ភ្នំពេញ: អ្នកមេម៉ាយស៊ឹម សូលិកា ដែលល្បីថាជាពិធីការិនីមានឥទ្ធិពលជាងគេនៅទូរទស្សន៍បាយ័ននោះ ធា្លប់មានព័ត៌មានសេ្នហាជាមួយ លោកទិត ថាវរិទ្ធ ជាច្រើនឆ្នាំមកហើយ ដោយម្តងឮថាជួប ម្តងបែក ហើយនាពេលចុងក្រោយនេះបែរជាលេចឮពាក្យខ្សឹបខ្សៀវពីមាត់ចាបមាត់ព្រាបថា អ្នកនាងធា្លប់មានទំនាក់ទំនងជាមួយតារាសម្តែងទើបរៀបការប្រការពន្ធ ស៊ុក សុភា ទៅវិញ។
ពីមុនមក មហាជនតែងតែផ្តោតថា អ្នកមេម៉ាយចាយរាង ស៊ឹម សូលិការូបនេះ មានឥទ្ធិពល និងត្រូវបានគេកោតខ្លាច ព្រោះតែនាងមានគូស្នេហ៍ថ្មីនៅពីក្រោយ គឺលោក ទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័នជាខ្នងបង្អែក ធ្វើឲ្យអតីតតារាសម្តែងដែលពេលនេះស្ងប់ស្ងត់បាត់មុខពីអាជីពចាស់នេះ ត្រូវបានពិធីការិនីជើងថ្មីៗខ្លះនៅបាយ័ន គោរពកោតខ្លាចអំណាចនាង។
គួរបញ្ជាក់ថា ស៊ឹម សូលិកា ក្រោយពីបែកប្តី លោកវីរៈ មិនធា្លប់មានព័ត៌មានច្បាស់ការណ៍ថាអ្នកនាងមានស្នេហាជាមួយបុរសណាឡើយ ក្រៅពីលោកទិត ថាវរិទ្ធ។ ផ្ទុយទៅវិញ នៅក្នុងពិធីជប់លៀងមួយ នៅក្លឹបកម្សាន្តពីរ៉ាមីត កាលពីពេលថ្មីៗនេះ ស្រាប់តែមានការជជែកគ្នាពីតារាសិល្បៈ មួយចំនួនថា អ្នកនាងស៊ឹម សូលិកា ធា្លប់មានទំនាក់ទំនងជាមួយតារាសម្តែង ស៊ុក សុភា ទៅវិញ។
យោងតាមទស្សនាវដ្តីអង្គរធំ បានរាយការណ៍ថា ពាក្យខ្សឹបខ្សៀវ ដែលចេញពីមាត់ចាបមាត់ព្រាបនោះ និយាយថា សូលិកា និងស៊ុក សុភា ធ្លាប់មានទំនាក់ទំនងជាមួយគ្នាតាំងពីមុនស៊ុក សុភា រៀបការប្រពន្ធ តែគេមិនដឹងថាជាទំនាក់ទំនងបែបណាទេ ហើយមកដល់ពេលនេះ គេមិនទាន់ដឹងថា អ្នកទាំងពីរនៅបន្តភាពស្និទ្ធស្នាលនឹងគ្នាទៀត ឬយ៉ាងណាឡើយ។
ទស្សនាវដ្តីអង្គរធំ បានរាយការណ៍ថា អ្នកនាង ស៊ឹម សូលិកា បានច្រឡោតខឹង នៅពេលសុំឲ្យនាងបកស្រាយពីរឿងនេះ តែអ្នកនាងបាននិយាយថា “អ្នកណានិយាយស្អីផ្តេសផ្តេសហ្នឹង ប្រយ័ត្នមានរឿង”។ នៅពេលសួរបញ្ជាក់ថា តើសូលិកា មានធ្លាប់ស្និទ្ធស្នាលគ្នាជាមួយលោក ស៊ុក សុភាទេ? អ្នកមេម៉ាយរូបនេះ បាននិយាយថា “កុំមកសួរអីផ្តេសផ្តេស ចេះតែជឿគេនិយាយម៉េចហ្នឹង?” រួចចុចផ្តាច់ទូរស័ព្ទភ្លាម។
ប្រភពខាងលើ បានបន្តថា បានទាក់ទងទៅលោក ស៊ុក សុភា ដើម្បីបំភ្លឺរឿងនេះដែរ តែត្រូវបានប្អូនស្រីរបស់លោកជួបជំនួស ហើយបានប្រាប់ថា ស៊ុក សុភា ទើបចេញទៅអូស្ត្រាលីបាត់ហើយ គឺទាល់តែ៣ខែទើបមកវិញ។
មានទស្សនិកជនជាច្រើនបានយល់ឃើញថា អ្នកនាង ស៊ឹម សូលិកា អាចមានទំនាក់ទំនងត្រឹមមិត្តភាពធម្មតាប៉ុណ្ណោះជាមួយលោក ស៊ុក សុភា ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ព្រោះនាងមានគូស្នេហ៍ច្រចាំចិត្តទៅហើយ។ រីឯលោក ស៊ុក សុភា ក៏បានរៀបការប្រពន្ធ និងមានកូនស្រី មួយហើយដែរ មិនអាចមកភ្ជាប់ស្នេហ៍ជាមួយអ្នកនាងស៊ឹម សូលិកា បានទេ។
ប៉ុន្តែទោះបីជាយ៉ាងណា ទស្សនិកជនចង់ឲ្យតារា ដែលជួបរឿងលេចឮ ឬពាក្យចចាមអារ៉ាមខ្សឹបខ្សៀវផ្សេងៗចេញមុខមកបកស្រាយបំភ្លឺឲ្យបានច្បាស់ផង មិនគួរកំណាញ់អីត្រឹមសម្តីនិយាយនោះទេ ពីព្រោះបើមិនមានលេចឮព័ត៌មាន គេមិននិយាយល្បីតៗទេ ហើយក៏អ្នកសារព័ត៌មានមិនចុះផ្សាយ ឬសាកសួរដែរ។ ដូច្នេះគួរតែស្វាគមន៍រាល់ការសុំបកស្រាយ ដើម្បីជម្រះការសង្ស័យរបស់មហាជន និងដើម្បីបន្សាបព័ត៌មានលេចឮដែលមិនពិតផងដែរ៕
Source : cen.com.kh