សមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនពលរដ្ឋមានបញ្ហាដីធ្លី ៣នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា។ ការចាប់ខ្លួននោះ ធ្វើឡើងនៅពេលដែលពលរដ្ឋទាំងបីនាក់ចូលខ្លួនបំភ្លឺនៅនាយកដ្ឋាន កណ្ដាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ តាមពាក្យប្ដឹងរបស់ក្រុមហ៊ុន ឃុន សៀ ពីបទបំផ្លាញទ្រព្យសម្បត្តិឯកជន។
បន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញ សាកសួរអស់រយៈពេលជាង ៥ម៉ោងរួចមក ប្រជាពលរដ្ឋ ៣នាក់រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅក្នុងបណ្ដឹងរបស់ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។
ហេតុការណ៍ប្ដឹងផ្ដល់នោះកើតឡើងបន្ទាប់ពីក្រុមហ៊ុន ឃុន សៀ កាលពីថ្ងៃទី៤ ខែមេសា បានមកយកទីតាំងសង្កាត់ចាស់នោះតាមកិច្ចព្រមព្រៀងជាមួយអាជ្ញាធរដែល ពលរដ្ឋអះអាងថា មានទំហំទឹកប្រាក់ ៣លានដុល្លារ។
ពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងកក់១ ចំនួន ៤គ្រួសារ បានព្រមព្រៀងចាកចេញ តែបីគ្រួសារទៀត មិនព្រមចេញទេ ដោយទារសំណងបន្ថែម។ ពេលក្រុមហ៊ុនចុះរុះរើទីតាំងនោះ ក៏មានការប្រទាក់ប្រទងគ្នាខ្លះតែម្ដងទៅ ហើយពលរដ្ឋទាំងបីនាក់ មានឈ្មោះ លី ស្រ៊ាខេង អាយុ ៧០ឆ្នាំ លី ប៊ុនហៀង អាយុ ១៦ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤ឆ្នាំ មិនអនុញ្ញាតឲ្យក្រុមហ៊ុនបោះរបងលើដីគាត់ធ្លាប់រស់នៅទេ។ ហេតុការណ៍នេះហើយដែលក្រុមហ៊ុននឹងដាក់ពាក្យបណ្ដឹងប្ដឹងពលរដ្ឋទាំង បីនាក់នោះ។
រយៈពេល ១ខែចុងក្រោយនេះ ពលរដ្ឋទាំងនោះជួបប្រទះហេតុការណ៍ជាច្រើនមកហើយ ដូចជាករណីបំពុលឆ្កែបួនក្បាលឲ្យងាប់ ករណីជនមិនស្គាល់មុខយកទឹកនោម ទឹកលូ និងទឹកលាមកជះលើដំបូលផ្ទះអ្នកភូមិ។
អ្នកភូមិឈ្មោះ កញ្ញា លី សៀវម៉ី ដែលត្រូវជាកូន និងជាបងស្រីរបស់បុរស ២នាក់ ក្នុងចំណោម ៣នាក់ដែលត្រូវចាប់ខ្លួន ក៏ធ្លាប់ទូរស័ព្ទមកផ្ដល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ទាំងកណ្ដាលយប់ដែរ ថាមានក្រុមមនុស្សទំនងជាញៀនថ្នាំ ៤ ទៅ ៥នាក់ មកបំផ្លាញដើមឈើពួកគាត់។ ក្រុមអ្នកភូមិបានទៅប្ដឹងសមត្ថកិច្ចដែរ តែមិនមានសមត្ថកិច្ចណាអន្តរាគមន៍ទេ។
កញ្ញា លី សៀវម៉ី ក៏ត្រូវគេកាប់ជាច្រើនពូថៅទៀត។ ទង្វើទាំងនោះ ត្រូវបានអ្នកភូមិប្រាប់ថា ជាការបង្ខំឲ្យពួកគាត់ចេញពីលំនៅឋានប៉ុណ្ណោះ៕
ប្រភពពី RFA