ខេត្តសៀមរាប ៖ សាកសពសពនារីម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចស្ពានថ្នល់ដាច់ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។
ប្រភពពីកន្លែងកើតហេតុបាននិយាយថា កាលពីវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ មានប្រជាពលរដ្ឋបានឃើញមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានមកឈប់នៅលើ ស្ពានថ្នល់ដាច់នេះ និងឃើញមានមនុស្សម្នាក់រត់ឡើងរថយន្តនោះ ។ ប្រភពបន្តថា បើទោះជាយ៉ាងនេះក្តីក៏ប្រជាពលរដ្ឋមិនបានចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងនោះទេ។ លុះព្រឹកឡើងក៏ស្រាប់តែមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់នៅក្រោមស្ពាននោះតែម្តង។
អធិការនគរបាលស្រុកជីក្រែង លោក តូច សាកល បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣នេះថា ជនរងគ្រោះមិនទាន់ត្រូវបានសមត្ថកិច្ចកំណត់អត្ដសញ្ញាណនៅឡើយទេ ប៉ុន្ដែជនរងគ្រោះរូបនេះមានអាយុជាង២០ឆ្នាំ សៀកខោខូវប៊យខ្លី និងមានកំពស់ ប្រហែល ១,៥២ ម៉ែត្រ ។ លោកបានឲ្យដឹងទៀតថា ខាងលោកបានផ្សព្វផ្សាយដំណឹងនេះទៅខេត្តកំពង់ធំ និងកន្លែងផ្សេងៗអស់ហើយ តែមិនទាន់រកឃើញសាច់ញាតិជនរងគ្រោះទេ។
លោក តូច សាកល បានបន្ដថា ជាការសន្និដ្ឋានជំហានដំបូង ជនរងគ្រោះអាចត្រូវគេសម្លាប់នៅកន្លែងផ្សេងហើយយកមកទម្លាក់ចោលនៅខាងក្រោមស្ពាននោះ។ លោកថា សាកសពមានស្នាមរិតក នឹងបែកចិញ្ចើមខាងឆ្វេង ដូច្នេះបើសម្លាប់នៅកន្លែងនោះ(ស្ពានថ្នល់ដាច់) នឹងមានឃើញស្នាមឈាមប្រលាក់ហើយ។
តាមលោកអធិការនគរបាលស្រុកជីក្រែង សាកសពនារីរងគ្រោះត្រូវយកទៅដម្កល់ នៅវត្តទិព្វពិសីដំរីឆ្លង ហៅវត្តប៉ច ក្បែរកន្លែងកើតហេតុដើម្បីរង់ចាំស្វែងរកសាច់ញាតិ ៕
Play Now
នារីម្នាក់ត្រូវគេសម្លាប់ហើយយកសាកសពទៅទម្លាក់ចោលនៅក្រោមស្ពាន
3/28/2013 09:37:00 AM
ដំណឹងក្នុងប្រទេស
Play Now