ភ្នំពេញ: រថយន្តហ៊ីណូធុនធំបុករ៉ឺម៉កម៉ូតូលក់គុយទាវ និងបន្តទៅបុកម៉ូតូរ៉ឺម៉កចតស្ងៀមមួយគ្រឿងទៀត បណ្តាលឲ្យបុរសអ្នកលក់គុយទាវរងរបួសរលាករលួយពេញដងខ្លួនត្រូវដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវកែវចិន្តា ក្នុងក្រុមទី១២ ភូមិ១ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចប្រាប់ថា មុនកើតហេតុ រថយន្តហ៊ីណូធុនធំ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ក-7543 ភព3 ធ្វើដំណើរតាមបណ្តោយផ្លូវកែវចិន្តា ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងជើងវត្តប្រជុំសាគរ ក៏បានរេចង្កូតមកខាងឆ្វេងដៃទៅបុករ៉ឺម៉កម៉ូតូលក់គុយទាវ ហើយបន្តជ្រុលទៅបុករ៉ឺម៉កម៉ូតូ ១គ្រឿង ទៀតដែលចតស្ងៀម បណ្តាលឱ្យអ្នកលក់គុយទាវរងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន។
ក្រោយកើតហេតុ អ្នកបើកបររថយន្តខាងលើបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ៕
Source : cen.com.kk