Play Now

តារា​​ចម្រៀង​​វ័យ​​ក្មេង សុខ ពិសី បន្ត​​បាត់​​ខ្លួន​​ទាំង​​មន្ទិល

ភ្នំពេញៈ មក​ទល់​នឹង​ពេល​នេះ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ ដែល​ធ្លាប់​តែ​បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​រណ្តំ​ នាង សុខ ពិសី នៅ​តែ​បន្ត​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ដដែល បើ​ទោះ​បី​ជា​មាន​ប្រភព​ជា​ច្រើន​បាន​អះអាង​ខុស​ៗ​គ្នា​ពី​វត្ត​មាន​របស់​ នាង​ក៏​ដោយ ដែល​ខ្លះ​ថា នាង​ទៅ​អាមេរិក ខ្លះ​ថា នាង​ចេញ​ទៅ​រៀន​សូត្រ​ផ្នែក​កែ​សម្ផស្ស​នៅ​ប្រទេស​សិង្ហបុរី ហើយ​ខ្លះ​ទៀត​ថា នាង​នៅ​ក្នុង​ស្រុក​ខ្មែរ​។


ការ​បាត់​ខ្លួន​ សុខ ពិសី ពី​ឆាក​តន្ត្រី ត្រូវ​បាន​គេ​មើល​ ឃើញ​ថា​មាន​រយៈ​ពេល​ ជាង​មួយ​ខែ​មក​ហើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ យ៉ាង​ខ្លាំង ខណៈ​ដែល​សុខ​ៗ​តារា​ក្នុង ​បេះដូង​រូប​នេះ​បាត់​ខ្លួន​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​សូម្បី​ បន្តិច​​នោះ​។

កាល​ពី​ប្រមាណ​ជាង​មួយ​ខែ​មុន ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​សាច់​សខ្ចី សុខ ពិសី ធ្លាប់​ឲ្យ​ដឹង​ថា សុខ ពិសី គ្រោង​នឹង​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​កន្លង​បាន​ប៉ុន្មាន​សប្តាហ៍ តារា​រូប​នេះ​ក៏​មិន​មាន​វត្តមាន​នៅ​អាមេរិក​ដែរ​ ពោល​គឺ​អ្វីៗ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​បង្ហើរ​ចោល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​បែរ​ជា​អវត្តមាន​ពី​ឆាក​តន្ត្រី​យ៉ាង​ស្ងប់​ស្ងាត់​។
ជុំវិញ​ភាព​មន្ទិល​នៃ​ការ​បាត់​មុខ​គួរ​ឲ្យ​សង្ស័យ​នេះ បែរ​ជា​នៅ​ពេល​នេះ មាន​ប្រភព​ពីរ​បាន​អះ​អាង​ផ្សេងៗ​គ្នា​។ ប្រភព​នៅ​កន្លែង​បម្រើ​ការងារ​របស់​នាង​បាន​អះអាង​ថា តារា​ចម្រៀង​ជ្រក​ក្រោម​ទ្រនំ​យ៉ាង​សុខសាន្ត​របស់​ផលិតកម្ម​សាន់ដេ សុខ ពិសី បាន​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​កាល​ពី​មួយ​ខែ​មុន​នេះ ហើយ​នាង​នឹង​ចំណាយ​ពេល​យូរ​គួរ​សម​នៅ​ប្រទេស​មួយ​នោះ ដើម្បី​ហាត់​រៀន​ពី​វិធី​កែសម្ផស្ស​បែប​ទំនើប។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​គ្រប់គ្រង​របស់​នាង បែរ​ជា​ថ្មី​នេះ មាន​ប្រភព​មួយ​បាន​អះអាង​ថា រូប​គេ​បាន​ឃើញ​វត្ត​មាន​របស់​តារា​ចម្រៀង​នាង សុខ ពិសី បើក​រថយន្ត​ទំនើប​យ៉ាង​ត្រជាក់​ចិត្ត​នៅ​រាជធានី​ភ្នំពេញ។
ពាក់​ព័ន្ធ​នឹង​មន្ទិល​នៃ​ការ​បាត់​ខ្លួន​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ ​ឈរ​លំដាប់​កំពូល​រូប​នេះ លោក ឡាយ សុខ​ចំរើន នាយក​គ្រប់គ្រង​ផលិតកម្ម​សាន់ដេ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ សុខ ពិសី កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហ​បុរី​ ជាមួយ​នឹង​គ្រួសារ​របស់​នាង​។ លោក​បាន​បន្ត​ថា សុខ ពិសី មិន​មាន​បាត់​ខ្លួន​ទៅ​ណា​ឡើយ តែ​អវត្តមាន​របស់​នាង​នៅ​ពេល​នេះ គឺ​ជា​ការ​ចំណាយ​ពេល​ដើម្បី​ពង្រឹង​អាជីព​របស់​ខ្លួន​ទៅ​វិញ​។
ម្ចាស់​ផលិត​កម្ម​សាន់ដេ​រូប​នេះ​បាន​និយាយ​ថា៖«​សុខ ពិសី គាត់​បាន​ដាក់​ច្បាប់​មក​ក្រុមហ៊ុន​សុំ​ច្បាប់​ពី​ការ​ងារ​រយៈ​ពេល​៣​ខែ ដោយ​នាង​បាន​បញ្ជាក់​ថា នាង​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​រៀន​ពី​វិជ្ជា​កែ​សម្ផស្ស។ ខ្ញុំ​មិន​ច្បាស់​ដែរ តែ​ប្រហែល​ជា​នាង​កំពុង​ស្ថិត​នៅ​ទីនោះ​ជាមួយ​នឹង​គ្រួសារ​គាត់ ព្រោះ​ភាគ​ច្រើន​គាត់​ទៅ​ណា​មក​ណា​ជាមួយ​គ្រួសារ​»។
ទន្ទឹម​នឹង​ការ​អះអាង​ថា សុខ ពិសី កំពុង​ស្ថិត​នៅ​យ៉ាង​ស្ងប់ស្ងាត់​នៅ​ប្រទេស​សិង្ហបុរី​នោះ ក៏​មាន​ការ​លើក​ឡើង​របស់​ប្រភព​មួយ​ថា តារា​រូប​នោះ​អាច​នឹង​សំងំ​លាក់​ខ្លួន​ព្យាបាល​ជំងឺ​អាលាក់​ស៊ី​ស្បែក​ធ្ងន់ធ្ងរ​របស់​នាង ប៉ុន្តែ​ការ​បង្ហើប​ប្រាប់​នេះ​បែរ​ជា​ត្រូវ​បាន​លោក ឡាយ សុខ​ចំរើន​ បដិសេធ​ជា​ថ្មី​ម្តង​ទៀត​។
លោក​បាន​អះអាង​បញ្ជាក់​ថា មិន​មាន​រឿង​អាក្រក់​បែប​នេះ​កើត​ឡើង​ចំពោះ​តារា​ចម្រៀង សុខ ពិសី ដ៏​ស្រស់​ស្អាត​នោះ​ឡើយ​។
លោក​និយាយ​ថា៖​«​មុន​ហ្នឹង​ខ្ញុំ​ដូច​ជា​មិន​បាន​ដឹង ហើយ​ក៏​មិន​បាន​ឃើញ គាត់​មាន​កើត​ជំងឺ​នេះ​ដែរ និយាយ​ទៅ​គឺ​គាត់​អត់​មាន​ជំងឺ​បែប​នេះ​ទេ គាត់​ទៅ​រៀន​ជំនាញ​តែ​ប៉ុណ្ណោះ ព្រោះ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​គ្រោង​នឹង​បើក​ហាង​កែ​សម្ផស្ស​ធំ​មួយ​»។
ទោះ​មាន​ការ​អះអាង​ស្ទើរ​ច្បាស់​ការណ៍​១០០​ភាគរយ​ថា សុខ ពិសី ពិត​ជា​ស្ថិត​នៅ​លើ​ដែន​ដី​​សិង្ហ​បុរី​ក៏​ដោយ តែ​មិន​ប្រាកដ​ថា ការ​និយាយ​ក្តែង​ៗ​នោះ ជា​ការ​ពិត​នោះ​ដែរ ខណៈ​ពេល​ថ្មី​​ៗ​នេះ គេ​បាន​ឃើញ​វត្ត​មាន​តារា​ចម្រៀង​នាង សុខ ពិសី បើក​រថយន្ត​ម៉ាក​ទំនើប​ពេញ​រាជធានី​ភ្នំពេញ​នោះ​។
សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ដោយ​យោង​តាម​ប្រភព​ឃើញ​ច្បាស់​ ផ្ទាល់​នឹង​ភ្នែក​ថា គេ​បាន​ឃើញ​សុខ ពិសី បើក​រថយន្ត​ទំនើប​ម៉ាក Rang Rover ពណ៌​ស​ឈប់​នៅ​ស្តុប​បូកគោ ខណៈ​ពេល​មាន​ការ​អះអាង​ថា នាង​កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះ​ជំនាញ​ ផ្នែក​កែ​សម្ផស្ស​នោះ​។ ប្រភព​នោះ​បញ្ជាក់​ថា រូប​គេ​ប្រាកដ​ណាស់​ នោះ​គឺ​សុខ ពិសី ១០០​ភាគរយ​។​
ទន្ទឹម​នឹង​ការ​និយាយ​ថា សុខ ពិសី សំងំ​នៅ​ស្រុក​ខ្មែរ​នេះ លោក ស៊ឹម សុរ៉ាម​ភូមិ ដែល​ជា​អ្នក​ជិត​ដិត​បំផុត​របស់​សុខ ពិសី បាន​ឲ្យ​ដឹង​ថា សុខ ពិសី មិន​បាន​ចេញ​ទៅ​ក្រៅ​នោះ​ទេ តែ​លោក​បាន​បញ្ជាក់​ថា លោក​មិន​សូវ​បាន​ជួប​នឹង​ សុខ ពិសី ទេ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។
ទោះ​បី​ជា​យ៉ាង​ណា ការ​បាត់​មុខ​ សុខ ពិសី នេះ នៅ​តែ​ស្ថិត​ជា​ចម្ងល់​នៅ​ឡើយ ហើយ​គេ​កំពុង​រង់ចាំ​ថា នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ សុខ ពិសី នឹង​បកស្រាយ​បែប​ណា​ប្រាប់​ទស្សនិកជន៕
- ប្រភព ភ្នំពេញប៉ុស្តិ៍

សូមជួយផ្តល់មតិ និងចែករំលែក

Play Now