ស្ត្រីម្នាក់ ដែលទទួលរងជម្ងឺផ្លូវចិត្ត ត្រូវគេជឿថាបានយកខ្លួនឯង ធ្វើជាចំណីដល់ក្រពើនៅតំបន់ទាក់ទាញ ទេសចរណ៍ដ៏មានប្រជាប្រិយ៍មួយក្នុងប្រទេសថៃ ។
ស្ត្រីថៃអាយុ ៣៦ ឆ្នាំរូបនេះបានប្រាប់ប្តីរបស់គាត់ថា គាត់នឹងទៅជួបគ្រូពេទ្យ ហើយបន្ទាប់មកទៀតនឹងទៅកសិដ្ឋានចិញ្ចឹមក្រពើ (Crocodile Farm) ដ៏មានប្រជាប្រិយមួយក្នុងខេត្តសាមុត ប្រាខាន់ នៅជាយក្រុងបាងកក ។
គាត់មិនដែលត្រឡប់មកផ្ទះវិញទេ ប៉ុន្តែគាត់ត្រូវបានថតជាប់លើកាមេរ៉ារបស់ CCTV ដោយដើរចូលទៅតំបន់ទាក់ទាញទេសចរណ៍ដែលស្ថិតឆ្ងាយពីភាគខាងត្បូងក្រុងបាងកកប្រមាណ ៣២ គីឡូម៉ែត្រនេះ ។ អាថ៍កម្បាំងកាន់តែកើតឡើងខ្លាំងទៅៗព្រោះ Crocodile Farm តាមសេចក្តីរាយការណ៍បានបដិសេធការកើតឡើងនូវឧបត្តិហេតុនេះ ។
ទោះជាយ៉ាងណា បុរសជាប្តីឈ្មោះ ស៊ូណៃ ជីសាត្រា អាយុ ៥៥ ឆ្នាំ បានអះអាងថា បុគ្គលិកនៅទីនោះបានប្រាប់គាត់ថាស្ត្រីម្នាក់ស្រដៀងនឹងភិនភាគរបស់ប្រពន្ធគាត់ឈ្មោះ ធីផាវ៉ាន់ នោះត្រូវបានសម្លាប់បាត់ហើយ ។ លោកបាននិយាយថា បុគ្គលិកកសិដ្ឋានបានប្រាប់គាត់ថា ឧបត្តិហេតុបានកើតឡើងបន្ទាប់ពីស្ត្រីរូបនោះបានលោតចូលក្នុងអន្លង់ក្រពើដោយចេតនា ។
លោក ជីសាត្រា ក៏បាននិយាយផងដែរថា លោកត្រូវបានទាក់ទងដោយបុរសម្នាក់ដែលនិយាយថាគាត់ជាអ្នកតំណាងឲ្យកសិដ្ឋាន និងមានបំណងធ្វើការដោះស្រាយ ។ បុរសជាប្តីនិយាយថា លោកមិនភ្ញាក់ផ្អើលនោះទេ ។ ប្រពន្ធរបស់លោកមានបញ្ហាលុយកាក់ និង ទទួលរងជម្ងឺផ្លូវចិត្តយូរមកហើយ ។ លោកនិយាយថា "វាប្រហែលជាអាចទៅរួចដែលគាត់ (ស្ត្រីជាប្រពន្ធ) ធ្វើអត្តឃាតដើម្បីគេចចេញពីបញ្ហារបស់ខ្លួន" ។
លោកបាននិយាយថា លោកនឹងមិនដាក់ពាក្យបណ្តឹងលើម្ចាស់កសិដ្ឋាននោះទេ ។ អ្វីដែលលោកចង់បានគឺការពិត ហើយឧបតិ្តហេតុនានានៅតំបន់ទាក់ទាញទេសចរណ៍ជាច្រើនក្នុងប្រទេសថៃជារឿយៗអាចនឹងត្រូវគេលាក់បាំងដូច្នេះ ៕
ដកស្រង់ចេញពី សីអីអិន
