ភ្នំពេញ: កាលពីពេលថ្មីៗនេះមានព័ត៌មានលេចឮតាមទំព័រហ្វេសប៊ុក ថានៅក្នុងគេហទំព័រហ្វេសប៊ុកដែលប្រើឈ្មោះកញ្ញាសុគន្ធ នីសា ដែលមានលាយលំនិងរូបភាពស្រីស្រាតដែលដាក់ឆ្លាស់គ្នាយ៉ាងតិច១០សន្លឹកនោះ បានបង្ហោះនៅក្នុងគេហទំព័រហ្វេសប៊ុក។
ទន្ទឹមនឹងការបង្ហោះរូបភាពកញ្ញាសុគន្ធ នីសា លាយលំនឹងរូបស្រីស្រាតនេះដែរ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ ព័ត៌មានគេហទំព័រ CEN បានទំនាក់ទំនងតាមទូរស័ព្ទជួបជាមួយកញ្ញាសុគន្ធ នីសា ហើយនៅក្នុងបទសម្ភាសន៍នោះកញ្ញា បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ការបង្ហោះនិងការបង្កើតគេហទំព័រដែលប្រើឈ្មោះខ្ញុំក្នុងការបង្ហោះរូបភាពលាយលំ និង រូបស្រីស្រាតនេះ វាមិនត្រឹមត្រូវនោះទេ ព្រោះថាខ្ញុំពុំបានដឹងទាល់តែសោះថាគេបង្កើតទំព័រហ្វេសប៊ុកដែលបង្ហោះរូបស្រីស្រាត និងមានទំព័រហ្វេកប៊ុកមួយទៀតដែលប្រើឈ្មោះនាងខ្ញុំចូលពាក់ព័ន្ធក្នុងរឿងនយោបាយ ហើយខ្ញុំក៏ពុំបានដឹងថា គេក្លែងបន្លំទំព័រហ្វេសប៊ុកដែលធ្វើឱ្យខូចឈ្មោះនាងខ្ញុំក្នុងសង្គមនេះដែរ។
ទំព័រហ្វេសប៊ុកនេះ គឺបង្កើតឡើងដើម្បីទំនាក់ទំនងជាមួយក្មេងៗ និងប្រិយមិត្តដែលគាំទ្ររូបនាងខ្ញុំនៅក្នុងហ្វេកប៊ុក។ ម្យ៉ាងវិញទៀតខ្ញុំក៏ចង់ទប់ស្កាត់វាដែរ ប៉ុន្តែខ្ញុំមិនដឹងថាវាមានប្រភពមកពីណានោះទេ ហើយខ្ញុំចង់ផ្តាំផ្ញើទៅអ្នកបង្កើតទំព័រហ្វេសប៊ុកនេះថា នេះត្រឹមតែបង្កើតឈ្មោះរបស់ខ្ញុំ តែបើបង្កើតឈ្មោះសិល្បករផ្សេងទៀត តើធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គេយ៉ាងណា?
ការបង្កើតទំព័រហ្វេសប៊ុកនេះ គឺខ្ញុំគ្រាន់តែចង់ផ្សព្វផ្សាយព័ត៌មានជាមួយប្រិយមិត្តទាំងអស់ដែលបានគាំទ្ររូបនាងខ្ញុំ ក៏ដូចជា ទស្សនិកជនដែលស្រឡាញ់រូបនាងខ្ញុំនេះដែរ។
កញ្ញាសុគន្ធ នីសា បានឱ្យដឹងទៀតថា ទំព័រហ្វេសប៊ុកដែលប្រើឈ្មោះរបស់ខ្ញុំ គឺមានច្រើនណាស់ដែលខ្ញុំចង់ទប់ស្កាត់និងលុបបំបាត់។ ប៉ុន្តែអ្នកបង្កើតខ្លះ គឺគេយកទៅប្រើក្នុងន័យល្អៗជាមួយប្រិយមិត្តនោះទេ។
ម្យ៉ាងវិញទៀតកញ្ញាសុគន្ធ នីសា បានឱ្យដឹងទៀតថា មួយរយៈពេលខ្លីដែលខ្ញុំបានទៅប្រទេសក្រៅនោះ គឺខ្ញុំពុំបានគ្រប់គ្រងទំព័រហ្វេសប៊ុករបស់ខ្ញុំដោយផ្ទាល់នោះទេ ហើយខ្ញុំពុំបានដឹងពីរឿងដែលគេយកទំព័រហ្វេសប៊ុកនេះទៅសរសេរប៉ះពាល់ដល់ផលិតកម្មមួយចំនួននោះទេ។ ខ្ញុំសូមអភ័យទោសដល់ផលិតកម្មមួយចំនួន ដែលក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ បានសរសេរប៉ះពាល់ដោយអចេតនា។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ទស្សនិកជន និងប្រិយមិត្ត ទាំងអស់ដែលបានគាំទ្ររូបនាងខ្ញុំតាំងពីដើមរហូតដល់បច្ចុប្បន្ន បើទោះជាមានព័ត៌មានលេចឮអាក្រក់យ៉ាងណាតាមទំព័រហ្វេសប៊ុក ក៏ប្រិយមិត្ត និងទស្សនិកជននៅតែគាំទ្ររូបនាងខ្ញុំ ហើយដែលជឿជាក់ថារូបនាងខ្ញុំពុំបានប្រព្រឹត្តអ្វីដូចដែលមាននៅក្នុងទំព័រហ្វេសប៊ុកក្លែងបន្លំនោះទេ។
បើទាក់ទិននឹងការចូលផលិតកម្មថ្មី ក៏ដូចជា ផលិតកម្មថោននោះ កញ្ញាសុគន្ធ នីសា បានឱ្យដឹងទៀតថា តាំងពីខ្ញុំចូលផលិតកម្មថ្មី ពោលគឺផលិតកម្មថោន គឺមានការគាំទ្រល្អពីសំណាក់ប្រិយមិត្ត ហើយនៅក្នុងក្រុមហ៊ុនក៏មានដំណើរការល្អយ៉ាងរលូននោះដែរ៕
Source : cen