ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣នេះ កងទ័ពកម្ពុជាត្រៀមរួចជាស្រេច ដើម្បីធ្វើនាំគ្នាធ្វើលំហាត់សមយុទ្ធបាញ់គ្រាប់ពិតកាំភ្លើង កាំជ្រួចហ្វូងប្រតិកម្ម BM-21 និងកាំភ្លើងត្បាល់ប្រភេទ១៣០មីល្លីម៉ែត្រ ជាលើកទី២ នៅតំបន់អាសេអូ ក្នុងភូមិសាស្ត្រស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ។
នៅទីលានសមយុទ្ធគេសង្កេតឃើញរថយន្តដឹក កាំជ្រួចហ្វូង BM-21 និងកាំភ្លើងត្បាល់១៣០មីល្លីម៉ែត្រ បានដាក់តំរៀបគ្នានៅតាមគោលដៅរៀងៗខ្លួន រីឯកងកម្លាំងកាំភ្លើងធំ ក៏បានត្រៀមលក្ខណៈយ៉ាងអង់អាចក្លាហាន និងប្រកបដោយភាពប៉ិនប្រសប់។
លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃទ័ពជើងគោក និងជាបញ្ជាការកងកាំភ្លើងធំ បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើសមយុទ្ធ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ថា ការធ្វើសមយុទ្ធនេះ ដើម្បីបង្ហាញកេត្យានុភាពជាតិ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។
កាំជ្រួចហ្វូង BM-21 ជាប្រភេទកាំភ្លើងប្រតិកម្ម មាន៤០កាណុង ដែលគេប្រើ សម្រាប់បាញ់គាំទ្រនៅក្នុងសមរភូមិប្រយុទ្ធ ហើយកាំភ្លើងដែលធ្វើសមយុទ្ធនាព្រឹកនេះ សុទ្ធតែកាំភ្លើងដែលទើបនាំ ចូលថ្មីទាំងអស់ មិនមែនជាប្រភេទកាំភ្លើងចាស់ៗ ដូចការធ្វើសមយុទ្ធនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១០នោះ ទេ៕
Source : norkorwat