នារីបង្ហាញម៉ូតវ័យ១៧ឆ្នាំឈ្មោះថា អេមម៉ា បានឈរបង្ហាញនូវរ៉ូបរៀបការប្រវែង ១,៨៥ ម៉ាយ ឬ ២,៩៧ គីឡូម៉ែត្រហើយឥឡូវត្រូវបានគេចាត់ទុកថាជារ៉ូបរៀបការដែលវែងជាងគេបំផុតក្នុងពិភពលោក។
រ៉ូបពណ៌សដ៏វែងបានអូសកាត់តាមដងមហាវិថីមួយក្នុងរដ្ឋធានីប៊ុយការ៉េសនៃប្រទេសរ៉ូម៉ានីខណៈរូបនាងកំពុងជិះលើបាឡុងមួយហោះឡើងលើទីក្រុងនេះ។ សៀវភៅកំណត់ត្រាពិភពលោកហ្គីណេសបានប្រកាសថា សម្លៀកបំពាក់ឈុតរៀបការធ្វើពីក្រណាត់សូត្រក្រឡាល្អិតនេះគឺជាឈុតរៀបការវែងជាងគេបំផុតក្នុងពិភពលោក ដោយវាបំបែកឯកទក្តកម្មដែលគ្រប់គ្រងពីមុនដោយអ្នករចនាម៉ូតជនជាតិហូឡង់ម្នាក់។
ប៉ុន្តែអ្វីដែលចំឡែកនោះគឺថា អ្នកដើរតាមផ្លូវហាក់ដូចជាមិនមានការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុនរចនាម៉ូតទាន់សម័យ Andree Salon និង អ្នករៀបចំជាច្រើនទៀតនៅឯពិព័រណ៍ឈុតរៀបការដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំនៅទីក្រុងប៊ុយការ៉េសនេះប៉ុន្មាននោះទេ។
ទោះជាបានជាប់ក្នុងកំណត់ត្រាពិភពលោកក៏ដោយ មានអ្នកឈរមើលតាមផ្លូវតិចតួចប៉ុណ្ណោះដែលនាំគ្នាមើលទៅបាឡុងហោះ ប៉ុន្តែមនុស្សច្រើននាក់ទៀតមិនអើពើអ្វីនោះឡើយ។
អ្នកនាំពាក្យឲ្យហាង Andree Salon គឺលោកស្រី ឡាវីនៀ ឡាស្កែ បាននិយាយថា ឈុតរៀបការដ៏វែងដែលត្រូវចំណាយពេល១០០ថ្ងៃដើម្បីបង្កើតឡើងនេះត្រូវបានកែច្នៃដោយជាងកាត់ដេរចំនួន ១០ នាក់ ។ លោកស្រីបន្ថែមថា ក្រឡារ៉ូបល្អិតៗត្រូវបាននាំចូលពីប្រទេសបារាំង ចំណែកសំពត់សូត្រសាច់ហ្មត់ខៃដទៃទៀតទិញមកពីអ៊ីតាលីតម្លៃរាប់ពាន់ផោន៕
តើអ្នកចង់សាកល្បងស្លៀកសំលៀកបំពាក់បែបនេះទេ?





