កូស្តារីកា ៖ បុរសម្នាក់ស្ទើរតែអស់ជីវិត ដោយចង្កូមមច្ចុរាជរបស់សត្វក្រពើ ខណៈដែលរូបគេកំពុងផ្តិតយក រូបភាពសត្វក្រពើ នៅឯច្រាំង ទន្លេរមួយកន្លែង ដោយចូលទៅជិតពួកវា ពេលមិត្តរបស់គេកំពុងបោះចំណីឲ្យក្រពើ ទាំងនេះ ។
បុរសដែលជាអ្នកថតរូបម្នាក់ ដែលមានឈ្មោះ Antonio បានព្យាយាមផ្តិតយករូបភាពស៊ីចំណីយ៉ាងសាហាវរបស់សត្វក្រពើចំនួនបីក្បាល នៅតាមច្រាំងទន្លេរ Tarcoles ប្រទេសកូស្តារីកា ក្នុងគោលបំណងផលិតភាពយន្តឯកសារស្តីពីជីវិតសត្វកំណាចនេះ ។ ប៉ុន្តែអ្វីដែលរូបគេស្មានមិនដល់នោះ ពេលកំពុងតែផ្តិចយករូបភាព ដោយមានមិត្តរបស់គេជាអ្នកជួយបោះចំណីឲ្យក្រពើធំៗចំនួន ៣ក្បាលក្នុងទន្លេរ ស្រាប់តែ ក្រពើមួយក្បាលបានសម្ងំប្រុងនឹងត្របាក់លោក Antonio ។ ដោយឃើញបែបនេះ មិត្តរបស់គាត់បានស្រែកដើម្បីឲ្យលោក Antonio ដឹងខ្លួនថាមានក្រពើមួយក្បាលកំពុងពួនវាយប្រហារគេ ធ្វើឲ្យរូបគាត់អាចគេចផុតពីចង្កូមដ៏មុតស្រួតរបស់សត្វកំណាចនេះ ។
លោក Antonio បាននិយាយថា ដំបូងខ្ញុំបានព្យាយាមចូលទៅជិតពួកវា ដោយមានមិត្តរបស់ខ្ញុំជួយបោះចំណីដើម្បីមិនឲ្យពួកវាចាប់អារម្មណ៍នឹងខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំស្មានមិនដល់ គឺនៅមានក្រពើមួយក្បាលកំពុងពួនលប់វាយប្រហារនៅក្បែរច្រាំងប្រមាណមិនដល់កន្លះម៉ែត្រពីខ្ញុំផង ។ លោកថា បើខ្ញុំមិនរហ័ស ហើយគ្មានមិនរបស់ខ្ញុំជាអ្នកប្រាប់ឲ្យដឹងទេនោះ ពេលនេះ ខ្ញុំច្បាស់ជាក្លាយជាចំណីរបស់ពួកវាមិនខាន៕