ភ្នំពេញ: តារាចម្រៀង អេឡិច ចាន់ត្រា បានប្រាប់ឲ្យដឹងពីពេលថ្មីៗនេះថា លោកបានឱកាសសម្តែងខ្សែភាពយន្តបែបភ័យខ្លាច រន្ធត់ ហើយជាលើកទីមួយ ដែលលោកបានសម្តែងជាភាពយន្តភ័យខ្លាច ក្នុងរឿង “ស្រមោលគ្រោះ” ដែលត្រៀមដាក់បញ្ចាំងក្នុងរោងភាពយន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយនឹងការងារក្នុងអាជីពសិល្បៈដ៏មមាញឹក តារាចម្រៀង វ័យ ២៧ឆ្នាំ អេឡិច ចាន់ត្រា ហាក់កំពុងកាក់កបយ៉ាងខ្លាំង ខណៈពេលដែលថ្មីៗនេះ លោកបានតំណែងតួឯកមួយរឿងខ្នាតធំ ដោយប៉ះគ្នាជាមួយដៃគូសម្តែង ដែលពោរពេញទៅដោយបទពិសោធន៍ និងទេពកោសល្យ គឺតារាសម្តែងស្រស់ស្អាត កញ្ញា តូតា។
តារាសាច់សខ្ចី មិនចាញ់តារាស្រីៗ អេឡិច ក្នុងជំនួបតាមទូរស័ព្ទ បានឲ្យស៊ីអ៊ីអិន ដឹងថា“ រឿងស្រមោលគ្រោះ នេះ ជាលើកទីមួយហើយដែលខ្ញុំសម្តែងជាតួឯក។ កន្លងមក មានគេទាក់ទងឲ្យសម្តែងរឿងភាគតាមទូរទស្សន៍ដែរ តែខ្ញុំមិនមានពេលគ្រប់គ្រាន់សម្រាប់ពួកគាត់ ណាមួយពេលខ្លះ ខ្ញុំត្រូវចេញទៅសម្តែងក្រៅប្រទេស ដូច្នេះហើយ ទើបគ្មានពេល។ តែសម្រាប់រឿង “ស្រមោលគ្រោះ” គេទាក់ទងចំពេលដែលខ្ញុំទំនេរពីការងារ ក៏សម្រេចចិត្តសម្តែងតែម្តង”។
កំលោះសង្ហារដែលពោរពេញទៅដោយដៃគូស្រស់ស្អាត មិនតិចជាង ៣នាក់រូបនេះ បានបន្តថា “រឿងនេះ គេថតនៅក្នុងស្រុកចប់ យូរមកហើយដែរ។ ខ្ញុំដូចជាចាំមិនច្បាស់ថា ចប់ក្នុងខែណាទេ ព្រោះពេលដែលថតចប់ គេត្រូវយកទៅកាត់តនៅអាមេរិក ព្រោះអ្នកដឹកនាំ គាត់ចង់ឲ្យសាច់រឿងទាំងមូល មើលទៅមានភាពតក់ស្លុត ភ័យខ្លាច រន្ធត់ ញាប់ញ័រ ព្រោះវាជាខ្សែរឿងខ្នាតធំ”។
តាមប្រភពពីពីធីករក្នុងកម្មវិធីតំបន់យុវវ័យ បានឲ្យដឹងថា រឿងនេះ មានលោកឆាយ ផាន់ណា ជាផលិតករ និងជាអ្នកដឹកនាំសម្តែង។ លោកជាតារាភាពយន្តជើងចាស់។ យើងមិនអាចសុំការបំភ្លឺពីលោកឆាយ ផាន់ណា ចំពោះការចំណាយ ក៏ដូចជាបច្ចេកទេសកាត់តបែបណានោះទេ ព្រោះសព្វថ្ងៃលោកកំពុងតែរស់នៅសហរដ្ឋអាមេរិក៕
ប្រភព សីអីអិន