Play Now

គណបក្សនយោបាយ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ថ្ងៃ​ដំបូង

ភ្នំពេញ: នៅ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​បើកឆាក​ដំបូង នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នឹងធ្វើ​សកម្មភាព​ឃោសនា នៅតាម​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​ថ្លែង​សារ​នយោបាយ​របស់ខ្លួន​ក្នុងការ​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។​

សម្រាប់​គណបក្ស ប្រជាជន​កម្ពុជា ដែល​កំពុងតែ​កាន់អំណាច និង​គណបក្ស សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង នៅ​រាជធានី​ភ្នំពេញ នឹងធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​ផ្សេងគ្នា​។

​លោក អ៊​ក គីម​ហាន ប្រធាន​នាយកដ្ឋាន​បូកសរុប ខុទ្ទកាល័យ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា សមាជិក សមាជិកា គណបក្ស ប្រជាជន​កម្ពុជា​នឹងធ្វើ​ការជួប​ជុំគ្នា នៅ​មជ្ឈមណ្ឌល សន្និបាត​កោះ​ពេជ្រ ដោយមាន​អ្នកចូលរួម​ចំនួន ១២០០០​នាក់ និង​មាន​រថយន្ត​ចំនួន ៩០០​គ្រឿង រួមទាំង​មាន​អ្នក​សិ​ល្បះ តារា​សម្តែង អ្នកចំរៀង​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ជាង​១០០​នាក់​ផងដែរ​។ បន្ទាប់ពី​ជួបជុំ នៅ​កោះ​ពេជ្រ គណបក្ស ប្រជាជន​កម្ពុជា នឹងធ្វើ​ការ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចេញទៅ​ខណ្ឌ​ទាំង​៩ ក្នុង​រាជធានី​ភ្នំពេញ​។​

ចំណែក​លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ គណបក្ស សង្គ្រោះ​ជាតិ និង​ធ្វើការ​ជួបជុំគ្នា នៅ​ទីលាន ប្រជាធិបតេយ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​(​គិតតែ​ចំនួន​អ្នក​ដែល​ជិះ​រថយន្ត​) និង​មាន រថយន្ត​ជាង ១០០​គ្រឿង​។ ហើយ​ចំនួន​មហាជន​ដែល​ស្ម័គ្រចិត្ត​ជិះ​ម៉ូតូ​ចូលរួម​រាប់រយ រាប់ពាន់​ម៉ូតូ​ទៀត មិនអាច​កំណត់​ចំនួន​បានទេ​។​

លោក​បាន​បន្តថា ចំពោះ​យុទ្ធនា​ការឃោសនា​ដំបូង​របស់​គណបក្ស សង្គ្រោះ​ជាតិ មាន​លោក កឹម សុខា នឹង​ឡើង​ង​ថ្លែង​សារ​នៅ​ទីលាន​ប្រជាធិបតេយ្យ រួម​មក​នឹង​អាច​លោក សម រង្ស៊ី ប្រធាន​គណបក្ស ថ្លែង​តាម​វីដេអូ​ខិ​ន​ហ្វ្រើ​រិ​ន ពី​ប​ក្រៅប្រទេស​។ ប៉ុន្តែ​ក្នុងករណី​ពេលវេលា​មិន​អំណោយផល គឺ​នឹង​ហែរ​ក្បួន​ចេញទៅ​តែម្តង​។​

​អនុប្រធាន​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​ការ​ហែរ​ក្បួន​នេះ​មាន​គោលបំណង​៣ ដោយ​គោលបំណង​ទី​១- ចែក​ខិត្តប័ណ្ណ ទី​២- ចាក់​មេក្រូ​ថ្លែង​សារ​នយោបាយ និង​ទី​៣- ចែក​រូបភាព​គណបក្ស និង​ពាក្យស្លោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្គាល់​ច្បាស់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​”​។​

​រីឯ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ នេះ គឺ​មិនបាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​នោះទេ ដោយ​ទៅធ្វើ​យុទ្ធនា​ការឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​គំ​ពង់​ចាម​។​

​លោក ទុំ សម្បុរ អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គណបក្ស ហ្វ៊ិ​ន​ស៊ិនប៉ិច ធ្វើ​យុទ្ធនា​ការឃោសនា​ធំ​នៅ​ខេត្តកំពង់ចាម ដោយ​ធ្វើការ​ជួបជុំគ្នា​នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៦០០០​នាក់ មាន​រថយន្ត​ជាង ១០០​គ្រឿង និង​ម៉ូតូ​ជាង​២០០០​គ្រឿង​។ សមាជិក​ចូលរួម​ឃោសនា​ពាក់អាវ​គណបក្ស ដែលមាន​ពណ៌​លឿង និង​មួក​ពណ៌​លឿង មាន​រូប​សញ្ញា​គណបក្ស​។​

​លោក​បន្តថា នៅក្នុង​យុទ្ធនា​ការឃោសនា​នេះ គឺ​សម្តេចព្រះ​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ព្រះរាជ​បុត្រី​ពៅ​សម្តេចឪ និង​ជា​ព្រះប្រធាន​គណបក្ស និង​លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​រួមទាំង​មន្ត្រីជាន់ខ្ពស់ ចូលរួម​បើក​យុទ្ធនា​ការឃោសនា​។ បន្ទាប់ពី​ជួបជុំគ្នា​រួចរាល់​អស់ហើយ នឹងធ្វើ​ការ​ហែរ​ក្បួន​ជុំវិញ​ខេត្ត​រួច​បំបែក​គ្នា ទៅតាម​ស្រុក​នីមួយៗ​។​

​លោក ខឹម វាសនា ប្រធាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​គណបក្ស​របស់លោក នឹងធ្វើ​យុទ្ធនាការ ឃោសនា នៅ​ថ្ងៃ​ដំបូង នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០០​នាក់ ដោយ​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស ស្ថិតនៅ​ផ្ទះ​លេខ​១០៨B2 ផ្លូវ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

​លោក​បាន​បន្តថា បន្ទាប់ពី​ជួបជុំគ្នា​រួច នឹងធ្វើ​ការ​ហែរ​ក្បួន​ទៅ​រង្វង់​មូល​ទីក្រុង​តាខ្មៅ រួច​ធ្វើការ​ហ​ហែ​ក្បួន​វិល​ចូលមក រាជធានី​ភ្នំពេញ​វិញ​។​

​លោក សេង សុ​ខេង ប្រធាន​គណបក្ស សញ្ជាតិ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដំបូង គណបក្ស​របស់លោក​មិនបាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​បើក​យុទ្ធនាការ​នៅ​ខេត្តកណ្តាល ស្ថិតនៅ​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០០​នាក់ និង​មាន​រថយន្ត​ចំនួន​១០០​គ្រឿង​។ បន្ទាប់ពី​ធ្វើការ​ឃោសនា​នៅ​ខេត្តកណ្តាល​រួច និង​ធ្វើការ​ដង្ហែរ​ក្បួន​ឆ្ពោះទៅកាន់​ខេត្តព្រៃវែង​។​

​លោក ចាន់ យ៉េត អនុប្រធាន​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹងថា គណបក្ស​របស់លោក មិន​ធ្វើ​ការបើក​យ​យុទ្ធនាការ​នៅ​រាជធានី​ភ្នំពេញ​ទេ គឺ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខេត្តស្វាយរៀង ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ៥០០ នាក់​តែប៉ុណ្ណោះ ដោយមាន​ម៉ូតូ​កង់​បី និង​គោយន្ត​ខុសពី​គណបក្ស​ដទៃ ដោយសារតែ​គណបក្សរ​បស់​លោក​មិនសូវមាន​ថវិកា​។​

​ចំណែក​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​កណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​ទទួលបាន​ដំណឹង ពី​ការ​ហែរ​ក្បួន ឃោសនាបោះឆ្នោត​នោះទេ​។​

​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា យុទ្ធនាការ​ឃោសនាបោះឆ្នោត ចាប់ផ្តើម​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ ។ ហើយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា គឺជា​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​ការបិទ​ផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​៕​

- See more at: http://cen.com.kh/localnews/show_detail/19?token=MzAwZDZlNz#sthash.j1fQXrnv.dpuf

សូមជួយផ្តល់មតិ និងចែករំលែក

Play Now