ម្រះព្រៅជារុក្ខជាតិក្នុងស្រុកមួយប្រភេទមានដើមតូចបែកមែកតូចៗជាច្រើនគ្របដណ្តប់ទៅដោយស្លឹកលាស់ចេញដេញពីគ្នាមួយៗ។ ស្លឹក របស់វាមានរាងពងក្រពើ មានស្នាមជ្រួញៗនៅតាមជាយស្លឹកតិចៗព្រមទាំងមានក្លិនក្រអូបប្រហើរ។ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ រាងទ្រវែងនិងមានស្រទាប់ញឹកស្អេក ជាប់គ្នាតាំងពីអស់ផ្ការហូតដល់ផ្កា។ ម្រះព្រៅដុះលូតលាស់ល្អនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅលើផ្ទៃដី ស្ទើរតែគ្រប់ប្រភេទ ហើយអាចបំបែកពូជបានតាមរយៈគ្រាប់និងផ្សាំមែក។
បច្ចុប្បន្នគេសង្កេតឃើញពូជ២ប្រភេទ គឺពូជម្រះព្រៅស និងម្រះព្រៅក្រហម។ មនុស្សសម័យបុរាណនិយមយកម្រះព្រៅធ្វើជាឱសថឃាត់ឈាមព្រមទាំង ដាំទឹកស្ងោរវាធ្វើជាឱសថបុរាណព្យាបាលអាការចុកសៀតនិងបណ្តេញខ្យល់ ក្នុងពោះ។ បច្ចុប្បន្ននេះអ្នកដែលនៅមានការជឿជាក់លើឱសថបុរាណគេបានប្រើប្រាស់ វាព្យាបាលអាការផ្តាសាយ ឈឺក្បាល ព្រមទាំងអាការដទៃៗទៀត ដូចជា ក្រពះអាហារ អាការរលាក រោគបេះដូង និងសរសៃឈាម។ លើសពីនេះទៀត គេមានការជឿធជាក់ថា ម្រះព្រៅជារុក្ខជាតិដែលជួយឱ្យអាយុវែងជួយសម្រួលប្រព័ន្ធការពាររោគ និងបណ្តេញជាតិពុលផ្សេងៗ ព្រមទាំងជួយបំប៉នធាតុភ្លើងបានទៀតផង។ ចំណែកម្ហូបអាហារវិញ ម្រះព្រៅក៏បំពេញតួនាទីយ៉ាងសំខាន់ជាគ្រឿងទេសដែលមិនអាចខ្វះខាតបាន សម្រាប់ម្ហូបដូចជាម្ហូបឆាក្តៅនិងឆាគ្រឿងជាដើម៕