ព្រះសង្ឃ និងពលរដ្ឋជាង១០០អង្គ-នាក់ បានធ្វើបាតុកម្ម និងដាក់ញតិ្តទៅអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងអង្គ ទូតនានាកាលពីម្សិលមិញឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃខ្មែរក្រោមពីរអង្គទៀត ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកហើយច្រកបាវបោះចូលឡានដូច សត្វរួចដឹកយកទៅបាត់ចាប់តាំងពីថ្ងៃទី២១ ឧសភាមក។
ក្រុមបាតុករដែលភាគច្រើនជាព្រះសង្ឃបានជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យក្នុងខណ្ឌដូនពេញតាំងតែពីព្រឹកព្រលឹមម្សិលមិញ ដោយបានលើកបដា និងរូបថតព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួនបីអង្គដែលត្រូវបាន អាជ្ញាធរវៀតណាមចាប់និងធ្វើទារុណកម្មកាលពីខែឧសភាកន្លងទៅ។ ក្រុមអ្នកតវ៉ាបាននិមន្តនិងដើរក្នុងទីលានប្រជាធិបតេយ្យ ដោយលើកបដាដែលសរសេរថា«វៀតណាមត្រូវតែគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ជាជនជាតិដើមនៃម្ចាស់ទឹកដី» «អាជ្ញាធរអាណានិគមវៀតណាមត្រូវតែដោះលែងភិក្ខុ លីវ នី និងថាច់ ធឿន ជាបន្ទាន់» «សូមរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ទៅអាជ្ញាធរវៀតណាមឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម»និង«អាជ្ញាធរវៀតណាមត្រូវតែ បញ្ឈប់ជាបន្ទាន់ការគំរាមកំហែងតាមគ្រប់រូបភាពដល់ព្រះសង្ឃនិង ប្រជាពលរដ្ឋខ្មែរក្រោម»។
ព្រះភិក្ខុព្រះនាម សៀង សុវណ្ណារ៉ា ព្រះជន្ម៣៨ ព្រះវស្សា បានមានសង្ឃដីកាខ្លាំងៗតាមឧគ្ឃោសនស័ព្ទថា៖«ព្រះសង្ឃនិងពលរដ្ឋ ខ្មែរក្រោមសូមប្រាប់រដ្ឋាភិបាលវៀតណាមឲ្យច្បាស់ថា បើនៅតែរំលោភសិទ្ធិជិះជាន់ទៀតគឺខ្មែរក្រោមសុខចិត្តស្លាប់ខ្លួន ដើម្បីកុំឲ្យបាត់បង់ជាតិសាសន៍និងសាសនា»។
ក្នុងឱកាសនោះដែរលោកថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា ការចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោមជាការបំបាក់ស្មារតីកុំឲ្យមាន ការតវ៉ាទាមទារសេរីភាព។ លោកបន្តថា៖«យើងត្រូវការរស់នៅដោយមានសេរីភាពដូចជនជាតិវៀតណាម និងជនជាតិផ្សេងៗនៅលើសកលលោក។ រស់នៅគ្មានសេរីភាព ក៏គ្មានន័យដែរ»។ លោកសេដ្ឋា បានបន្តថា ចាប់តាំងពីឆ្នាំ១៩៨៤មកអាជ្ញាធរវៀតណាមបានបំបិទសាលារៀនចាប់ព្រះ សង្ឃ អ្នកតស៊ូ និងអ្នកប្រាជ្ញ-និស្សិតខ្មែរក្រោមរាប់ពាន់នាក់ដាក់គុករហូតដល់ ស្លាប់និងពិការរាប់រយនាក់។
សមាគមខ្មែរកម្ពុជាក្រោមបានស្នើសុំដើរដង្ហែក្បួនទៅដាក់ញតិ្ត ដោយផ្ទាល់នៅស្ថានទូតវៀតណាមប៉ុន្តែសាលារាជធានីភ្នំពេញមិនអនុញ្ញាត ឡើយ។ កាលពីព្រឹកម្សិលមិញ លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីបានមកទទួលយកញតិ្ត។ លោកបានថ្លែងថា សាលារាជធានីនឹងបញ្ជូនញតិ្តនេះទៅក្រសួងការបរទេស។ បន្ទាប់មក ក្រសួងនឹងបញ្ជូនបន្តទៅស្ថានទូតវៀតណាម។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា នៅពេលណានោះទេដោយគ្រាន់តែថា«ធ្វើតាមបែបបទរដ្ឋបាល» ពីព្រោះជាការងារឆ្លងប្រទេស។
សមាគមខ្មែរកម្ពុជាក្រោមក៏បានយកញត្តិដូចគ្នានេះទៅស្ថានទូត អាមេរិក អង់គ្លេស អូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និងនៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិផងដែរ។
ញត្តិនោះបានសរសេរថា កាលពីថ្ងៃទី២១ ខែឧសភាកន្លងមកកម្លាំងនគរបាលវៀតណាម ខេត្តឃ្លាំង បានព័ទ្ធវត្តពីរ គឺវត្តព្រៃជាប់ និងវត្តសេរីតាសេកហើយបានចាប់ព្រះសង្ឃ៥អង្គ និងគណៈកម្មការវត្តពីរនាក់ ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងសមាគមខ្មែរក្រោមនៅក្រៅ ប្រទេស។ ក្រោយមកបានដោះលែង ៣ អង្គវិញ នៅសល់តែព្រះសង្ឃព្រះនាមលីវ នីនិងថាច់ ធឿនដែលមិនដឹងត្រូវបានគេឃុំនៅកន្លែងណានោះទេរហូតមកដល់ពេល នេះ។
ញត្តិបានបញ្ជាក់ទៀតថា៖«នគរបាលវៀតណាម បានប្រព្រឹត្តចំពោះព្រះសង្ឃយ៉ាងព្រៃផ្សៃបំផុត ដោយចាប់ព្រះសង្ឃផ្សឹកដោយខ្លួនឯង រួចចាប់ចងច្រកបាវ បោះឡើងឡាន ហើយដឹកទៅបាត់»។ ញត្តិដដែលនេះ បានបន្តទៀតថាព្រះសង្ឃលី ចិន្តា ដែលគេដោះលែងវិញបានបាត់បង់ស្មារតី បាត់បង់ការចងចាំនិងបែកពពុះមាត់ ដែលនេះ «យើងសង្ស័យថា ត្រូវគេធ្វើទារុណ្ឌកម្មដោយប្រើថ្នាំបំបាត់ស្មារតី»។ ញត្តិនោះ ក៏បានឲ្យដឹងផងដែរថា ស្ត្រីចំណាស់ ៥ នាក់ត្រូវបាននគរបាលវៀតណាម ប្រើហិង្សារហូតដល់សន្លប់ពេលពួកគាត់ចូលទៅជួយ ពេលនគរបាលវៀតណាម ចាប់ព្រះសង្ឃទាំង៥អង្គនោះ។ មកដល់ពេលនេះនៅមានព្រះសង្ឃជាច្រើនអង្គនិងប្រជាពលរដ្ឋខ្មែរ ក្រោមជាច្រើនទៀតកំពុងត្រូវតាមចាប់ខ្លួន។
កាសែតភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយលោក Le Minh Ngoc ជាអ្នកនាំពាក្យស្ថានទូតនេះបានអះអាងថា លោកមិនមានតួនាទី ជាអ្នកនាំពាក្យទៀតនោះទេ៕
ប្រភពព័ត៌មានពី៖ខ្មែរប៉ុស្តិ៍