Play Now

វ៉ាង ស្រីណូ ប្រកាស​​រក​​អ្នក​​ថា​​នាង​​កើត​​មហា​រីក​​សុដន់​​ឲ្យ​​បង្ហាញ​​ភស្ដុតាង

ភ្នំពេញ : ជា​ញឹកញយ​ពាក្យ​ចចាម​អារ៉ាម​ ជំងឺ​មហារីក​សុដន់​ តែង​ហើរ​មក​បោក​ខ្ទប់​ ទៅ​លើ​​តារា​សម្តែង​ ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូង​ធំ​ នាង ​វ៉ាង​ ស្រីណូ។ ​បន្ទាប់​ពី​អវត្តមាន​ពី​សិល្បៈ​យ៉ាង​អាថ៌​កំបាំង​ជិត​២​ឆ្នាំ​នោះ ​ក៏​មាន​ផ្ទុះ​នូវ​ពាក្យ​លេច​ឮ​ថា​ តារា​វ័យ​២៥ឆ្នាំ​រូប​នេះ​ ត្រូវ​ជំងឺ​មហារីក​សុដន់ របស់​នាង​រើ​ឡើង​ហើយ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន​ទៀត​ ផង​។ នៅ​ក្រោម​ដំណឹង​ដ៏​គួរ​ឲ្យ​សង្វេគ​នេះ​ នាង​ វ៉ាង​ ស្រីណូ​បាន​បង្ហាញ​វត្ត​មាន​យ៉ាង​ក្រឡឺមៗ​ ជាមួយ​រូប​សម្រស់​ដ៏​ស្រស់​ ត្រកាល​ដដែល​ ខណៈ​ដែល​នាង​ ត្រូវ​អញ្ជើញ​ជា​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​របស់​លោក ស៊ុក សុភា និង​អ្នក​មេម៉ាយ​រូប​ស្រស់​មក​ពី​ដែន​កោះ​អូស្រ្តាលី ​ស៊ូ សូហ្សាណា កាល​ពី​យប់​ថ្ងៃទី​២២​ នៅ​កោះ​ពេជ្រ​។
 កន្លង​មក​រាល់​លើក​ដែល​ផ្ទុះ​នូវ​ព័ត៌មាន​នេះ​ មិន​ថា​តែ​ នាង​ទេ​ដែល​ចេញ​មុខ​មក​ ច្រាន​ចោល​ព័ត៌មាន​ចចាម​អារ៉ាម​នេះ​ សូម្បី​តែ​សាច់​ញាតិ​នាង​ក៏​ធ្លាប់​បាន​ចេញ​មុខ​មក​អះអាង​ថា​ ស្រីណូ​ គ្មាន​ថ្ងៃ​ ជំងឺ​មហារីក​សុដន​ មក​យាយី​នាង​បាន​ទេ ដោយ​នាង​មិន​ដែល​បាន​វះ​កាត់​ពង្រីក​ដើម​ទ្រូង​ឡើយ​។
យ៉ាង​ណា​មិញ​ព័ត៌មាន​ លេច​ឮ​ដ៏​គួរ​ឲ្យ​រន្ធត់​​នេះ​ អាច​រសាយ​ទៅ​វិញ​ នៅ​ក្រោម​ក្រសែ​ភ្នែក​មនុស្ស​មិន​ក្រោម​ពី​១០០០​នាក់​ ខណៈ​ដែល​ វត្តមាន​តារា​រូប​នេះ​ ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​កាល​ពី​ថ្ងៃ​ សុក្រ​ អាច​ជា​សារ​មួយ​ប្រាប់​ដល់​ទស្សនិកជន​ថា​ នាង​មិន​មាន​កើត​នូវ​ជំងឺ​មហារីក​ដេក​ដួល​ដូច​ជា​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ ។


បើ​ទោះ​យ៉ាង​ណា​តារា​សិចស៊ី ​ដែល​តែង​រង​នូវ​ព័ត៌មាន​ ចចាម​អារ៉ាម​ថា​មាន​ ជំងឺ​មហារីក​សុដន់​នោះ​ក៏​មិន​សូវ​ជា​សប្បាយ​ចិត្ត​នឹង​ព័ត៌មាន​ទាំង​នោះ​ ប៉ុន្មាន​ដែរ ដោយ​នាង​លើក​ឡើង​ថា៖​ «ពាក្យ​ចចាម​អារ៉ាម​ថា​ ខ្ញុំ​កើត​ជំងឺ​មហា​រីក​សុដន់​នេះ​ ដូច​ជា​មិន​មែន​តែ​ម្តង​ទេ​ ចំពោះ​ខ្ញុំ​ដូច​ជា​ញឹក​ញយ​ណាស់​ ហើយ​អ្នក​បង្កើត​ព័ត៌មាន​នោះ​ទៀត​ ​បើ​ទោះ​ជា​ដឹង​ថា ​ខ្ញុំ​គ្មាន​កើត​ជំងឺ​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​បង្កើត​ព័ត៌មាន​នេះ​ឡើង​ដែរ​»។
ដោយ​រោគ​មហារីក​សុដន់​នោះ​ ជា​ប្រភេទ​ជំងឺ​ប៉ះ​ពាល់​ដល់​កេរ្តិ៍ខ្មាស​ស្រ្តី​នោះ​ កញ្ញា​ វ៉ាង​ ស្រីណូ បាន​និយាយ​ទាំង​កំហឹង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ក្នុង​ជំនួប​ដ៏​ខ្លី​ក្នុង​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​កន្លង​ទៅ នេះ​ថា៖​ «ពាក្យ​ចចាម​អារ៉ាម​ថា​ ខ្ញុំ​កើត​ជំងឺ​មហារីក​សុដន់​ នេះ​ជា​ការ​មាក់​ងាយ​ដល់​ជីវិត​របស់​ខ្ញុំ​។ អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​អាក្រក់​បែប​នេះ ​គឺ​មាន​បំណង​យក​អាយុ​ជីវិត​របស់​ខ្ញុំ​ មក​លេង​សើច​»។
នាង​និយាយ​បែប​ទទូច​ទៀត​ថា​៖ «បើ​អ្នក​បញ្ចេញ​ពាក្យ​ចចាម​អារ៉ាម​នោះ ​គេ​ច្បាស់​ថា ​ខ្ញុំ​កើត​មហារីក​មែន​ យក​ឯកសារ​ភស្តុតាង​ មក​តទល់​គ្នា​ នោះ​នឹង​ដឹង​ថា​ពិត​ឬ​យ៉ាង​ណា​ហើយ​» ។
ជាមួយ​ការ​ទទូច​ទាមទារ​ចង់​ទល់​មុខ​នឹង​ប្រភព​បំប៉ោង​ព័ត៌មាន​បង្កាច់​ បង្ខូច​នោះ​ តារា​សម្តែង​រូប​នេះ​ក៏​បាន​បញ្ចេញ​នូវ​ពាក្យ​សំដី​ម៉ាត់ៗ​ថា​៖ «សម្រាប់​ខ្ញុំ គឺ​ខ្លួន​របស់​ខ្ញុំ​ នេះ​ហើយ​ជា​ភស្តុតាង​ គ្មាន​បរិវេណ​ណា​មួយ​នៃ​រាង​កាយ​របស់​ខ្ញុំ​មាន​បញ្ហា​សុខភាព​ទេ ហើយ​បើ​ខ្ញុំ​កើត​មហា​រីក​មែន​នោះ​ ខ្ញុំ​មិន​អាច​មក​ចូល​រួម​អាពាហ៍​ពិពាហ៍​លោក ស៊ុក សុភា​ បាន​ហើយ​ក៏​មិន​អាច​មក​ឈរ​និយាយ​ប្រាប់​កាសែត​យប់​នេះ​បាន​ដែរ»។
នាង​ក៏​បាន​បញ្ជាក់​ដែរ​ថា៖​ «ខ្ញុំ​មិន​មាន​គម្រោង​ប្តឹង​ទៅ​តុលាការ​ដើម្បី​រក​មុខ​អ្នក​ដែល​ប្រឌិត​ ព័ត៌មាន​នោះ​ទេ ​ដោយ​ខ្ញុំ​ក៏​ដូច​ជា​ ម៉ាក់​ប៉ា​ខ្ញុំ​គាត់​មិន​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ​ ហើយ​នាំ​តែ​ខាត​ពេលវេលា​រក​ស៊ី​ទេ។ រឿង​គេ​មាន​ទឹក​មាត់​និយាយ​ឲ្យ​គេ​និយាយ​ទៅ​ថ្ងៃ​ណា​មួយ​គេ​រួយ​មាត់​គេ​ នឹង​ឈប់​ឯង​ក៏​ថា​បាន​ដែរ​»។
គួរ​កត់​សម្គាល់​ថា ក្រៅពី វ៉ាង ស្រីណូ នៅ​មាន​សិល្បការិនី​មួយ​ចំនួន​ទៀត ដែល​គេ​កំពុង​ចាប់​អារម្មណ៍​តាម​ដាន​លើ​ដើម​ទ្រូង​របស់​ពួក​នាង ក្នុង​នោះ មាន ដូចជា កែវ នីសា កុល ដាវី ឆៃលី ដាឡែន ស៊ឹម ថៃណា និងតេង លក្ខិណា ជាដើម។
ចំណាប់​អារម្មណ៍​នោះ​កើត​ឡើង​ដោយ​សារ​គេ​សម្គាល់​ឃើញ​ដើម​ទ្រូង របស់​តារា​ស្រី​ទាំង​នេះ ហាក់​ដូចជា​ប្រែប្រួល​ពី​តូច​ទៅ​ជា​ធំ​ទៅៗ ខុស​ពី​ការ​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង។ ប៉ុន្តែ ក្នុង​ចំណោម​នោះ មាន​តែ​អ្នក​សម្តែង​ឆ្នាស​ឆ្នើម កុល ដាវី ម្នាក់​ប៉ុណ្ណោះ ដែល​ហ៊ាន​ទទួល​ស្គាល់​ថា នាង​បាន​វះកាត់​បញ្ចូល​ស៊ីលីកូន នៅ​ប្រទេស​ថៃ៕
- ប្រភព ភ្នំពេញប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now