រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានស្ត្រី ម្នាក់ហៅបក្ខពួកមកព្រួតគ្នាវាយប្លន់យកម៉ូតូ មួយគ្រឿងម៉ាកសេ១១០ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១២និង១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នៅចំណុចផ្លូវលេខ ៤៣០ កែងផ្លូវលេខ១៩៩ ខាងក្រោយមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ រ៉ាវី អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7491 ចេញពីផ្ទះបំណងទៅលេងមិត្តភ័ក្រ ខណៈជិះតាមផ្លូវឃើញប្រទះឃើញនារីជនសង្ស័យខាងលើបានសុំរូបគេដោយសារ ទៅជាមួយ រូបគេក៏យល់ព្រម។ ខណៈពេលនោះ ពួកគេបានជិះម៉ូតូឌុបគ្នាមកតាមបណ្តោយផ្លូវ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យបានប្រាប់ឲ្យខ្លួនឈប់ ម៉ូតូដើម្បីទូរស័ព្ទហៅមិត្តភ័ក្រឲ្យមកទទួលខ្លួន។ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញមានមនុស្សចំនួន ៦នាក់ ក្នុងនោះមានស្រី២នាក់ បានជិះម៉ូតូពីរគ្រឿង មកកន្លែងកើតហេតុ និងបានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយពួកគេបានប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ ទំនប់ទឹក ដើម្បីសុំការអន្តរាគមន៍ឲ្យជួយស្រាវជ្រាវ តាមចាប់ជនល្មើសទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ប្រភពពី វត្តភ្នំ