Play Now

ម៉ាយ៉ាវីន ត្អូញ​ត្អែរ​​ពី​​រឿង​​រក​​បុរស​​ប្រចាំ​​ជីវិត​​មិន​​បាន

ដោយ​ធ្លាប់​តែ​បង្ហើរ​សំនៀង​ បំពេរ​អារម្មណ៍​ទស្សនិកជន​ក្នុង​ភោជនីយដ្ឋាន  និង​តាម​ការ​ប្រគំ​តន្ត្រី​ ចុង​សប្តាហ៍​លើ​កញ្ចក់​ទូរទស្សន៍​ នៅ​ពេល​នេះ​តារា​ចម្រៀង​ល្បី​ មធ្យម​នាង ​ជុំ ម៉ាយ៉ាវីន​ បាន​ឈោង​ចាប់​ អាជីព​ថ្មី​ជា​ពិធីការិនី ក្នុង​កម្មវិធី​ «ជីវិត​សិល្បៈ»​ នៅ​របស់​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​ ដោយ​ចាប់​ដៃ​គូ​ ជាមួយ​ប្រធាន​សមាគម​សិល្បៈ​ ខ្មែរ​ជំនាន់​ថ្មី​​លោក សុះ ម៉ាច ។​ ថ្វី​ដ្បិត​តែ​ជីវិត​សិល្បៈ​កាន់​តែ​មាន​ហុងស៊ុយ តែ​តារា​រូប​នេះ បាន​ត្អូញ​​ត្អែរ​​ដោយ​​បើក​​ចំហ​រ​​ថា វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ តែ​នាង​មិន​ទាន់​មាន​សំណាង​បាន​​ជួប​ បុរស​ដែល​មាន​ចិត្ត​ស្មោះ​ស ធ្វើ​ជា​គូ​គ្រង​នៅ​ឡើយ​។
ស្ថានីយ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ៩​ បាន​សហការ​ ជាមួយ​សមាគម​សិល្បៈ​​ខ្មែរ បង្កើត​កម្ម​វិ​ធី​​សិល្បៈ​មួយ​ដែល​មាន​ឈ្មោះ​ថា ​«ជីវិត​សិល្បៈ»​ ហើយ​កម្មវិធី​នេះ ត្រូវ​បាន​ជ្រើសរើស​តា​រា​​ចម្រៀង​នាង ម៉ាយ៉ាវីន ឲ្យ​ចាប់​ដៃ​គូ​គ្នា​ជាមួយ​លោក​ សុះ ម៉ាច​។
ថ្វី ​បើ​អាជីព​ពិធី​ការិនី​មាន​ការ​បញ្ចេញ​សំនួន​វោហារ​ស័ព្ទ​បែប​ពណ៌នា ផ្ទុយ​ពី​ការ​ច្រៀង​មើល​​តាម​ប៉ារ៉ូល​ តែ​ទស្សនិក​មួយ​ចំនួន​ដែល​និយម​តាម​ដាន​កម្មវិធី​ «ជីវិត​សិល្បៈ» ​ក៏​បាន​​ពោល​សរសើរ​ពីថ្វី​មាត់​តារា​រូប​នេះ​ផង​ដែរ​។ ពួក​គេ​បាន​និយាយ​ថា ​កន្លង​មក​ថ្វី​បើ​មិន​​ដែល​ឃើញ​នាង​ធ្វើ​ជា​ពិធីការិនី​ តែ​ពេល​នាង​ធ្វើ​ការ​អធិប្បាយ​ជា​លក្ខណៈ​ពិធីការ សំនួន​​វោហារសព្ទ​របស់​នាង​ក៏​មិន​ចាញ់​ពិធីការិនី​ដែល​មាន​បទ​ពិសោធ​ក្នុង វិស័យ​សិល្បៈ​​យូរ​ឆ្នាំ​ប៉ុន្មាន​ដែរ។
ខណៈ ​ការ​យល់​ដឹង​លើ​អាជីព​ជា​ពិធីការិនី​នៅ​មាន​កម្រិត តែ ​ម៉ាយ៉ាវីន ក៏​មិន​បាន​ចាត់​ទុក​ថា ​ការ​ប្រើ​សំឡេង​អធិប្បាយ​គ្មាន​ការ​ព្រាង​ទុក​នេះ​នឹង​ផ្តល់​ភាព​ភ្លេច​ ភ្លាំង​ ឬ​ភាព​លំបាក​សម្រាប់​នាង​ខ្លាំងក្លា​នោះ​ដែរ ដោយ​នាង​បាន​លើក​ហេតុផល​ថា ​នាង​ជា​តារា​ចម្រៀង កាន់​ក្បាល​មីក្រូហ្វូន​ជាង​១០​ឆ្នាំ​មក​ហើយ​។
តារា ​ចម្រៀង​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លាង​ចាន​ក្នុង​ភោជនីយដ្ឋាន នាង ជុំ ម៉ាយ៉ាវីន​ បាន​និយាយ​ថា៖ «​ទោះ​បី​ខ្ញុំ​មិន​ធ្លាប់​មាន​បទពិសោធ​ធំ​ដុំ​ក្នុង​ការ​ធ្វើ​ជា​ពិធី ការិនី​ក្នុង​កម្មវិធី​ធំ​ៗ តែ​ខ្ញុំ​ក៏​ធ្លាប់​មាន​បទ​ពិសោធ​លើ​អាជីព​នេះ​មួយ​ចំនួន​ធំ​មក​ហើយ​ដែរ ហើយ​មុន​នេះ​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ជា​ពិធីការិនី​នៅ​ស្ថានីយ​ទូរទស្សន៍ អប្សរា​បាន​មួយ​រយៈ​ដែរ»។
ទោះ​អះអាង​ថា អាជីព​ថ្មី​មិន​ធ្វើ​ឲ្យ​នាង​លំបាក តែ ម៉ាយ៉ាវីន ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ការ​ចាប់​អាជីព​ជា​ពិធីការិនី​នេះ​​មាន​ការ​លំបាក​ជាង​ការ​ច្រៀង​ ព្រោះ​ថា​ នាង​ត្រូវ​ចេះ​រៀបចំ​ខ្លួន​ ត្រូវ​យល់​ និង​ចេះ​ប្រើ​ពាក្យ​ពេចន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ត្រូវ​នឹង​បរិបទ​នៃ​កម្មវិធី​ ពិសេស​ការ​បត់បែន​តាម​ពេល​វេលា និង​ស្ថានភាព។
កាល ​ពី​កន្លង​មក​តែង​ល្បីថា​ តារា​ចម្រៀង​ពេល​រាត្រី​រូប​នេះ​ ជា​នារី​សម្បូរ​ស្នេហ៍ ហើយ​មាន​កន្លង់​នៅ​ក្នុង និង​ក្រៅ​ស្រុក​មិន​តិច​ទេ ដែល​ប្រាថ្នា​ចង់​បាន​តារា​រូប​នេះ​មក​គ្រង់​ជា​ម្ចាស់​បេះដូង ប៉ុន្តែ​នៅ​ពេល​ជួប​ផ្តល់​បទ​សម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ បែរ​ជា​តារា​ស្រី​សម្តី​ផ្អែម​រូប​នេះ ត្អូញ​ត្អែរ​ដក​ដង្ហើម​ធំ​ហើយ​និយាយ​ថា នាង​ប្រាថ្នា​ចង់​បាន​ម្ចាស់​ស្នេហ៍​ចិត្ត​ស្មោះស​ម្នាក់​តែ​រក​មិន​បាន​ សោះ។
តារា​ដែល​ធ្លាប់​តែ​ស្លៀក​ ពាក់​សិច​ស៊ី​ម្នាក់​នេះ បាន​និយាយ​តម្អូញ​ថា៖«ខ្ញុំ​មាន​អាយុ​កាន់​តែ​ច្រើន​ហើយ ខ្ញុំ​ចង់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ដូច​គេ​ឯង​ដែរ តែ​មិន​ដឹង​ថា យ៉ាងម៉េច​ទេ គ្មាន​អ្នក​ណា​គេ​មើល​ឃើញ​សោះ»។ នាង​បាន​បន្ត​ថា៖​«​បើ​និយាយ​អួត​បន្តិច​ទៅ​រូប​សម្ផស្ស​​ខ្ញុំក៏ ស្រស់​ស្អាត ហើយ​ជា​តារា​ចម្រៀង​មួយ​ដួង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​គួរ សមដែរ តែ​ហេតុអ្វី​រក​ប្តី​មិន​បាន? ឬមួយ​ក៏​ព្រហ្មលិខិត​មិន​ទាន់​កំណត់​វាសនា​ផ្តល់​គូព្រេង ឲ្យ? នេះ​​មិនមែន​បាន​ន័យ​ថា គ្មាន​គេ​មក​សុំ​ស្នេហា​នោះ​ទេ​គឺ មាន​ច្រើន​ណាស់​ដែរ តែ​ភាគ​ច្រើន​​បុរស​នោះ​មាន​អាយុ​ក្មេង​ជាង​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​បដិសេធ​មិន​ទទួល​ទេ»។
គួរ ​បញ្ជាក់​ថា ជុំ ម៉ាយ៉ាវីន បាន​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​រយៈ​ពេល​១០​​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០០២ តែ​តារា​រូប​នេះ​មិន​ទាន់​មាន​សំណាង​បាន​ថត​សំឡេង​​ចូល​ស៊ីឌី ឬ​មាន​បទ​ខ្លួនឯង​ផ្ទាល់​ដូច​អ្នក​ចម្រៀង​ដទៃ​ទៀត​នៅ​ឡើយ។ ​ទោះ​បី​ជា​​យ៉ាង​នេះ​ក្តី​ ក៏​តារា​ស្រី​រូប​នេះ​អាច​រក​លុយ​ចិញ្ចឹម​ជីវិត​ឲ្យ​មាន​ភាព​ហ៊ឺហា​ជាង​ មុន និង​ប្តូរ​​ពី​ជួល​ផ្ទះ​គេ​មក​មាន​ផ្ទះ​ខ្លួន​ឯង​ផ្ទាល់ និង​មាន​រថយន្ត​ទំនើប​ជិះ​យ៉ាង​សមរម្យ​ទៀត​ផង​នា​ពេល​បច្ចុប្បន្ន​៕

ដកស្រង់ពីៈ ភ្នំពេញប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now