ភ្នំពេញ: យុវជនម្នាក់បានលោតសម្លាប់ខ្លួន ពីលើផ្សារសូរិយា ជាន់ទី៤ ធ្លាក់មកដល់ជាន់ផ្ទាល់ដីបាក់កស្លាប់ ភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។ ជនរងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ។ ជននោះ បានលោត នៅបរិវេណខាងក្នុងផ្សារ នៅចំណុចជណ្តើរកណ្តាលផ្សារ។
បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើង សន្តិសុខផ្សារសូរិយាបានបិទទ្វារទាំងអស់មិនឲ្យអ្នកកាសែត ចូលទៅថតរូបភាព និងយក ព័ត៌មានឡើយ។
សមត្ថកិច្ចនគរបាល បានចូលទៅខាងក្នុងបរិវេណផ្សារទំនើបសូរិយា ដែលស្ថិតនៅខាងត្បូងផ្សារថ្មី ដើម្បីស្រាវជ្រាវ និងធ្វើកោសល្យ-ពិច័យ។
យ៉ាងណាក៏ដោយ គេបានដឹងថា មូលហេតុនៃការធ្វើអត្តឃាតជននោះ គឺគេមានវិបត្តិស្នេហា ទើបបញ្ចប់ជីវិតបែបនេះ។ ជននោះ បាន ធ្លាក់ដោយក្បាលមកមុន ធ្វើឲ្យផ្ទៃមុខ បុកជាមួយនឹងឥដ្ឋការ៉ូ បែកខ្ទេចតែម្តង។
ចំណែកនៅខាងក្រៅផ្សារសូរិយា មហាជនជាច្រើននាក់ បានចោមរោម មើលតាមប្រឡោះទ្វារ ហើយអ្នកខ្លះ បានពោលថា មនុស្សស្លាប់ ទាំងមូល បែរជាម្ចាស់ផ្សារបញ្ជាឲ្យសន្តិសុខបិទទ្វារផ្សារ ធ្វើដូចគ្មានរឿងអីកើតឡើង ហាក់ដូចជា មានការលាក់បាំងអ្វី ដើម្បីបំបិទ ភ័ស្តុតាង ដែលធ្វើឲ្យគេមានការងឿងឆ្ងល់យ៉ាងខ្លាំង៕
ប្រភព៖ គេហទំព័រសារព័ត៌មាន CEN