Play Now

ព្រលឹង សុខ វីរៈ មក​ពន្យល់​សប្ដិ​ម្ដាយ​ ម្ដាយ​របស់​គេ។

ការ​ស្លាប់​របស់​ប្រុស​ស្អាត បាន​បន្សល់​ទុក​នូវ​ការ​សោក​ស្ដាយ​យ៉ាង​ធំ​ធេង ពី​ក្រុម​គ្រួសារ ដូច្នេះ​ហើយ​ទើប​ពួកគេ​បាន​ព្យាយាម​បិទ​ព័ត៌មាន​នានា ពាក់​ព័ន្ធ​នឹង​ សុខ វីរៈ ក្នុង​នោះ​សូម្បី​តែ Facebook របស់​គេ ក៏​ត្រូវ​លុប​ទិន្នន័យ និង​អត្តសញ្ញាណ​មិត្តភ័ក្ដិ​អស់​ដែរ។ ប៉ុន្តែ​ថ្មី​ៗ​នេះ Sabay បាន​ទទួល​ព័ត៌មាន​ថ្មី​ខ្លះ​ចាស់​ខ្លះ ពី​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​របស់​គេ។ មិត្តភ័ក្ដិ ដែល​ស្នើ​សុំ​លាក់​អត្តសញ្ញាណ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា សុខ វីរៈ និង​នារី​ជា​គូ​ស្នេហ៍ បាន​ស្រឡាញ់​គ្នា​ជាង​១ឆ្នាំ​មក​ហើយ ដោយ​បាន​សាង​អនុស្សាវរីយ៍​ជាច្រើន​រាប់​មិន​អស់ ដែល​ចុង​ក្រោយ​អនុស្សាវរីយ៍​ទាំង​នោះ​ហើយ​ដែល​បាន​រុំ​ព័ទ្ធ វីរៈ យ៉ាង​តឹង​ណែន​រហូត​ធ្វើ​ឲ្យ​រូប​គេ រក​ផ្លូវ​ដោះ​មិន​បាន​ក៏​សម្លាប់​ខ្លួន​យ៉ាង​នេះ។ មិត្តភ័ក្ដិ​រូប​នេះ​បន្ត​ថា តាម​ពិត​ទៅ កន្លង​មក វីរៈ ក៏​ធ្លាប់​មាន​សង្សារ​ផ្សេង​ដែរ ប៉ុន្តែ​ហាក់​មិន​ស្រឡាញ់​ខ្លាំង​ដូច​នារី​ចុង​ក្រោយ​នេះ​ទេ។ ” តាម​ខ្ញុំ​មើល​ទៅ គឺ វីរៈ ស្រឡាញ់​ខ្លាំង​នាង​ខ្លាំង​ណាស់ គឺ​ប្រហែល​ជា​មាន​បំណង​ចង់​ជាប់​លាប់​ជាមួយ​នាង​រហូត​ក្លាយ​ជា​ប្រពន្ធ​ប្ដី​មិន​ដឹង…បើ​មិន​ដូច្នេះ គេ​ប្រហែល​មិន​ឈឺចាប់​យ៉ាង​នេះ​ទេ។”

ប្រភព​លាក់​មុខ​នេះ បន្ត​ថា នៅ​មុន​១ម៉ោង ដែល​ វីរៈ លោត​ទឹក​សម្លាប់​ខ្លួន គឺ​ម៉ោង​២​ជាង វីរៈ និង​សង្សារ​គេ បាន​ណាត់​គ្នា ទៅ​ជួប​នៅ​ខាង​ក្រោយ​សាលា បាក់​ទូក តែ​គេ​មិន​ដឹង​ថា​ពួកគេ​និយាយ​រឿង​អី​ឲ្យ​ច្បាស់​ទេ​ពី​ដំបូង លុះ​ក្រោយ​មក​ទើប​ដឹង មិត្ត​ស្រី​គេ​សុំ​បែក តែ​ក៏​មិន​ដឹង​ថា​មូល​ហេតុ​អី​ដែរ។ បន្ទាប់​ពី​ត្រូវ​មិត្ត​ស្រី​សុំ​បែក​ហើយ នោះ វីរៈ ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពេល​ទៅ​ដល់ គេ​បាន​មុជ​ទឹក​ធ្វើ​ខ្លួន​អី​យ៉ាង​ស្អាត​រួច​ហុច​កាបូប​លុយ និង​ទូរស័ព្ទ​ឲ្យ​បងប្រុស​ជីដូន​មួយ​គេ រួច​និយាយ​ថា ” ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ លែង​បាន​ជួប​គ្នា​ហើយ ” ហើយ​រូប​គេ​ក៏​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​យ៉ាង​លឿន ហើយ​ក្រុម​គ្រួសារ​បង​ប្អូន​ក៏​ជិះ​តាម​ពី​ក្រោយ​ តែ​តាម​អត់​ទាន់​រហូត​ដល់​ពេល​គេ​លោត​ទឹក​សម្លាប់​ខ្លួន​តែ​ម្ដង ក៏​ឃាត់​មិន​ទាន់​ដែរ។

នៅ​ពេល​សួរ​ថា តើ​មុន​ពេល​ស្លាប់ តើ វីរៈ ធ្លាប់​មាន​អាការៈ​ខុស​ប្លែក​អី​ដែរ​ទេ? ប្រភព​ដដែល​នេះ ឆ្លើយ​ថា ” ទើប​តែ​ឥឡូវ​ទេ ទើប​នឹក​ឃើញ​ថា គេ​ប្រហែល​មាន​បំណង​ចង់​ស្លាប់​យូរ​ហើយ គ្រាន់​តែ​មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី ព្រោះ​កន្លង​មក​គេ(សុខ វីរៈ)​ធ្លាប់​បង្ហោះ​តាម Facebook ថា​បើ​ថ្ងៃ​ណា​គេ​ស្លាប់​ទៅ អ្នក​ទាំងអស់​គ្នា​គិត​ម៉េច?​ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ​ស្មាន​តែ​គេ​និយាយ​លេង”។ មិត្តភ័ក្ដិ​រូប​នេះ បន្ត​ថា កុំ​ថា​ឡើយ​ក្រុម​គ្រួសារ សូម្បី​តែ​រូបគេ ក៏​សោកស្ដាយ​ដូច​គ្នា​គឺ​ជា​មនុស្ស​ល្អ និង​ជា​មិត្តភ័ក្ដិ​ល្អ។

ប្រភព​លាក់​មុខ បន្ថែម​ថា ក្រោយ​ស្លាប់​ទៅ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ វីរៈ បាន​មក​ពន្យល់​សប្ដិ​ម្ដាយ​គេ​ថា ” ព្រលឹង​គេ​អត់​ទៅ​ណា​ឆ្ងាយ​ទេ គឺ​គេ​នៅ​ចាំ​មិត្តភ័ក្ដិ​ម្នាក់​ទៀត “។ ការ​ពន្យល់​សប្ដិ​បែប​នេះ មិន​ដឹង​ថា​មិត្តភ័ក្ដិ​នោះ​ជា​នរណា ឬ​ក៏​មិត្ត​ស្រី​គេ​ទេ។ ប្រភព​បាន​បន្ថែម។

ក្រោយ​ពី​ស្លាប់​ទៅ រូបថត​យុវតី​ម្នាក់ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​យក​មក​ចុះ​ផ្សាយ ថា​ជា​សង្សារ​ដែល​សុំ​បែក​ពី សុខ វីរៈ តែ​ក្រោយ​មក ក៏​មាន​សារព័ត៌មាន​មួយ​បាន​បកស្រាយ​ថា យុវតី​ក្នុង​រូប​នោះ មិន​មែន​ជា​សង្សារ​ វីរៈ ទេ។ ក៏​ដូច​គ្នា​ដែរ មិត្តភ័ក្ដិ​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា នារី នោះ​មិនមែន​ជា​សង្សារ វីរៈ ដែល​ជា​អ្នក​ធ្វើ​ឲ្យ វីរៈ ស្លាប់​ទេ គឺ​គេ​មាន​រូប​សង្សារ​ពិត​ប្រាកដ របស់ វីរៈ ប៉ុន្តែ​គេ​សុំ​មិន​បញ្ចេញ​ទាំង​ឈ្មោះ រួម​ទាំង​អាសយដ្ឋាន និង​ឪពុក​ម្ដាយ​ទាំង​សង្ខាង។ គឺ​គេ​និយាយ តែ​អ្វី​ដែល​គេ​អាច​និយាយ និង​បញ្ចេញ​បាន​តែ​ប៉ុណ្ណោះ៕


ដកស្រង់ សប្បាយ

សូមជួយផ្តល់មតិ និងចែករំលែក

Play Now