ។ ដោយទ្រាំលែង បានខ្លាចធ្លាក់នរក ព្រោះខ្លួននៅជាសង្ឃតែមាន ចំណងស្នេហាលោកីយ៍ ខ្ញុំក៏ក្រាបសំពះព្រះគ្រូ ចៅអធិការលាចាកសិក្ខាបទ ។ សេចក្តីស្នេហា ពិតជាមិនប្រកាន់អាយុ ពណ៌ សម្បុរនោះទេ ទោះ ជាបងធម៌ស្រីមានវ័យច្រើនជាងរហូតដល់ទៅ ១០ឆ្នាំក៏ខ្ញុំស្រឡាញ់ដែរ ។ បន្ទាប់ពីសឹក រួចដុះ សក់រ៉ុយៗបានបន្តិច ខ្ញុំក៏បានពឹងពាក់ចាស់ទុំឱ្យចូល ស្តីដណ្តឹងបងធម៌រៀបអាពាហ៍ពិពាហ៍តាមគន្លង ប្រពៃណី រួមរស់ជាមួយគ្នាយ៉ាងសុខសាន្តអស់ រយៈពេល២០ឆ្នាំមកហើយ ។ ប្រហែលជា និស្ស័យពីបុព្វេត្រូវមានប្រពន្ធពីរហើយមើលទៅ ទើបនៅសុខៗប្អូនថ្លៃស្រីរបស់ខ្ញុំឈ្មោះ ជៀម សៀង(ប្រពន្ធទី២) ដែលមានអាយុស្របាលហ្នឹង ខ្ញុំដែរ បន្ទាប់ពីរៀបការហើយទៅរស់នៅខាងប្តី បាន៤-៥ខែ មិនចុះសម្រុងជាមួយម្តាយក្មេក បែកបាក់លែងលះគ្នា នាងក៏មកស្នាក់នៅផ្ទះ របស់ខ្ញុំបណ្តោះអាសន្ន ។

លោក ប៉ូ រ៉េត បានបន្តថា នៅលើលោក នេះគ្មានកិច្ចការអ្វីដែលមិនអាចដោះស្រាយបាន ឡើយ ហើយមិនខុសអ្វីទៅហ្នឹងសុភាសិតបុរាណ បានពោលថា“ក្រោយភ្លៀងមេឃស្រឡះ”នោះ! ។ ដោយអស់ជម្រើសទាល់តម្រិះពេក ខ្ញុំក៏នឹកដល់ វិធីចុងក្រោយគឺមន្តស្នេហ៍សារិកាដែលធ្លាប់បាន រៀនចេះចាំកាលបួសជាសង្ឃ ។ ពិតជាឆុតមែន បញ្ចោញមន្តគាថាតែប៉ុន្មានក្បាច់សោះបន្ទន់ចិត្ត ប្រពន្ធរហូតបានសម្រេច ។ នាងយល់ព្រមឱ្យខ្ញុំ ទទួលយកប្អូនថ្លៃធ្វើប្រពន្ធរួមសុខទុក្ខជាមួយគ្នា ក្រោមដំបូលតែមួយយ៉ាងសុខសាន្តតាំងពីឆ្នាំ ២០០២ រហូតមកដល់សព្វថ្ងៃនេះ ។
លោក ប៉ូ រ៉េត ប្រាប់ថា កាលពីដំបូង ប្រពន្ធទាំងពីរដែលជាបងប្អូនបង្កើតហ្នឹងគ្នានេះ ក៏មិនសូវចុះសម្រុងគ្នាដែរ តែងមានរឿងរកាំ រកូសប្រចណ្ឌច្រណែនគ្នាជានិច្ច ។ ប៉ុន្តែដោយ ឃើញមិនសូវស្រួល ខ្ញុំក៏ចេះតែប្រើស្នេហ៍បន្ទន់ ចិត្តឱ្យពួកគេត្រូវរ៉ូវយល់ចិត្តលែងឈ្លោះប្រកែក គ្នា រស់នៅយ៉ាងរីករាយទៅ ។ សព្វថ្ងៃខ្ញុំមានកូន ចំនួន២នាក់ គឺប្រពន្ធដើមកូន១ និងប្រពន្ធទីពីរ កូន១ដែរ ។ ពួកយើងមិនត្រឹមតែនៅផ្ទះជាមួយ គ្នាទេ សូម្បីតែដេកក៏រួមគ្នាមុងមួយ៣នាក់ដែរ។
អ្នកស្រី ជៀម ស៊ីម ជាភរិយាដើមបាន និយាយប្រាប់ថា កាលពីមុនខ្ញុំពិតជាមានកំហឹង ខ្លាំងណាស់ ហើយក៏ខ្មាសគេស្ទើរតែមិនហ៊ាន ចេញក្រៅផ្ទះឡើយ ។ ប៉ុន្តែបន្ទាប់ពីលើកយកកម្ម ផលមកដាក់ក្នុងចិត្តទើបលែងឈឺចាប់ ព្រោះ ទាំងនេះប្រហែលជាកម្មពៀរហើយ ទើបបានជា ជួបរឿងដូច្នេះ ហើយក៏លែងខ្វល់អំពីសម្តីញាតិ ជិតខាងចំអកពេបជ្រាយដែរ ឱ្យតែគ្រួសារខ្ញុំមាន សុភមង្គលទៅបានហើយ ។
ចំណែកឯអ្នកស្រី ជៀម សៀង ជាប្រពន្ធ ទី២បាននិយាយថា កាលពីដំបូងឡើយខ្ញុំពិតជា មិនមានបំណងដណ្តើមប្តីបងស្រី ធ្វើឱ្យបងស្រី ឈឺចាប់នោះទេ តែនោះប្រហែលជាកម្មពៀរ ហើយ ព្រោះគ្រាន់តែឃើញមុខប្តីដែលកាល ណោះត្រូវជាបងថ្លៃភ្លាមគឺបាក់ចិត្តស្រឡាញ់ដក ចិត្តមិនរួចទៅហើយទើបជ្រុលជ្រួសលេងល្បែង ឆ្មាលាក់ក្រចកកំបាំងពីមុខបងស្រីរហូតដល់បង មកទាន់! ៕