ការបង្វិលកង គឺជាកីឡាមួយប្រភេទ ដែលមានការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែល ចូលចិត្ដហាត់កីឡា។ កីឡាបង្វិលកងមានសារៈសំខាន់ធ្វើឱ្យរូបរាងកាយមាំមួន សុខភាពល្អ ជាពិសេសសម្រាប់លោកអ្នកដែលចង់សម្រកទម្ងន់ និងចង់បានរាងសមសួន។ ប៉ុន្ដែលោកអ្នកមិនអាចហាត់កីឡាបង្វិលកងនេះតាមចិត្ដនឹកឃើញនោះទេ។ លោកអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់មុននឹងហាត់ទើបប្រសើរ។ អ្នកដែលនិយមហាត់ ភាគច្រើនជាមនុស្សវ័យជំទង់ ពិសេសស្ដ្រីដែល មានរូបរាងធាត់ ក្បាលពោះធំ។
កីឡាបង្វិលកងមានប្រយោជន៍បានអាស្រ័យទៅលើពេលវេលានៃ ការហាត់ សូមប្រើរយៈពេលប្រហែល៣០នាទីក្នុងមួយដង ព្រោះវាអាចជួយធ្វើឱ្យឆេះខ្លាញ់នៅតាមសរសៃពោះជួយឱ្យសាច់ក្បាល ពោះមានសភាពទន់។ ប៉ុន្ដែបើលោកអ្នកហាត់តែ១០ទៅ១៥នាទីនោះ វាគ្រាន់តែជួយកម្ដៅសាច់ដុំឱ្យធ្វើចលនាបានស្រួលតែប៉ុណ្ណោះ។ ការបង្វិលកងជួយសម្រួលឱ្យចលនាបេះដូង និងសរសៃឈាមដើរស្រួលវាសមស្របជាមួយអ្នកដែលមានជម្ងឺលើសឈាម ខ្លាញ់ក្នុង ឈាម ទឹកនោមផ្អែម និងមានបញ្ហាបេះដូង ដែលអាចជួយកាត់បន្ថយបញ្ហាជម្ងឺទាំងអស់នេះបាន។ ពិសេសជួយកាត់បន្ថយជាតិស្ករ ក្នុងឈាមសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម។ ជាធម្មតា នៅដំណាក់កាលហាត់ដំបូង ទោះកីឡាអ្វីក៏ដោយតែងតែមានផលរំខានខ្លះៗ។ យ៉ាងណាម៉ិញការហាត់បង្វិលកង ពេលលោកអ្នកនាងហាត់ដំបូងមានអាការឈឺសាច់ដុំ ព្រោះសាច់ដុំមិនទាន់សម្របនឹងចលនាបានល្អ។ បើលោកអ្នកព្យាយាមហាត់ធ្វើ ចលនាដដែលច្រើនដង ឬបន្ដិចម្ដងៗ សាច់ដុំរបស់លោកអ្នកអាចស៊ាំនឹងការហាត់ លែងមានផលរំខាន។ ប៉ុន្ដែលោកអ្នកមិនត្រូវហាត់ ទាំងបង្ខំ ព្រោះសាច់ដុំត្រូវការសម្រាក បើហាត់ខ្លាំងពេកហួសកម្លាំងអាចមានផលរំខានដល់រាងកាយ។ ដូច្នេះសូមហាត់មួយថ្ងៃ ឈប់ មួយថ្ងៃ ឬហាត់ពីរថ្ងៃឈប់មួយថ្ងៃ៕