រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានធ្វើការចាប់ឃាត់ខ្លួនយុវតីម្នាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅស្ថិតនៅចំណុចផ្ទះជួល ផ្លូវលេខ១៩២៨ ក្រុម៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបន្ទាប់ពីយុវតីខាងលើនេះ បានធ្វើសកម្មភាពកុំព្យូទ័រយួរដៃ ១គ្រឿង កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៣ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា យុវតីដែលត្រូវបានចាប់ឃាត់ខ្លួនខាងលើនេះមានឈ្មោះ ចាន់ សុខនាង អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៦ ផ្លូវលេខ១៥០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ចំណែកជនរងគ្រោះមានឈ្មោះ កេង ឌីណា។
ប្រភពដដែលបានបន្តទៀតថា យុវតីនិងជនរងគ្រោះទើបតែស្គាល់គ្នាបានមួយរយៈពេលខ្លីប៉ុណ្ណោះ គឺស្គាល់គ្នាតាមរយៈការជួបគ្នានៅក្នុងស្តាម៉ាតតូតាល់មួយ កន្លែង ស្ថិតនៅក្នុងសង្កាត់ភ្នំពេញ។ មុនពេលកើតហេតុ ជនរងគ្រោះបានបបួលជនសង្ស័យទៅលេងបន្ទប់ជួលរបស់ខ្លួន លុះមួយសន្ទុះក្រោយមក ខណៈពេលដែលជនរងគ្រោះបានភ្លេចខ្លួន ស្រាប់តែជនសង្ស័យបានលួចយកកុំព្យូទ័ររត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីលួចបានហើយ ជនសង្ស័យក៏បានយកកុំព្យូទ័រនោះទៅផ្ញើទុកនៅមិត្តភក្តិរបស់ខ្លួន ឈ្មោះ ញាញ់ ហើយចូលទៅលេងនៅក្នុងក្លឹបកម្សាន្ត ម៉ូណាកូ រហូតដល់វេលាទៀបភ្លឺ។ លុះពេលដែលជនសង្ស័យចេញពីក្លឹបមកវិញ ក៏ជួបជនរងគ្រោះហើយក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្ដង ។
បច្ចុប្បន្នយុវតីខាងលើ ត្រូវបាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីដោះស្រាយទៅតាមនីតិវិធី ច្បាប់៕
see more at : http://www.watphnom-news.com