Play Now

តុលាការ សម្រេច​បណ្តេញ​ស្ត្រី​ចិន ដែល​ហែក ​រូបថត​សម្តេច​ព្រះមហាវីរក្សត្រ ចេញពី​កម្ពុជា​

ភ្នំពេញ: ចៅក្រម តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស ស្ត្រី​ចិន​ម្នាក់ ដាក់គុក ១ ឆ្នាំ តែ​ត្រូវ​ព្យួរ​ទោស រួច​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​។ ស្ត្រី​ចិន ដែល​ជា​មេការ​នៅ​រោងចក្រ​កាត់ដេរ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាប់ចោទ​ក្នុង​រឿង​ហែក​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២ លោក សេង នាង ចៅក្រម​ជំនុំជម្រះ​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស ស្ត្រី​ចិន ជា​មេការ​រោងចក្រ​កាត់ដេរ ដែល​ខឹង​នឹង​កម្មករ រួច​ចាប់​កន្ត្រាក់ ហែក​ចោល និង​កាត់​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាវីរក្សត្រ​។​

​បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ ចាប់តាំងពី​ម៉ោង ២ រសៀល រហូត​ដល់​ព្រលប់​ថ្ងៃនេះ ចៅក្រម​បាន​សម្រេច​ដាក់ពន្ធនាគារ ១​ឆ្នាំ តែ​ព្យួរ​ទាំងអស់ និង​ពិន័យ​ជា​ប្រាក់ ២ លាន ៥ សែន​រៀល ពី​បទ​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​ព្រះ​ឆាយា​លក្ខណ៍ ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ​។ ចៅក្រម​ក៏បាន​សម្រេច​បណ្តេញ​ស្ត្រី​ចិន​នោះ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយយោង​តាម​មាត្រា ៤១០ ,១០៧ និង​៤២២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ស្ត្រី​ជនជាតិ​ចិន​រូបនោះ ឈ្មោះ វ៉ាង សៀវ​ជីវ ( Wang Zia Chao ) អាយុ ៤១​ឆ្នាំ ជា​មេការ​រោងចក្រ​កាត់ដេរ ថប​វើល​ដ៍ ហ្គា​មែន (​ខេ​ម​បូ​ឌ៊ា​) អិល​ធី​ឌី​។ ស្ត្រី​ចិន​នោះ ត្រូវ​បាន​​អាជ្ញាធរ និង​ប៉ូលិស​រាជធានី​ភ្នំពេញ ចាប់​វ៉ៃខ្នោះ នាំខ្លួន​មក​សាកសួរ​ករណី​ហែក និង​កាត់​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២​។ ស្ត្រី​ចិន​នោះ ត្រូវបាន​ប៉ូលិស​បញ្ជូន​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ហើយ​តុលាការ​ក៏​បាន​បើក​សវនាការ នៅ​ពេល​រសៀល ដើម្បី​បិទ​បញ្ចប់​សំណុំរឿង​ក្តី​ដ៏រ​ស៊ើប​នោះ​។​

​គួររំលឹកថា កម្មករ​កម្មការិនី នៅ​រោងចក្រ​កាត់ដេរ ថប​វើល ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ បាននាំគ្នា​ទៅ​មើលរូប​ព្រះ​ឆាយា​លក្ខណ៍​សម្តេច​តា ក្នុង​ម៉ោង​ធ្វើការ ក្នុង​រោងចក្រ នាំ​ឲ្យ​ស្ត្រី​មេការ​ជនជាតិ​ចិន ទប់​អារម្មណ៍​ខឹង​មិនបាន ក៏​ចាប់​ហែក​ចោល​នូវ​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ​។​

​ក្រោយ​ហេតុការណ៍​នោះ នាំ​ឲ្យ​កម្មករ កម្មការិនី​ជិត ១.០០០ នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២៕​

ប្រភព: សារព័ត៌មាន CEN


សូមជួយផ្តល់មតិ និងចែករំលែក

Play Now