ឆ្កែអនាថារាប់រយក្បាល ដែលរស់នៅក្នុងកូនផ្ទះតូចៗ នៅក្នុងតំបន់ជាយក្រុងតោកយ៉ាក របស់ឆ្កែនៅក្នុង ប្រទេសប្រេស៊ីលកំពុងរង់ចាំការសុំយកទៅចិញ្ចឹម។
កូនផ្ទះតូចៗដែលប្រក់ដំបូលស័ង្កសីយ៉ាងចង្អៀតត្រូវបានដាក់ពង្រាយនៅតំបន់ជាយក្រុងលើចង្កេះភ្នំ ដែលជាទីប្រជុំជនដ៏ក្រីក្រមួយក្នុងចំណោមទីប្រជុំជនដ៏ក្រីក្រជាច្រើន ដែលជាទីលំនៅសម្រាប់ប្រជាជនប្រេស៊ីលក្រីក្ររាប់លាននាក់នៅពាសពេញប្រទេស។
ប៉ុន្តែតំបន់ជាយក្រុងដ៏ក្រីក្រនៅភាគខាងត្បូងទីក្រុង Caxias do Sul នេះវិញ គឺជាទីជម្រកមួយសម្រាប់ពពួកសត្វឆ្កែមិនមែនមនុស្សនោះទេ។
ទីជម្រកសត្វដ៏ប្លែកនេះត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាល Sociedade Amiga dos Animais (មិត្តនៃសង្គមសត្វ) នៅក្នុងឆ្នាំ១៩៩៨ ដើម្បីព្យាយាមដោះស្រាយបញ្ហាសត្វរាប់រយក្បាលដែលត្រូវបានបំបរបង់ចោលនៅក្នុងទីក្រុងនេះ។
ប៉ុន្តែចំនួននេះបានបន្តមានការកើនឡើង ហើយទីក្រុងឆ្កែដែលត្រូវបានបរិច្ចាគដោយអាជ្ញាធរតំបន់នេះ ពេលនេះគឺជាទីលំនៅសម្រាប់សត្វឆ្កែចំនួន១.៦០០ក្បាល និងសត្វឆ្មាចំនួន២០០ក្បាល។
សត្វជាច្រើនក្បាលដែលទីបំផុតត្រូវបានដាក់នៅឯតំបន់ជាយក្រុងដ៏ក្រីក្រនេះ ត្រូវបានប្រទះឃើញនៅតាមដងផ្លូវ ហើយមួយចំនួនទៀតបានទទួលរងគ្រោះពីការធ្វើទុក្ខទោស។
ពួកអ្នកស្រុកបានហៅវាថា "ទីក្រុងឆ្កែដ៏តោកយ៉ាក"។
ទីក្រុងតោកយ៉ាងរបស់ឆ្កែនេះគឺចង្អៀតណែនខ្លាំងណាស់ ខណៈដែលចំនួនសត្វដែលចូលមកដល់ប្រចាំថ្ងៃ មានចំនួនលើសពីសត្វដែលត្រូវបានសុំយកទៅចិញ្ចឹម។
យោងតាមអង្គការមិនមែនរដ្ឋាភិបាលខាងលើឲ្យដឹងថា ពពួកសត្វទាំងនេះស៊ីអាហារអស់ប្រហែល១២តោនក្នុងមួយខែ៕
ដកស្រង់ចេញពី សីអីអិន
