Play Now

អ៊ុំ គ​ន្ធា ធ្លាក់ខ្លួន​រាវ​ខ្ចៅខ្យង​លក់​

​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ អ្នកនាង​អ៊ុំ គ​ន្ធា ដែលជា​តារាចម្រៀង យេៗ ចូលចិត្ត​ស្លៀកខោ​ខ្លី បញ្ចេញ​គល់ភ្លៅ ស​ត្រសូល​ដូច​បណ្តូលចេក និង​អាច​រកចំណូលបាន​ខ្ពស់ រហូត​ទិញ​ផ្ទះ​បាន​ពីរ​បី​កន្លែង​នោះ ស្រាប់តែ​ធ្លាក់ខ្លួន នាំ​កូន​ចុះ​រាវ​ខ្ចៅខ្យង លក់​ចិញ្ចឹមជីវិត​គួរឱ្យ​សង្វេគ​។ អ្នក​ដែល​ធ្លាប់​ស្គាល់ អតីតកាល​របស់​នាង សុទ្ធតែ​លើកដៃ​គក់ទ្រូង រកពុទ្ធោ គ្រប់គ្នា ដែល​ពុំ​គួរណា​ឆាកជីវិត​នាង ធ្លាក់​ដល់​ឋាន បាតាល​យ៉ាងនេះ​សោះ​…​។​

​ក្នុងឱកាស​បាន​ជួប​អ្នកយកព័ត៌មាន​យើង​ដោយ​ចៃដន្យ នៅ​មាត់បឹង​បា​យ៉ាប អ្នកនាង​អ៊ុំ គ​ន្ធា អាយុ​៣២ ឆ្នាំ សព្វថ្ងៃ​សម្ងំ​លាក់​ប្រាណ ជ្រក ក្រោម​នឹម​ទុរគត នៅ​ភូមិ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ភ្ជាប់​ដោយ​ភាព​ក្តុកក្តួល ដោយមាន​យួរ​ធុង​ដាក់​ខ្ចៅខ្យង​ផង​ថា នាង​មាន​ឪពុក​ឈ្មោះ អ៊ុំ សុផាត អាយុ​៧៥ ឆ្នាំ ជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ចូលនិវត្តន៍ ម្តាយ ឈ្មោះ​អ៊ុង ស៊ីនួន អាយុ​៦៨​ឆ្នាំ នាង​ជា កូន​ទី​៥ ក្នុងចំណោម​បងប្អូន​៦​នាក់​។ នាង​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៥ ក៏​ឈប់ រួច​បាន​ចូល ច្រៀង​ក្នុង​វង់​តន្ត្រី​មួយ នៅ​ភោជនីយដ្ឋាន​ផ្ការាំទឹករាំ ដែល​កាលនោះ រូបនាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៩៦ នាង​បាន ដាក់ពាក្យ​ចូល​ប្រលង​ចម្រៀង ជាមួយ​បងស្រី​ភ្លោះ ដែល​សព្វថ្ងៃ គាត់​ទៅ​រស់​នៅឯ​ប្រទេស​កាណាដា និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ រហូតដល់​មាន​ផលិតកម្ម​តូចធំ និង​ស្ថានីយទូរទស្សន៍​នានា អញ្ជើញ​នាង​ឱ្យចូល​សម្តែង​លើ​ឆាក និង​ថត បទ​ចម្រៀង​កាយវិការ​។ តាំងពី ពេល​នោះមក នាង​ក៏​ក្លាយជា តារាចម្រៀង​ល្បី​យ៉ាង​ឆាប់រហ័ស រហូតដល់​ជាប់​ឈ្មោះថា ជា​តារាចម្រៀង​សិច​ស៊ី ដោយសារតែ​នាង​ហ៊ាន លះបង់​តាមរយៈ​ការ​ស្លៀកពាក់​លេច​លើ លេច​ក្រោម​។ នាង​ល្បីឈ្មោះ​បាន​៣​ឆ្នាំ ក៏បាន​ជួប តារាចម្រៀង​ប្រុស​ម្នាក់ គឺ​លោក​ផាន សុផាត ហើយ​តាំងពី​ពេល​នោះមក ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា រហូត​ក្លាយជា​ប្តី​ប្រពន្ធ អត់​ខាន់ស្លា​។ ពួកនាង​ចាប់ដៃគ្នា​ប្រឡូក ក្នុង​អាជីព​សិល្បៈ ដោយ​បង្កើត បានកូន​ប្រុស​២​នាក់ ជា​ចំណងដៃ​និស្ស័យ​ស្នេហ៍ ប៉ុន្តែ បាន​លែងលះ គ្នា​នៅ​ឆ្នាំ​២០០៦ បន្ទាប់ពី​ផ្អែម ល្ហែម​ជាមួយគ្នា​បាន​៨​ឆ្នាំ​។​

​អ្នកនាង​អ៊ុំ គ​ន្ធា រៀប​រាប់ទាំង​ក្តុកក្តួល​ទៀតថា កាល​នៅ​ជាមួយ​ប្តី គឺ​ពួកនាង​រកលុយ​បាន​ណាស់ រហូត​ទិញ​ផ្ទះ​បាន​២​កន្លែង ដោយមាន រថយន្ត​Honda 96 ជិះ​ទៅធ្វើ​ការ​យ៉ាង​សង្ហា​។ ក្រៅពីនេះ នាង​ក៏មាន​សល់​ប្រាក់ ធ្វើ​ជំនួញ​ទៀតផង ប៉ុន្តែ ក្រោយ​បែកបាក់​គូស្រករ អ្វីៗ ក៏​រលាយ​ដូច​អំបិល ត្រូវ​ទឹក ដោយ​ផ្ទះ​វីឡា និង​ដីធ្លី​ត្រូវ​លក់​ចែកគ្នា​ជាមួយ​ប្តី​។ លុយ​ដែល​នៅសល់ នាង​ក៏​យកទៅ​ទិញ​ផ្ទះមួយ​ទៀត​នៅ ម្តុំ​ផ្សារ​មាន់​អាំង ប៉ុន្តែ មិនដឹង​ជា​កម្ម​អ្វី ក៏​ចាញ់បោក​បុរស​ម្នាក់ អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ​។ សព្វថ្ងៃ ឆាកជីវិត​នាង និង​កូនប្រុស​ទាំង​២ ជាទី​ស្រលាញ់​ធ្លាក់ខ្លួន​ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ជ្រកកោន​ក្នុងផ្ទះ​គេ ណាមួយ​ខ្លួន​នាង​មាន​ជំងឺ​ផង មិនអាច​ធ្វើការ​ធ្ងន់​បានឡើយ​។ ប្រឈម​នឹង​បញ្ហា​ជីវិត នាង​ត្រូវ​បង្ខំចិត្ត​នាំ​កូន​ចុះ​រាវ​ខ្ចៅខ្យង និង​ដក​ព្រលិត បេះ​ត្រកួន​ក្នុង​បឹង​បា​យ៉ាប យកទៅលក់​។ នាង​តូច​ចិត្តនឹង វាសនា​ណាស់ តើ​ពី​ជាតិ​មុន នាង​បាន​សាង​កម្ម​ពៀរ​អ្វី បានជា​ជាតិ​នេះ ធ្លាប់​ល្បីល្បាញ​ឡើង​កប់​ពពក បែរជា​ជ្រក​អាចម៍​ជន្លេន យ៉ាងនេះ​? នាង​មិន​អង្វរ​អតីត​ស្វាមី​ឱ្យ​មេត្តា​នាង​ទេ តែ​នាង​អាណិតកូន បើសិនជា​នាង​ស្លាប់​ពីលើ​លោក​នេះ​ទៅ តើ​វាសនា​ពួកគេ នឹង​ក្លាយជា​យ៉ាងណា​? ឧទាន​មកដល់​ត្រឹមនេះ ស្រាប់តែ​អតីត​តារាចម្រៀង​ខ្ទប់​មុខ​យំ គួរឱ្យ​សង្វេគ​ជា​ពន់ពេក និយាយ​ទៅមុខ​លែងរួច ទំនងជា​ក្នុង​ឱរា​នាង​ខ្ទេចខ្ទាំ​អស់​ទៅហើយ​។​

​ដោយឡែក កុមារា ផាត សុ​ពេជ្រ អាយុ​១២​ឆ្នាំ និង​កុមារា​ផាត សុវណ្ណ អាយុ​១១​ឆ្នាំ ជា​កូន​អ្នកនាង​អ៊ុំ គ​ន្ធា និង​លោក​ផាន សុផាត បាន​យំ​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​គួរឱ្យ​រន្ធត់​ថា “​ពូ​អើយ​! គ្រួសារ​ខ្ញុំ​សព្វថ្ងៃ រកលុយ​ទិញ​អង្ករ​ដាំបាយ​ញ៉ាំ​ស្ទើរ​មិនបាន​ផង ព្រោះ​ម៉ាក់​គាត់​ឈឺ ធ្វើការ​ធ្ងន់​មិនកើត បាន​ត្រឹម​ចុះ​រាវ​ខ្ចៅខ្យង​ប៉ុណ្ណោះ​! សព្វថ្ងៃ ពួក​ខ្ញុំ​ដើរ​រើស​អេតចាយ​ផង ចុះ​បេះ​ត្រកួន​ផង រាវ​ខ្ចៅ​ផង ដើម្បី​ផ្សែផ្សំ​យកលុយ​ទិញ​អង្ករ និង ទុក​ទៅ​រៀន​! សព្វថ្ងៃ ម៉ាក់​នាំ​ពួក​ខ្ញុំ​មកសុំ​ផ្ទះ​មីង​ជ្រកកោន ទម្រាំ​មានផ្ទះ​នៅ​ខ្លួនឯង ជីវិត​បងប្អូន​ខ្ញុំ​អភ័ព្វ​ណាស់​ពូ​!”​។​

​កុមារា​សុ​ពេជ្រ បញ្ជាក់​ដោយឡែក​ថា “​ខ្ញុំ​គ្មាន​សង្ឃឹមថា បាន​ផ្ទះ​នៅ​វិញ​ទេ ព្រោះ​ម៉ាក់​ឈឺ​ធ្ងន់ ទើបនឹង​ចេញពី​ពេទ្យ​របេង​ប៉ុន្មាន​ថ្ងៃនេះ​។ ខ្ញុំ​ធ្លាប់​ទូរស័ព្ទ​ទៅ​ប៉ា​ដែរ តែ​គាត់​មិន​ព្រម​លើក​ទូរស័ព្ទ​សោះ ប្រហែលជា​គាត់​ស្អប់​ខ្ញុំ និង​ប្អូន បានជា​មិន​ព្រមឆ្លើយ​ឆ្លង​ជាមួយ​កូន​! តើ​ពួក ខ្ញុំ​មាន​កំហុស​អ្វី បានជា​ប៉ា​មិន​រាប់រក​បែបនេះ​? ខ្ញុំ ខ្មាស​គេ​ណាស់​ពូ ស្ទើរតែ​លែង​ហ៊ាន​ទៅ​រៀន​ទៅហើយ​!”​។​

​ចំណែក លោកតា​អ៊ុំ សុផាត និង​លោកយាយ​អ៊ុង ស៊ីនួន ជា​ឪពុកម្តាយ បានឱ្យដឹង​ស្របគ្នា​ថា ពួកគាត់​មិន បន្ទោស​កូនប្រសា​នោះទេ (​ផាន សុផាត​) ចំពោះ​រឿងរ៉ាវ​កន្លងមក​។ ទោះជា​យ៉ាងនេះ​ក្តី សព្វថ្ងៃ ពួកគាត់​ចាស់ៗ ណាស់​ហើយ ឯ​កូនស្រី​អ៊ុំ គ​ន្ធា ក៏មាន​ជំងឺ​រក ស៊ី​ចិញ្ចឹម​កូន​លែង​បាន ដូច្នេះ​គួរតែ​ផាន សុផាត ជួយ​មើល​ការខុសត្រូវ​តំណក់ឈាម​របស់ខ្លួន​ផង​។ ពួកគាត់​មិន​ទាមទារ​ឱ្យ​កូន​ទាំង​២ ជួបជុំគ្នា​វិញ​ទេ គ្រាន់តែ​សុំឱ្យ​កូនប្រសា នោះ​តាំងខ្លួន​ជា​ឪពុក​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ផង ព្រោះ​ចៅ​ទាំង​២ គ្មាន​កំហុស​ទេ បើ​ខឹង ស្អប់​ប្រពន្ធ គួរ​កុំ​ខឹង​ដល់​កូន​។​

​រីឯ​អ្នកជិតខាង​មួយចំនួន បានឱ្យដឹង​ស្របគ្នា​ថា ពួកគាត់​សែន​អនិច្ចា​ជា​ពន់ពេក ពុំគួរ​ឆាកជីវិត​អ៊ុំ គ​ន្ធា តារា​យេៗ ធ្លាក់ខ្លួន​ដល់​ថ្នាក់​រើស ខ្យង​ខ្ចៅ​លក់​យ៉ាងនេះ​។ ពួកគាត់​តែង​ជួយ​និយាយ​លើកទឹកចិត្ត កុំឱ្យ​អស់សង្ឃឹម​ក្នុង​ជីវិត ព្រោះ​ជីវិត​គឺជា​ការតស៊ូ កង់​ត្រាច កង់​ធ្នង់ មិនត្រូវ​ជាន់ក​គ្នា​ពន្លិចទឹក​នោះទេ​។ ពួកគាត់ សង្ឃឹមថា តារា​ល្បីៗ ស្រករ​ក្រោយនេះ ដែល​កំពុង​រកលុយ​បាន គង់តែ​មើលឃើញ​ដល់ អ៊ុំ គ​ន្ធា ជាមិនខាន ដោយ​មិន​ទុកឱ្យ​នាង​រស់ក្នុង​ជ្រោះ​ទឹកភ្នែក​យ៉ាងនេះ​ទេ ព្រោះថា ការជួយ​គ្នា​ក្នុង​គ្រាក្រ គឺជា​ការជួយ​ដ៏​ឧ​ត្ត​ម​៕​

ប្រភព: អង្គរធំ មេឌា

សូមជួយផ្តល់មតិ និងចែករំលែក

Play Now