គម្របក្បាលគ្រាប់ នៃ Shenzhou-10 ដែលផ្ទុកអវកាយានិកចិន ៣ នាក់ បានវិលត្រលប់មកផែនដីវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើបេសកកម្មរយៈពេល ១៥ ថ្ងៃ នៅក្នុងលំហអាកាសមកនោះ ។
អាវកាសយានិកទាំងនោះ បានធ្វើដំណើរតាមយានអវកាសចិន Shenzhou-10 ឡើងទៅកាន់កន្លែងពិសោធន៍លំហអាកាសរបស់ចិន Tiangong-1 ។
ពួកគេបានបញ្ចប់លំហាត់ចតដោយដៃ និងអវកាសយានិក Wang Yaping ក៏បានផ្តល់មេរៀនជាវីដេអូ ត្រលប់មកផែនដី ដល់និស្សិតបានយល់ដឹងផងដែរ ។ Shenzhou-10 គឺជាយានអវកាសសម្រាប់ធ្វើបេសកកម្មលំហអាកាសដោយដៃលើកទី៥ និងបានកើតឡើង ១០ ឆ្នាំមកហើយ បន្ទាប់ពីត្រូវបានបញ្ចូនអវកាសយានិកម្នាក់ ទៅកាន់លំហអាកាសលើកដំបូងនោះ ។
ស្ថានីយ៍ទូរទស្សន៍រដ្ឋចិន បានបង្ហាញឲ្យឃើញថា គម្របក្បាលគ្រាប់ នៃ Shenzhou-10 បានចុះចតនៅវាលស្មៅ នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង នៅវេលាម៉ោង ០៨ និង ០៧ នាទី ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ។ មេបញ្ជាការបេសកកម្ម លោក Nie Haisheng គឺជាជនទី១ ដែលបានចាកចេញពីគម្របក្បាលគ្រាប់ នៅម៉ោង ០៩ និង ៣១ នាទី ហើយបន្ទាប់មក គឺក្រុមការងាររបស់គាត់ដែលមានឈ្មោះ Wang Yaping និង Zhang Xiaoguang ។
សារព័ត៌មានចិនបាននិយាយថា អវកាសយានិកទាំងនោះ ក៏ត្រូវការពេលវេលា ដើម្បីសម្រួលខ្លួនរបស់ពួកគេឲ្យបានល្អផងដែរ ទៅនឹងកម្លាំងស្រូបទាញនៃផែនដី មុនពេលផុសខ្លួនចេញពីគម្របក្បាលគ្រាប់លំហអាកាសនេះ ។ សូមបញ្ជាក់ថា លោក Nie គឺជាអ្នកបេសកកម្មពីមុនមួយរូប ដែលបានចំណាយពេលច្រើនម៉ោង នៅក្នុងលំហអាកាស ជាងអ្នកដទៃទៀត រហូតដល់ទៅ ៤៧០ ម៉ោង សម្រាប់បេសកកម្មពី២លើករបស់គាត់ -នេះបើយោងតាមភ្នាក់ងារស៊ីនហួរឲ្យដឹង ៕
ប្រភពពី ខ្មែរស្ថាបនា