ក្រុង សេអ៊ូលៈ ក្រុមហ៊ុន SK Telecom របស់កូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធពីការចាប់ផ្តើមបណ្តាញ ទូរស័ព្ទចល័តថ្មី ដែលផ្តល់ល្បឿនលឿនជាងបណ្តាញទូរស័ព្ទ LTE ចាស់ទ្វេដងនិងលឿនជាងសេវា 3G ១០ដង។ សេវាទូរស័ព្ទ LTE-Advanced ថ្មី ដែលនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះនៅក្រុងសេអ៊ូល និងនៅទីក្រុងចំនួន៤០ផ្សេងទៀតដែរនោះនឹងផ្តល់លទ្ធភាពដល់អ្នក ប្រើប្រាស់ទាញយករឿងភាពយន្តទាំងមូលដោយប្រើប្រាស់រយៈពេលត្រឹមតែ ៤០វិនាទីប៉ុណ្ណោះ។
បណ្តាញទូរស័ព្ទនេះ បានដាក់ឲ្យប្រើប្រាស់ជាមួយនឹងទូរស័ព្ទទំនើប Galaxy S4 របស់ក្រុមហ៊ុន Samsung ដែលអាចប្រើប្រាស់កម្មវិធី LTE-A ថ្មីនេះបានហើយក្រុមហ៊ុន SK Telecom បានឲ្យដឹងថា ទូរស័ព្ទទំនើបផ្សេងទៀតជាងពាក់កណ្តាលអាចនឹងផ្តល់លទ្ធភាពឲ្យប្រើ ប្រាស់ជាមួយនឹងសេវាទូរស័ព្ទថ្មីនេះនៅឆមាសទីពីរ ឆ្នាំ២០១៣នេះ។
លោក Park In-Sik ប្រធានផ្នែកប្រតិបត្តិការអាជីវកម្ម បណ្តាញទូរស័ព្ទនៅក្រុមហ៊ុន SK Telecom បានឲ្យដឹងថា៖ «បណ្តាញទូរស័ព្ទ LTE-A នឹងផ្តល់កំណើតដល់សេវាទូរស័ព្ទដែលមានតម្លៃបន្ថែមថ្មី ដែលអាចនាំមកនូវការផ្លាស់ប្តូរការច្នៃប្រឌិតចំពោះជីវិតរស់នៅ របស់អតិថិជនយើង»។
ក្រុមហ៊ុន SK Telecom មានផែនការប្រើប្រាស់បណ្តាញទូរស័ព្ទថ្មីនេះ ដើម្បីបើកដំណើរការសេវាហៅទូរស័ព្ទតាមវីដេអូជាក្រុមបានរហូតដល់ ៤នាក់ ដែលក្រុមហ៊ុននេះ អះអាងថា រូបភាពវីដេអូនឹងច្បាស់ជាងមុន១២ដង ចំណែកឯគុណភាពសំឡេងវិញនឹងច្បាស់ជាងមុនពីរដងបើធៀបនឹងសេវាចាស់។
ក្នុងប្រទេសកូរ៉េខាងត្បូងមានអ្នកប្រើប្រាស់សេវា 4G ប្រហែល ២០លាននាក់រួចហើយ។
កាលពីខែឧសភា ក្រុមការងារស្រាវជ្រាវរបស់ក្រុមហ៊ុន Samsung Electronics បានឲ្យដឹងថា ពួកគេបានសាកល្បងបច្ចេកវិទ្យា 5G ដែលមានល្បឿនលឿនខ្លាំងរួចរាល់ហើយ។ សេវានេះនឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ទាញយករឿងកុនទាំងមូល ក្នុងរយៈពេលតែ១វិនាទីប៉ុណ្ណោះ។
ក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះបានឲ្យដឹងទៀតថា ការសាកល្បងនេះ បានបង្ហាញថា ការបញ្ជូនទិន្នន័យមានទំហំច្រើនជាង១ជីហ្គាបៃក្នុងមួយវិនាទីក្នុង រយៈចម្ងាយ ២គីឡូម៉ែត្រ៕ BP
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍