សហភាពសហជីពកម្ពុជានៅថ្ងៃពុធ ទី២៦ ខែមិថុនានេះ បានផ្ញើលិខិតអំពាវនាវដល់សមាជិក, កម្មករ, និយោជិត, គ្រូបង្រៀន, មន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិនៅក្នុងការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដាខាងមុខ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានឲ្យដឹងក្នុង
សន្និសីទកាសែតនាទីស្នាក់ការក្រុងភ្នំពេញថា
មូលហេតុដែលនាំឲ្យរូបលោកចេញសេចក្តីអំពាវនាវនេះគឺដោយយល់ថា
គណបក្សសង្គ្រោះជាតិ មានគោលនយោបាយល្អ
និងជួយគិតគូរពីសុខទុក្ខមន្ត្រីរាជការ, គ្រូបង្រៀន, សិស្សនិស្សិត
និងកម្មករឲ្យទទួលបានប្រាក់បៀវត្សសមរម្យ ជាពិសេស
ឲ្យប្រទេសជាតិគោរពសិទ្ធិមនុស្ស និងគ្មានការគំរាមកំហែង។
ដូចគ្នាដែរសំរាប់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជានៅ
ថ្ងៃទី២៦ ខែមិថុនា ក៏បានចេញសេចក្តីអំពាវនាវ
របស់ខ្លួនឲ្យប្រជាពលរដ្ឋជាពិសេសយុវជនសិស្ស, និស្សិត, បញ្ញវន្ត
អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥
ខែកក្កដាខាងមុខកុំបីខានព្រោះថា ការបោះឆ្នោតមានសារៈសំខាន់
ដើម្បីជំរុញឲ្យជីវភាពរស់នៅរបស់បងប្អូនមានការផ្លាស់ប្តូរ។
លិខិតដដែលបញ្ជាក់ថា បើបងប្អូនបោះឆ្នោត
ឬសំរេចចិត្តត្រូវនោះ ជីវភាពរបស់បងប្អូននឹងប្រសើរឡើង
ហើយសង្គមជាតិនឹងមានការរីកចំរើន។
ដូច្នេះសូមបងប្អូនបោះឆ្នោតស្របតាមសតិសម្បជញ្ញៈពិតប្រាកដ
របស់បងប្អូនម្នាក់ៗដោយសេរី។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥
នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៣ខាងមុខ។
ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៨
បានចុះឈ្មោះចូលរួមប្រកួតប្រជែង។រីឯយុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
ប្រភពពី វិទ្យុអូស្ត្រាលី