ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានបង្កឡើងដោយសាររថយន្តដឹកដីមួយគ្រឿង បានបើកកៀរម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូខ្ទាតចូលក្រោមរថយន្តដឹកដីកិនធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង០៥នាទីល្ងាចថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចក្រោយវត្តថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សឿន ស្រ៊ី ភេទប្រុស អាយុ២០ឆ្នាំ មានមុខជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ រីឯម្ចាស់រថយន្តដឹកដីបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នគេនៅពុំទាន់ដឹងថារថយន្តបង្កហេតុនេះជារបស់អ្នកណាដែរ ដោយសាររថយន្តដឹកដីខាងលើ ជាប្រភេទរថយន្តកែឆ្នៃ ហើយមិនមានស្លាកលេខផងដែរ ហើយក្នុងរថយន្តក៏ពុំបានបង្សល់ទុកភស្តុតាងអ្វីដែរ។
បើតាមរៀបរាប់របស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BB-3821 ពណ៌ខ្មៅ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តដឹកដីបើកស្របទិសគ្នា ក្នុងបើកល្បឿនយ៉ាងលឿនដោយមិនគិតពីសុវត្ថិភាពនណានោះទេ ក្រោយមករថយន្តនោះក៏បានឡើងវ៉ាម៉ូតូជនរងគ្រោះ ប៉ុន្តែវ៉ាមិនផុតទើបបណ្តាលឲ្យប៉ះដៃម៉ូតូខាងឆ្វេង ធ្វើឲ្យជនរងគ្រោះដួលចូលរថយន្តផ្នែកកង់ក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូបានខ្ទាតចេញពីរថយន្ត។
ក្រោយពេលកើតហេតុទាំងរថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តដឹកដីមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ចិន្តា
_______________
ប្រភពព័ត៌មានពី៖ វត្តភ្នំ