ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួរបានរាយការណ៍ថា ក្រុមអ្នកសិក្សាស្រាវជ្រាវ អាមេរិក បានលើកឡើងថា តែបៃតងអាចជួយបន្ថយ ការឡើងទម្ងន់ និង ជូយប្រយុទ្ធប្រឆាំងនឹងការដុះក្បាលពោះទៀតផង។
បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារនៅសាកលវិទ្យាល័យ US Pennsylvania State University បានឲ្យដឹងថា ពួកកណ្តុរធាត់ៗដែលគេដាក់ឲ្យស៊ីនូវសមាសធាតុចំណីដែលមាននៅក្នុងតែពណ៌បៃតង រួមជាមួយចំណីដែលមានសារជាតិខ្លាញ់ខ្ពស់ មានការឡើងទម្ងន់យឺតជាងក្រុមកណ្តុរដែលមិនបានទទួលនូវសារជាតិតែពណ៌បៃតង ។
លោក JoshuaLambert ជំនួយការសាស្ត្រាចារ្យនៃវិទ្យាសាស្ត្រចំណីអាហារក្នុងវិស័យវិទ្យាសាស្ត្រកសិកម្មត្រូវបានដកស្រង់សម្តីដោយនិយាយថា "នៅក្នុងការធ្វើពិសោធន៍នេះ យើងមើលឃើញថាអត្រានៃការកើនឡើងទម្ងន់រាងកាយមានការថយចុះ" ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញឲ្យដឹងនូវលទ្ធផលស្រាវជ្រាវរបស់ពួកគេនៅក្នុងទំព័រអនឡាញមួយនិយាយអំពី ការដុះក្បាលពោះ ឬ ភាពធាត់ហួសប្រមាណ (Obesity) កាលពីថ្ងៃអង្គារ។
ពួកគេបានផ្តល់នូវចំណីដែលមានសារជាតិខ្លាញ់ខ្ពស់ទៅឲ្យក្រុមកណ្តុរចំនួន២។ ក្រុមកណ្តុរដែលត្រូវផ្តល់នូវសមាសធាតុចំណីដែលមានជាតិ Epigallocatechin-3-gallate ឬ EGCG ដែលមាននៅក្នុងតែពណ៌បៃតងភាគច្រើន រួមផ្សំជាមួយនឹងអាហារដែលមានសារជាតិខ្លាញ់ខ្ពស់ មានការឡើងទម្ងន់ ៤៥ ភាគរយតិចជាងក្រុមកណ្តុរដែលស៊ីនូវចំណីដូចគ្នាតែគ្មាន EGCG៕