រាជធានីភ្នំពេញ ៖ បន្ទាប់ពីរួមរស់ជាមួយគ្នាជាស្វាមីភរិយាអស់រយៈពេល១៣ឆ្នាំ ពេលនេះពិធីករដ៏មានប្រជាប្រិយម្នាក់របស់ស្ថានីយទូរទស្សន៍ CTN លោកអ៊ិត សេដ្ឋា និងភរិយាអ្នកស្រីស សុភាព បានឈានដល់ការលែងលះតាមផ្លូវតុលាការ ។
យោងតាមប្រភពព័ត៌មានមន្រ្តីតុលាការមួយរូបបានឲ្យដឹងថា សំណុំរឿងលែងលះរបស់លោកអ៊ិត សេដ្ឋា និងភរិយាបានមកដល់ដៃតុលាការយូរហើយដែលលិខិតនោះ គឺខាងភរិយារបស់លោកអ៊ិត សេដ្ឋា ជាអ្នកដាក់ពាក្យសុំលែងលះ ។ ប្រភពដដែលបន្តថា នៅថ្ងៃចន្ទទី២៥ មិថុនា ឆ្នាំ២០១២នេះ តុលាការកោះហៅលោកអុិត សេដ្ឋា ឲ្យចូលមកបំភ្លឺក្នុងករណីនេះ ក៏ប៉ុន្តែប្រហែលជាលោកមិនមកដោយផ្ទាល់ឡើយ គឺឲ្យមេធាវីរបស់លោកមកជំនួសវិញ ។

អ្នកស្រីស សុភាព ដែលជាភរិយាពេញច្បាប់របស់លោកអ៊ិត សេដ្ឋា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០១២ ថា បញ្ហាទាំងអស់នេះ អ្នកស្រីសុំមិននិយាយអ្វីច្រើនឡើយព្រោះត្រូវរង់ចាំការកាត់សេចក្តីរបស់តុលាការសិន ។
ទោះជាយ៉ាងណាតាមការអះអាងយ៉ាងដូច្នេះ របស់អ្នកស្រីស សុភាព គឺពិតជាអាចបញ្ជាក់យ៉ាងច្បាស់ថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកស្រីនិងលោកអុិត សេដ្ឋា ពិតជាដល់ផ្លូវបំបែកប្រាកដមែន ខណៈពេលដែលខាងតុលាការកំពុងតែដំណើរការក្នុងរឿងក្តីនេះ ។
ទាក់ទងបញ្ហានៃការលែងលះនេះដែរ លោក អុិត សេដ្ឋា ពិធីករទូរទស្សន៍ម្នាក់ដ៏មានប្រជាប្រិយបានអះអាងថា លោកមិនបានដឹងរឿងហេតុនៃការដាក់ពាក្យលែងលះរបស់ភរិយាលោកឡើយ។ លោកនិយាយហាក់ដូចជាអត់ដឹងរឿង ហើយលោកនៅតែបដិសេធថា លោកមិនមានការលែងលះជាមួយភរិយា ចំណែកព័ត៌មាននេះលោកក៏មិនដឹងថាចេញពីប្រភពណានោះទេ ។
ទោះបីជាលោកអ៊ិត សេដ្ឋា បានបដិសេធមិនព្រមទម្លាយរឿងនេះឲ្យគេឯងដឹងក៏ដោយ ក៏គេអាចសន្និដ្ឋានថា រឿងលែងលះនេះលោកពិតជាបានដឹង គ្រាន់តែលោកប្រហែលជាខ្មាសគេ មិនហ៊ាននិយាយពេលនេះប៉ុណ្ណោះ ព្រោះលោកអាចនឹងរង់ចាំមើលនីតិវិធីរបស់តុលាការ ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះដែរ បើយោងតាមសាក្សី ម្នាក់ជានារីដែលជិតស្និទ្ធនឹងភរិយារបស់លោកអិុត សេដ្ឋា បានបង្ហើបឲ្យដឹងថា តាមពិតរឿងហេតុលែងលះរបស់លោកអ៊ិត សេដ្ឋា និងភរិយាពិតជាបានកើតឡើងមែន ហើយពាក្យបណ្តឹងលែងលះនោះក៏បានបញ្ជូនទៅកាន់តុលាការហើយដែរ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលឈានដល់ការលែងលះនេះ គឺកើតឡើងដោយសារទំនាស់ ពោលគឺការរស់នៅហាក់មិនចុះសម្រុងនឹងគ្នា ដែលបញ្ហានេះបានកើតឡើងប្រហែលជាជិតមួយឆ្នាំមកហើយ។ ប្រភពបន្តថាចាប់តាំងពីមានទំនាស់គ្នាមកលោកអុិត សេដ្ឋា និងភរិយាមិនបានរស់នៅជុំគ្នាឡើយ គឺរស់នៅបែកគ្នារៀងៗខ្លួន ដោយកូនៗបានទៅរស់នៅជាមួយនឹងភរិយារបស់លោកទាំងអស់ ។
គួរបញ្ជាក់ថាលោកអ៊ិត សេដ្ឋា គឺជាពិធីករដ៏មានប្រជាប្រិយក្នុងប្រទេសកម្ពុជាដែលលោកបានប្រឡូកក្នុងអាជីពនេះ តាំងពីទសវត្សរ៍ទី៩០ ចាប់តាំងពីទូរទស្សន៍ IBC រហូតដល់បច្ចុប្បន្ន គឺជាពិធីករប្រចាំទូរទស្សន៍ CTN។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីស សុភាព នៅក្នុងឆ្នាំ១៩៩៩ ដែលបច្ចុប្បន្ន មានកូនចំនួន៣នាក់ គឺស្រី២ ប្រុស១។ លោកអ៊ិត សេដ្ឋា បានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតលើមុខជំនាញគ្រប់គ្រងសាធារណៈ ៕
- ប្រភព កោះសន្តិភាព