Play Now

ក្រសួង​មហាផ្ទៃ​ត្រៀម​កម្លាំង​ចម្រុះ​ជិត​២​ម៉ឺន​នាក់​ការពារ​សន្តិសុខ​ឃោសនា​បោះឆ្នោត

ចាប់​ពី​ពេល​ឃោសនា​បោះឆ្នោត រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​ត្រៀម​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ធានា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បរិយាកាស​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សម្រាប់​កិច្ច​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល ដោយ​បង្ការ​មិន​ឲ្យ​មាន​បាតុភាព​ណា​មួយ​អាច​កើត​មាន​ជា​ចៃដន្យ។
អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣ ថា ប៉ូលិស​ជិត ២​ម៉ឺន​នាក់ ត្រៀម​ការពារ​សន្តិសុខ​រយៈពេល​ឃោសនា​បោះឆ្នោត។ ហើយ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត នឹង​មាន​កម្លាំង​ការពារ​សន្តិសុខ​រហូត​ទៅ​ដល់​ជិត ៧​ម៉ឺន​នាក់។
ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ត​ទៅ សមត្ថកិច្ច​មាន​គោលដៅ​ការពារ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត និង​ការពារ​មុខ​សញ្ញា​ជន​ដែល​ត្រូវ​ការពារ៖ «ក្នុង​ដំណាក់​កាល​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ កម្លាំង​ជា​ទូទៅ គឺ​យើង​ប្រើ​ជិត ២​ម៉ឺន​នាក់ ក្នុង​ដំណាក់​កាល​១​ខែ។ ហើយ ២​ម៉ឺន​នាក់​នេះ គឺ​ជា​កម្លាំង​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​យើង​រាប់​ថា កម្លាំង​ជាក់ស្តែង​ប្រតិបត្តិការ​ចំហ យើង​អត់​និយាយ​ដល់​កម្លាំង​សម្ងាត់ និង​កម្លាំង​គាំទ្រ​ផ្សេង​ទៀត​ទេ។ ក្រៅ​ពី​នោះ ដល់​ពេល ដំណាក់​កាល​មុន ៤-៥​ថ្ងៃ​សម្រាប់​ការ​បោះឆ្នោត​ហ្នឹង និង​ដល់​ថ្ងៃ​បោះឆ្នោត​ហ្នឹង ជាក់ស្តែង​តែ​ម្តង គឺ​យើង​ប្រើ​កម្លាំង​សរុប​រហូត​ដល់​ជិត ៧​ម៉ឺន​នាក់»
លោក គៀត ច័ន្ទថារិទ្ធ បន្ថែម​ថា កម្លាំង​សមត្ថកិច្ច​ត្រៀម​ការពារ​ច្រើន គឺ​ព្រោះ​តាម​ច្បាប់​បោះឆ្នោត ការិយាល័យ​បោះឆ្នោត​នីមួយៗ​ត្រូវ​មាន​ភ្នាក់ងារ​សន្តិសុខ​ចំនួន ៣​នាក់។ ប៉ុន្តែ ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នីតិកាល​ទី៥ មាន​ការិយាល័យ​បោះឆ្នោត​ជាង ១​ម៉ឺន ៩​ពាន់ ការិយាល័យ ទើប​ត្រូវ​បង្កើន​កម្លាំង​ការពារ​សន្តិសុខ​ច្រើន​ដែរ៖ «អីចឹង ១​ម៉ឺន ៩​ពាន់ ៩​ការិយាល័យ អស់​លោក​គុណ​នឹង​៣​ទៅ ឃើញ​ហើយ ជាង ៥​ម៉ឺន​នាក់​ហើយ។ អីចឹង​យើង​នៅ​កម្លាំង​ការពារ ក្រៅ​ពី​នោះ​យើង​មាន​កម្លាំង​ការពារ​នៅ​តាម​ទីស្នាក់ការ​របស់​គណៈកម្មការ​ ជាតិ​រៀបចំ​ការ​បោះឆ្នោត ថ្នាក់​ឃុំ​សង្កាត់​នោះ ហើយ​យើង​មាន​កម្លាំង​ដែល​ត្រៀម​បម្រុង​សម្រាប់​អន្តរាគមន៍​នៅ​គ្រប់​ខណ្ឌ ស្រុក ក្រុង។ យើង​មាន​កម្លាំង​អន្តរាគមន៍​នៅ​ថ្នាក់​រាជធានី ខេត្ត និង​នៅ​ថ្នាក់​កណ្ដាល​ទៀត។ អីចឹង សរុប​មក​កម្ពស់​ចុង​ក្រោយ​នោះ ជិត ៧​ម៉ឺន ខ្វះ​តិចតួច»
លោក​ថា តាម​ច្បាប់​បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​នីមួយៗ សមត្ថកិច្ច ៣​នាក់​អាច​មាន​អាវុធ​តែ​១​ដើម​សម្រាប់​ការពារ​ថ្ងៃ​បោះឆ្នោត។ ប៉ុន្តែ​ប៉ូលិស​ម្នាក់​ដែល​ឈរ​នៅ​ចម្ងាយ ១៥​ម៉ែត្រ ពី​ការិយាល័យ​បោះឆ្នោត​ផ្នែក​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត ប៉ូលិស​នោះ​មិន​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ទេ។ តែ​ប៉ូលិស​ដែល​ឈរ​នៅ​ខាង​ក្រៅ​ចម្ងាយ ១០០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ ពី​ការិយាល័យ​បោះឆ្នោត គឺ​ជា​ប៉ូលិស​ដើរ​ល្បាត​ការពារ​កន្លែង​បោះឆ្នោត​ចំនួន ២​នាក់ អនុញ្ញាត​ឲ្យ​កាន់​អាវុធ ១​ដើម ដែល​មាន​គ្រាប់​កាំភ្លើង​យ៉ាង​ច្រើន​បំផុត ៣០​គ្រាប់។
លោក​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មុន​ពេល​ឃោសនា​បោះឆ្នោត​មាន ១​ករណី គឺ​ការ​សម្លាប់​ព្រះសង្ឃ​នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​ការ​ចោទ​ថា ជា​រឿង​នយោបាយ។ ប៉ុន្តែ ប៉ូលិស​បាន​រក​ឃើញ គឺ​ជា​ករណី​ប្លន់។ ក្រៅ​ពី​នោះ មាន​ការ​ទម្លាក់ និង​កាប់​ស្លាក​គណបក្ស​នយោបាយ ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម ដែល​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។ លោក គៀត ច័ន្ទថារិទ្ធ បន្ថែម​ថា កម្លាំង​ការពារ​សន្តិសុខ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ថ្ងៃ ៨​ពាន់​រៀល​ក្នុង​ម្នាក់ សម្រាប់ ៣០​ថ្ងៃ។ តែ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ២​ថ្ងៃ កម្លាំង​ការពារ​សន្តិសុខ​មាន​ជិត ៧​ម៉ឺន​នាក់ ក្នុង​ម្នាក់ ៨​ពាន់​រៀល​ដែរ ក្នុង ១​ថ្ងៃ​ដូច​គ្នា។
ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​សេចក្តី​ណែនាំ​ឲ្យ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​ថ្នាក់​រាជធានី ខេត្ត ត្រូវ​ធានា​រាយការណ៍ ១​ថ្ងៃ​ពីរ​ដង ព្រឹក​ម៉ោង​៨ និង​រសៀល​ម៉ោង​៤ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​បោះឆ្នោត​ចប់​សព្វគ្រប់​ជា​ស្ថាពរ លើក​លែង​ករណី​បន្ទាន់​ជះ​ឥទ្ធិពល​ដល់​ផ្នែក​នយោបាយ ត្រូវ​រាយការណ៍​ជា​វិសាមញ្ញ​ជូន​មក​ខាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ សន្តិសុខ​អចិន្ត្រៃយ៍ ដើម្បី​មាន​វិធាន​ការ​ដោះស្រាយ​ទាន់​ពេល។
អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់ ​ថ្នាក់ ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ស្ងប់ស្ងៀម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​បោះឆ្នោត និង​បទ​បញ្ជា​របស់ គ.ជ.ប។ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត សហការ​ជាមួយ​ប្រធាន​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ធានា​ឲ្យ​បាន​សន្តិសុខ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី និង​បទ​បញ្ជា​ដែល​បាន​កំណត់។
គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​តាម​លំដាប់​ថ្នាក់ ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រចាំ​ការ​អចិន្ត្រៃយ៍​នៅ​តាម​ថ្នាក់​របស់​ ខ្លួន ដើម្បី​ទទួល​ព័ត៌មាន និង​ដោះស្រាយ​ព័ត៌មាន ពាក់ព័ន្ធ​ដល់​ការ​បោះឆ្នោត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ទន្ទឹម​នោះ ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ឆ្លើយ​តប​ចំពោះ​បាតុភាព ឬ​ឧបទ្ទវហេតុ​ផ្សេងៗ ចៀសវាង​ការ​ឆ្លៀត​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ ឬ​ក្នុង​គោល​បំណង​បំផ្លាញ​ការ​បោះឆ្នោត​ជាដើម៕
ប្រភពពី RFA

សូមជួយផ្តល់មតិ និងចែករំលែក

Play Now