ភ្នំពេញ : ការវិលមកកាន់ទឹកដីកំណើតស្ពាយយកកូនទាំងពីរមកជាមួយដោយពុំមានវត្តមានស្វាមីមន្ត្រីអង្គការណាតូជនជាតិកាណាដារបស់ពិធីការិនីសម្បូរវោហារ ខៀវ សានសាណា ត្រូវបានមហាជនសង្ស័យថាចំណងស្នេហ៍អាចនឹងមានបញ្ហាហើយបានជានាងបង្ខំចិត្តវិលមកស្រុកកំណើតតែម្នាក់ឯង ហើយស្រវាចាប់អាជីពកាន់ក្បាលមេក្រូចាស់នោះ។
ប៉ុន្តែយ៉ាងណាការលើកឡើងដោយគ្មានមូលដ្ឋានជាក់លាក់នេះត្រូវបាននាងឆេះដុំកម្ដៅឡើងដល់ទៅមួយរយអង្សា ហើយឆ្លើយតបវិញថា៖ «ប្តីប្រពន្ធគេនៅស្រឡាញ់គ្នាល្អូកល្អិនចាក់ទឹកមិនលិចបែរជាថាគេមានបញ្ហាទៅវិញ»។
ពិធីការិនីកូនពីរនាង ខៀវ សានសាណាបានបញ្ជាក់ថា៖ «កុំឃើញគេរស់នៅបែកគ្នា ថាស្នេហាមានបញ្ហាអី ដ្បិតថាខ្ញុំមករស់នៅ និងចាប់យកអាជីពចាស់នៅប្រទេសខ្មែរ មិនមានវត្តមានប្តីមកជាមួយនោះ សម្ព័ន្ធភាពប្តីប្រពន្ធនៅធម្មតាទេ»។
ជិត៣ខែហើយដែលអ្នកនាង ខៀវ សានសាណា បានវិលមក ផ្ញើប្រាណលើទឹកដីស្រុកកំណើត និងស្រវាយកការងារចាស់វិញក្រោយពីបានបោះចោលការងារជាពិធីការិនីនៅប៉ុស្ដិ៍ ស៊ីធីអិនបីឆ្នាំ ទៅប្រទេសកាណាដាបានជួបស្វាមីជាមន្ត្រីអង្គការណាតូ លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ដោយបានរៀបការនៅព្រះវិហារ បែបសាសនាគ្រិស្តកាលពីឆ្នាំ២០០៩។ចំណងអាពាហ៍ពិពាហ៍ខ្មែរកាណាដារំលងប្រពៃណីខ្មែរនោះពេលនេះបានផ្តល់កំណើតកូនប្រុសស្រី២នាក់ កូនទី១ ប្រុសឈ្មោះ សេមមី បូវសឺរ (Sammy Bowser ) អាយុពីរខួបកន្លះ កូនទី២ស្រី ឈ្មោះ ដូនណា បូវសឺរ (Donna Bowser) អាយុ១ខួប។
ដោយចុះឡើងៗស្រុកខ្មែរ និងទ្វីបអាមេរិកធ្វើឲ្យនាងត្រូវរស់នៅបែកប្តីនោះ អ្នកនាង ខៀវ សានសាណា បានប្រាប់ថា៖ «ខ្ញុំបានវិលត្រឡប់មកពីប្រទេសកាណាដាកាលពីខែមករា២០១៣»។
ក្នុងជំនួបតាមទូរស័ព្ទជាមួយ ភ្នំពេញ ប៉ុស្តិ៍ អ្នកនាងបានអះអាងថា៖ «ថ្វីដ្បិតតែរស់នៅជាមួយកូនស្រុកខ្មែរបែកគ្នាពីប្តីមែន តែសុភមង្គលមានដូចគ្រួសារដទៃដែរព្រោះអីខ្ញុំចុះឡើងញឹកញាប់ណាស់ មួយខែ ឬពីរខែខ្ញុំនាំកូនៗទៅលេងប៉ាគេម្តងហើយខ្ញុំទើបតែមកពីកាណាដា (ខែមករា ២០១៣)»។
ពិធីការិនីមានស្វាមីវ័យជាងសែសិបឆ្នាំរូបនេះបន្តថា៖ «ប្តីខ្ញុំគាត់ជាប់បំពេញការងារនៅតាមបណ្តាប្រទេសដែលមានសង្គ្រាម ។ គាត់មិនសូវជាបានរស់នៅជុំប្រពន្ធនិងកូនប៉ុន្មានទេ ហើយបើសូម្បីតែខ្ញុំចុះមករស់នៅស្រុកខ្មែរជាមួយកូនៗនេះក៏គាត់មិនបានជូនមកផងហ្នឹង»។
អ្នកនាង ខៀវ សានសាណា បានបញ្ជាក់ថា៖ «ខ្ញុំមកនៅស្រុកខ្មែរ និងចាប់អាជីពជាពិធីការិនីក្នុងទ្រនំស៊ីធីអិនដដែល តែខ្ញុំកាន់កម្មវិធីនៅទូរទស្សន៍ My TV ដែលកម្មវិធីដែលខ្ញុំធ្វើនោះសុទ្ធជាកម្មវិធីថតទុកដូច្នេះខ្ញុំអាចមានពេលទៅលេងប្តីបានហើយក៏មិនប៉ះពាល់ដល់វេលាធ្វើការនៅទូរទស្សន៍នេះដែរ»។
យ៉ាងណាក៏ដោយពិធីការិនីកូនពីររូបសម្រស់មិនចាញ់ក្រមុំនេះហាក់ដឹងខ្លួនថាកាលដែលវត្តមាននាងមិនមានស្វាមីមកជាមួយនេះកំពុងបណ្ដាលឲ្យលេចឮពាក្យចចាមអារ៉ាមបែកបាក់ដែរដោយនាងលើកឡើងថា៖ «មួយរយៈខ្លីនេះ ខ្ញុំដូចជាជ្រេញនឹងពាក្យគេសួរខ្ញុំណាស់ថាចុះមានរឿងអីបានជាមកតែឯងប្តីទៅណាហើយឈប់ទៅរស់នៅកាណាដាទៀតហើយអី?»។
នាងបានបន្ថែមថា៖ «ខ្ញុំធ្លាប់បាននិយាយហើយនិយាយទៀតថាប្តីប្រពន្ធខ្ញុំមិនមានអ្វីខុសពីប្រក្រតីទេពួកយើងស្រឡាញ់គ្នាណាស់ហើយខ្ញុំនេះនឹងឡើងទៅជួបគាត់ពីបីខែម្តង ព្រោះគាត់មិនអាចមកបានទេ គាត់ជាប់បំពេញការងារតាមសមរភូមិ»។
ទាំងពាក្យសំដីបែបជាក្តៅស្លឹកត្រចៀកនោះពិធីការិនីដែលកំពុងបង្ហាញខ្លួនក្នុងកម្មវិធី«ពេញចិត្តអត់» ដែលចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ MyTV អ្នកនាង ខៀវ សានសាណា ក៏បានបង្ហើបពីគម្រោងបន្ថែមសមាជិកតូចៗក្នុងគ្រួសារថា៖ «ខ្ញុំកំពុងតែពិភាក្សាជាមួយប្តីពីគម្រោងយកកូនទី៣ ហើយក៏ដូចជាគម្រោងយកកូនឲ្យគ្រប់ចំនួន៥ ដែលខ្ញុំតែងប្រាប់មុននោះដែរ»។
ទោះជាមានអះអាងពីចំណងស្នេហ៍មិនមានភាពប្រេះឆានិងបង្ហើបពីគម្រោងយកកូនឲ្យគ្រប់ចំនួន៥នាក់តាមការសន្យាយ៉ាងណាក៏ដោយ ក៏នាង ខៀវ សានសាណា បែបជាស្រពេចស្រពិលទៅវិញពេលដែលនាងត្រូវបានសួរថាតើពេលណាការងារប្តីនាងត្រូវចប់?
ពិធីការិនីបានសម្ដីរូបនេះថ្លែងបែបមិនសូវប្រាកដប្រជាថា៖ «ខ្ញុំបានដឹងត្រឹមថាប្តីខ្ញុំគាត់ទៅបំពេញការងារនៅប្រទេស ស៊ូដង់ តែមិនបានដឹងថា គាត់ចប់នៅឆ្នាំណាខែណានោះឡើយព្រោះដ្បិតថាខ្ញុំជាប្រពន្ធតែមិនដែលសិក្សាពីការងារគាត់នោះទេ»៕
ប្រភព Postkhmer
