បុរសម្នាក់ដើរចូលកន្លែងផឹកស៊ីរាំរែកមួយដោយដាក់ទានៅលើក្បាលរបស់គាត់។ គាត់បានធ្វើបែបនេះយ៉ាងពិតប្រាកដណាស់។
វ៉េន អូដុនណែល នាំទាចិញ្ចឹមឈ្មោះ បូរីស តាមខ្លួនគ្រប់ទីកន្លែង ដោយរួមទាំងទៅហាងដើម្បីផឹកស្រាបៀរ។
ទាឈ្មោះអាយឡេសប៊ឺរីសម្បុរសក្បុសមួយក្បាលនេះ គ្មានអ្វីផ្សេងឲ្យប្រសើរជាងការបង្អួតពីវិធីសាស្ត្រមានប្រសិទ្ធភាព... នៃការទប់លំនឹងខ្លួនលើក្បាលម្ចាស់របស់វានោះទេ។
លោក អូដុនណែល អ្នកបច្ចេកទេសគ្រឿងយន្តមួយរូប បានចិញ្ចឹម បូរីស ចាប់តាំងពីវានៅជាកូនទារោមលឿងគួរឲ្យស្រឡាញ់នៅឡើយ។ ហើយទីណាដែលគាត់ទៅ ទីនោះក៏មាន បូរីស ទៅដែរ។
រយៈពេលបួនឆ្នាំសម្រាប់លោក អូដុនណែល អ្នករស់នៅទីក្រុងរ៉ូមសេយ រដ្ឋហ៊ែមសៀ ប្រទេសអង់គ្លេស តែងតែនាំទារបស់គាត់លំហែកាយរដូវក្តៅ ទៅកាន់វីឡាមួយ នៅក្នុងទីក្រុងបាសេឡូណា។
ទីនោះទាំងទានិងម្ចាស់បានដើរលេងលើឆ្នេរខ្សាច់ក្រោមពន្លឺព្រះអាទិត្យប្រទេសអេស្ប៉ាញ ហើយបានចូលទៅកន្លែងផឹកស៊ីរាំរែក និងភោជនីយដ្ឋានក្នុងតំបន់។
លោក អូដុនណែល អាយុ៤១ឆ្នាំ បាននិយាយថា "វាឆ្លាតវៃណាស់ ពីព្រោះខ្ញុំអាចនាំវាទៅគ្រប់ទីកន្លែង តាមផ្លូវចង្អៀតតែវាអាចដើរលេងនៅជុំវិញបាន ហើយវាក៏បានមកកាន់ឆ្នេរខ្សាច់វិញ។ មនុស្សម្នាមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេឃើញខ្ញុំនិងបូរីស ពួកគេមិនធ្លាប់ជួបប្រទះវាទេ"។
"ពួកគេនិយាយមកកាន់ខ្ញុំថា៖ ហេតុអ្វីអ្នកយកទាមកតាម? ហើយខ្ញុំនិយាយថា៖ ហេតុអ្វីអ្នកនាំឆ្កែមកតាម?"។
លោក អូដុនណែល បានបន្ថែមថា៖ "ខ្ញុំធ្លាប់នាំវាចេញក្រៅតាមទូក ហើយវាបានដេកកើយលើខ្នង ពីព្រោះវាមិនចូលចិត្តចុះក្នុងទឹក"៕
ដកស្រង់ចេញពី cen