អ្នកដែលចំណាយ ពេលយ៉ាងតិច ២ម៉ោងមើលអេក្រង់កុំព្យូទ័រ អាចប៉ះពាល់ដល់ភ្នែក ដែលធ្វើឱ្យស្រវាំងភ្នែក, មើលឃើញព្រាលៗ, ឈឺក្បាល, និងភ្នែកស្ងួត។ ភ្នែករបស់អ្នកមិនមែន បង្កើតឡើងសម្រាប់ការមើល រយៈពេលយូររាប់ម៉ោង យ៉ាងនេះនោះទេ។ ប្រសិនបើ អ្នកចាប់អារម្មណ៍ថា ភ្នែករបស់អ្នកស្រវាំង ឬព្រាលមើលមិនច្បាស់ ពេលអ្នកខំព្យាយាមមើលអេក្រង់កុំព្យូទ័រ អ្នកអាចសាកអនុវត្តនូវ វិធីសាស្ត្រដូចខាងក្រោម ដើម្បីជួយសម្រួលភ្នែករបស់អ្នក៖
សម្រាកភ្នែក៖ ក្រុមអ្នកជំនាញបាននិយាយថា នេះគឺជាវិធីល្អបំផុតក្នុង ការព្យាបាលភ្នែកស្រវាំង និងជាវិធីមួយដែលងាយស្រួលជាង ការគិតរបស់អ្នក។ គ្រូពេទ្យ Samuel L. Guillory និយាយថា “អ្នកអាចឱ្យភ្នែករបស់ អ្នក សម្រាកនៅពេល ដែលអ្នកនិយាយទូរស័ព្ទ ឬពេលដែលអ្នកមិន ត្រូវអានឬសរសេរ។ អ្នកដែលធ្លាប់បាន អនុវត្តយុទ្ធសាស្ត្រនេះនិយាយថា វាពិតជាមានប្រសិទ្ធភាពមែន ព្រោះវា ជួយបំបាត់ភាពស្រវាំងភ្នែករបស់ពួកគេបាន ហើយភ្នែករបស់ពួកគេ មានភាពប្រសើរជាង។
យកចិត្តទុកដាក់លើពន្លឺ៖ គ្រូពេទ្យ Guillory បន្តថា “វាមិនធ្វើឱ្យភ្នែករបស់អ្នកឈឺនោះទេ នៅពេលដែលអ្នកអាន នៅក្រោមពន្លឺភ្លើង ព្រឹមៗ ប៉ុន្តែអ្នកអាចធ្វើឱ្យវាស្រវាំងបាន ប្រសិនបើវាមិន ផ្តល់ពន្លឺគ្រប់គ្រាន់។ អ្នកគួរប្រើពន្លឺល្មមដែល មិនចាំងពេក និងចៀសវាង ប្រើ អំពូលភ្លើងដែល ជះពន្លឺចំភ្នែករបស់អ្នក”។
បង្អាក់ការងាររបស់អ្នក៖ គ្រូពេទ្យ Guillory និយាយថា “បើសិនជាអ្នកត្រូវធ្វើការ មុខកុំព្យូទ័ររយៈពេលពី ៦ ទៅ ៨ម៉ោង អ្នកត្រូវ សម្រាកក្នុងចន្លោះពី ២ ទៅ ៣ម៉ោងម្តង។ ក្នុងចន្លោះពេលសម្រាកនោះ អ្នកអាចធ្វើការងារអ្វីផ្សេង ដូចជា ឆុងកាហ្វេ ឬ ទៅបន្ទប់ទឹក ធ្វើយ៉ាងណាឱ្យភ្នែករបស់អ្នកគេចចេញពីអេក្រង់កុំព្យូទ័របាន ១០ ទៅ ១៥នាទី”។
បន្ថយពន្លឺអេក្រង់៖ វាមិនត្រឹមតែជាអក្សរ និងតួលេខប៉ុណ្ណោះទេ ដែលនៅលើអេក្រង់របស់អ្នក វាគឺជាអំពូលដែលជះពន្លឺចំកែវភ្នែក របស់អ្នក។ ដូច្នេះអ្នកត្រូវបន្ថយ ពន្លឺអេក្រង់ឱ្យល្មមនឹងភ្នែក របស់អ្នកដែល អាចមើលបាន។
ឆុងទឹកតែ៖ ក្រោយពីឆុងតែហើយ អ្នកទុកវាត្រជាក់បន្តិច ហើយយកកន្សែងជ្រលក់ក្នុង ទឹកតែក្តៅឧណ្ហៗនោះ។ គេងនិងបិតភ្នែករបស់ អ្នក ហើយយកកន្សែងទទឹក នោះមកគ្របពីលើភ្នែករយៈពេល ១០ ទៅ ១៥នាទី។ វាជួយធ្វើឱ្យភ្នែករបស់ អ្នកបាត់ស្រវាំង។ ប៉ុន្តែអ្នក ត្រូវប្រយ័ត្ន មិនត្រូវឱ្យទឹកតែហូរចូលភ្នែករបស់អ្នកនោះទេ។
ការសហការរបស់ដៃនិងភ្នែក៖ ត្រដុសដៃរបស់ អ្នកទាំងសងខាងឱ្យក្តៅឧណ្ហៗ បន្ទាប់មកបិតភ្នែក ហើយយកដៃរបស់អ្នក ទាំងពីរមក គ្របពីលើភ្នែក ដោយមិនត្រូវសង្កត់ភ្នែកនោះទេ។ ដកដង្ហើមវែងៗនិងយឺតៗ រយៈពេល ២០នាទី។
ការព្រិចភ្នែក៖ ព្រិចភ្នែករបស់អ្នក យ៉ាងតិចឱ្យបាន ៣០០ដងក្នុងមួយថ្ងៃ។ ការព្រិចភ្នែកម្តងៗ អាចជួយលាងសម្អាត ភ្នែករបស់អ្នក និងជួយម៉ាស្សាភ្នែករបស់អ្នក៕